ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះបង្ក្រាបនិងដកហូតទឹកក្រាថុំ ដែលផលិតហើយបានជាច្រើនដប និងឱ្យធ្វើកិច្ចសន្យាដោយម្ចាស់ត្រូវបញ្ឈប់សកម្មភាព ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខណៈយុទ្ធនាការដកដើមក្រាថុំនៅតាមបន្ទាត់ព្រំដែន ដោយនាំគ្នាកាប់ដុតកម្ទេចចោលចំនួន១៣ដើម ធ្វើឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅស្រុកម៉ាឡៃនាពេលកន្លងមក ។ សូមរំលឹកថា៖ យុទ្ធនាការដកដើមក្រាថុំនៅតាមបន្ទាត់ព្រំដែននៅស្រុកម៉ាឡៃ
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកកន្លែងដាំនិងកន្លែងផលិតទឹកក្រាថុំ ដែលជារុក្ខជាតិញៀនហើយកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះបង្ក្រាបកន្លែងផលិតទឹកក្រាថុំមួយកន្លែង និងដកហូតទឹកក្រាថុំដែលផលិតហើយមួយចំនួនទៀត និងធ្វើកិច្ចសន្យាចំពោះម្ចាស់កន្លែងផលិត ។
លោកបានបញ្ជាក់ថា ក្រោយចុះបង្ក្រាបទីតាំងផលិតទឹកក្រាថុំមួយកន្លែង ដកហូតទឹកក្រាថុំដែលផលិតហើយបានជាច្រើនដប ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោល ហើយម្ចាស់ទីតាំងផលិតត្រូវបានធ្វើកិច្ចសន្យានិងសួរនាំបានប្រាប់ថា ទឹកក្រាថុំគាត់ដាំចំនួន៣ឆ្នាំដែលយកស្លឹកក្រាថុំទិញនាំចូលតាមច្រករបៀងយកមកផលិតជាទឹកច្រកដបក្នុង១ឆ្នាំងបានចំនួន២០លីត្រ ហើយយកទៅលក់អោយជនជាតិថៃ ដែលភាគច្រើនទិញផឹកដែលគាត់ផលិតរយៈពេល១ឆ្នាំជាងហើយ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា រយៈពេលកន្លងមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបមិនតិចជាង១០កន្លែង ដែលជាទីតាំងផលិតទឹកក្រាថុំសម្រាប់ចែកចាយលក់ ត្រូវបានដកហូតនិងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ចែករំលែកព័តមាននេះ