ខេត្តបាត់ដំបង ៖ គិតត្រឹមម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ កក្កដា កម្លាំងចម្រុះរួមមានកម្លាំង
នគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលវរព្រំដែន និងកម្លាំងយោធាផង ប្រហែលខ្ទង់រយនាក់កំពុងតាមរុករកមុខសញ្ញាដែលគេសង្ស័យថា ជាឃាតករសម្លាប់ស្ត្រីអាយុ៧៧ឆ្នាំនៅក្រុងបាត់ដំបង កាលពីសប្ដាហ៍មុន ។ ពេលនេះ ជននេះត្រូវអ្នកភូមិប្រទះឃើញជាបន្តបន្ទាប់រត់គេចខ្លួនទៅកាន់តំបន់ «ភ្នំស្រង់មានជ័យ» ស្ថិតក្នុងភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឆ្ងាយពីព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រហែលជាង១០គីឡូ
ម៉ែត្រ ។ សូមរំលឹកថា៖ បងប្អូនបង្កើនការប្រុងប្រយ័ត្ន! ជនសង្ស័យបែ.ក.ថ្នាំ.ប្តូរពាក់អាវយឺតខៀវ រួមទាំងកាំបិតខ្វែវ១
សាក្សីចុងក្រោយ ដែលបានជួបជនសង្ស័យផ្ទាល់ គឺអ្នកស្រី យ៉ុង សាវឿន អាយុ៤១ឆ្នាំ រស់នៅភូមិអណ្ដូងថ្មបានបញ្ជាក់ប្រាប់កោះសន្តិភាពថា គាត់បានជួបជនសង្ស័យដែលមានចរិតដូចមនុស្សបែកថ្នាំនោះផ្ទាល់ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ កក្កដា នៅក្នុងចម្ការគាត់ក្បែរជើងភ្នំស្រង់ ពេលគាត់ដើរទៅដាំដំឡូង ។
គាត់និយាយថា គាត់មិនបានឃើញជននោះពីដំបូងទេ តែគាត់ឮសម្រឹបជើងជននោះដើរសំដៅមករកគាត់ លុះគាត់ងាកក្រោយ ស្រាប់តែឃើញដើរមកដោយមានកាន់ដាវក្នុងដៃផង ។ អ្នកស្រី យ៉ុង សាវឿន បានបញ្ជាក់ថា ពេលឃើញជនចម្លែកបែបនេះ គាត់ភិតភ័យយ៉ាងខ្លាំង ហើយគាត់បានស្រែកហៅបងគាត់ ។ ពេលគាត់ស្រែកហៅបង ស្រាប់តែជនបែកថ្នាំនោះស្ទុះរត់ត្រឡប់ក្រោយ ចូលព្រៃជើងភ្នំ ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ។ បើនិយាយពីភិនភាគវិញ បើតាមអ្នកស្រី សាវឿន បានបញ្ជាក់ថា ជននោះពាក់អាវយឺតពណ៌ខៀវ ដែលជាអាវម្ចាស់ចម្ការនៅក្បែរជើងភ្នំស្រង់នោះ ។ ហើយមានកាន់ដាវក្នុងដៃ មុខមាត់ដូចគ្នាបេះបិតទៅនឹងរូបថតជនសង្ស័យដែលសមត្ថកិច្ចបានបង្ហាញ ។
លោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ដែលដឹកនាំកម្លាំងចុះផ្ទាល់ សហការជាមួយកម្លាំងចម្រុះខេត្តប៉ៃលិនបានប្រាប់ថា ក្រោយទទូលព័ត៌មាននេះភ្លាមប្រហែល២០នាទីប៉ុណ្ណោះ កម្លាំងរបស់លោកបានចុះទៅដល់ទីនោះ តែជនសង្ស័យបានរត់គេចចូលព្រៃជើងភ្នំបាត់។ កម្លាំងរបស់លោកនិងកម្លាំងខេត្តប៉ៃលិនផងបានឡោមព័ទ្ធ និងរុកចូលព្រៃព្រោងព្រាត តែមិនប្រទះនឹងមុខសញ្ញានោះនៅឡើយទេ ។
រហូតដល់ពេលនេះ កម្លាំងរាប់សិបនាក់កំពុងរុករាកតាមព្រៃចម្ការ ខ្លះរុកឡើងលើភ្នំទៀតផង ។ ចាប់តាំងពីព្រឹករហូតមក កម្លាំងសមត្ថកិច្ចមានទាំងកម្លាំងយោធា កម្លាំងនគរបាលវរព្រំដែនផង ត្រូវបានបញ្ជូនចេញពីអង្គភាពនានាមកកាន់តំបន់ភ្នំស្រង់មានជ័យ ដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ចដែលកំពុងឡោមព័ទ្ធតាមរកជនសង្ស័យ ។ ពេលនេះ កម្លាំងចម្រុះកំពុងរុករកមុខសញ្ញាជនសង្ស័យគ្រប់ទីកន្លែងនៅឡើយទេ៕
ចែករំលែកព័តមាននេះ