រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មករា ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ចូលរួមជាង៥០០នាក់ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សអោយបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះ អោយបានគង់វង់ ។
ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើង នៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀន អនុវត្តអោយបានល្អផងដែរ ។
ពាក់ព័ន្ធបញ្ហាសំរាម ក្នុងទីក្រុង លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារៀនរដ្ឋ កន្លងមក ធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។ សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋ នឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្លៃសំរាម មានចំនួនប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើអោយយើងនៅខាតបង់ក្នុងការបង់សំរាម ឱ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង។ បើការបង់សំរាម ពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយ នោះយើងនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅអោយក្រុមហ៊ុន ទាំង៣ឡើយ ហើយយើងក៏អាចដោះស្រាយ ដោយមិនអោយនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ ។
លោក ឃួង ស្រេង បានបន្តទៀតថា នៅឆ្នាំ២០២៩ ប្រទេសកម្ពុជាយើងនឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន ។
ក្នុងឱកាសនោះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃកន្លះ នៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ យើងសម្រេចបានលទ្ធផលចំនួន ៦ចំណុច លើ៦វិស័យ ក្នុងនោះ រួមមាន ៖
១-អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។
២-អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅ កម្រិតបឋមសិក្សា។
៣-អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។
៤-អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។
៥-អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១។
៦-អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ ៖ ការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត ៕
ចែករំលែកព័តមាននេះ