ទីក្រុងប៉េកាំង៖ នៅទីបំផុត នារីវ័យក្មេងជនជាតិចិនដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅពេលធ្វើដំណើរទៅប្រទេសថៃនោះត្រូវគេរកឃើញវិញហើយ ហើយបានវិលត្រឡប់ទៅដល់មាតុភូមិវិញដោយសុវត្ថិភាព។ ឪពុករបស់នាងដែលតាមរកកូនស្រីដល់ទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់អំពីដំណឹងនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចថៃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជួយស្រាវជ្រាវយ៉ាងដុតដៃដុតជើងនៅក្នុងរឿងនេះ។
លោកវៃតុងជាឪពុកទទួលស្គាល់ថាចាប់តាំងពីដំណឹងនេះល្បីកក្រើកនៅលើបណ្ដាញសង្គមរួចមក ប្រទេសថៃបានខិតខំអស់ពីកម្លាំងកាយចិត្តទាំងប្រជារាស្ត្រថៃក៏ជួយអំពាវនាវនៅក្នុងរឿងនេះផងដែរ, រាជរដ្ឋាភិបាលថៃក៏ដូចគ្នា។ លោកមានចិត្តរំភើបញាប់ញ័រណាស់នឹងទង្វើដ៏ប្រពៃនេះ។ កាលពីមុននេះ លោកវៃតុងបារម្ភថាកូនស្រីរបស់គាត់ប្រហែលជាធ្លាក់ចូលទៅក្នុងអំពើរត់ពន្ធមនុស្សដូចករណីតារាសម្ដែងប្រុសឈ្មោះវ៉ាងស៊ីង។
ដូចនេះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គាត់ក៏បញ្ជូនសំណុំរឿង និងពាក្យបណ្ដឹងទៅអគ្គស្នងការដ្ឋាននគរបាលថៃដើម្បីស្រាវជ្រាវ។ សមត្ថកិច្ចស៊ើបដឹងថានាងជាឈីដែលទើបតែរៀនចប់មហាវិទ្យាល័យថ្មីៗបានសម្រេចធ្វើដំណើរទៅប្រទេសថៃដែលជាការធ្វើដំណើរទៅក្រៅប្រទេសជាលើកទីមួយនៅក្នុងឆាកជីវិតរបស់នាងដើម្បីជួបមិត្តភក្ដិម្នាក់ដែលស្គាល់គ្នាតាមបណ្ដាញសង្គម។
បន្ទាប់ពីទៅដល់ព្រលានយន្តហោះទីក្រុងបាងកកកាលពីថ្ងៃទី៦ ខែមករា ម៉ោង៤ជិតភ្លឺ នាងក៏ទាក់ទងទៅម្ដាយតាមវីឆាត (WeChat) និងបង្ហាញទីតាំងស្នាក់នៅ និងគម្រោងស្នាក់នៅម្ដុំៗអាកាសយានដ្ឋានអន្តរជាតិដនមឿង។ ក្រោយមក នៅម៉ោង៤ល្ងាចថ្ងៃដដែលនោះ ក្រុមគ្រួសារក៏ដាច់ការទាក់ទងគ្នា។ ក្រោយពេលបាត់ដំណឹង២៤ម៉ោង ប៉ារបស់នាងដោយសារមើលស្ថានភាពហាក់ដូចជាមិនស្រួល គាត់ក៏ហោះវឹងទៅប្រទេសថៃ។ ឥឡូវនេះ អ្វីៗត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ៕
អត្ថបទពាក់ព័ន្ធ
ថៃកំពុងតាមរកជនជាតិចិន២នាក់ដែលសង្ស័យធ្លាក់ចូលក្នុងអំពើរត់ពន្ធ
ចែករំលែកព័តមាននេះ