រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងសម្រាប់ពលរដ្ឋ ដែលចង់ធ្វើដំណើរកម្សាន្ត ទៅកាន់ខេត្តទិសឦសានតាមរយៈជិះរថយន្តក្រុងរបស់រដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដោយធ្វើដំណើរមិនគិតថ្លៃ ដើម្បីកាត់បន្ថយការចំណាយថវិកា និងធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការទៅជួបជុំ ឳពុកម្ដាយ បងប្អូន បានសប្បាយនាពេលបុណ្យភ្ជុំបិណ្ឌរបស់យើង ។
ថ្លែងក្នុងឱកាសអញ្ចើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅក្នុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង រហូតទៅដល់ជិត៥០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងទទួលបាន ឱកាសឈប់សម្រាកពីការងារ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ដូចដែលធ្លាប់បានធ្វើអស់រយៈកាល ជាយូរមកហើយ ។ ម្យ៉ាងវិញទៀត មានរថយន្តពិសេសចំនួន ៥៦គ្រឿង សម្រាប់ធ្វើដំណើរទៅកាន់ខេត្តនៃ ទិសឦសាន មានដូចជាខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលសុទ្ធតែបម្រើ ជូនពលរដ្ឋ ដោយឥតគិតថ្លៃទាំងទៅទាំងមក និងថែមទាំងមានការរៀបចំជាទឹកពិសាថែមទៀតផង ។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានបញ្ជាឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកដែលបើកបរជាមួយស្ថានភាពស្រវឹងក្នុងខ្លួនផងដែរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ