អស់លោកជ្រាបទេ នៅខេត្តកំពង់ឆ្នាំងមានភ្នំប៉ុន្មាន ឈ្មោះអ្វីខ្លះ? (ត.មកពីលេខមុន)
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កាលសម័យខ្មែរក្រហម គេប្រើម៉ាស៊ីនភ្លើងអូសខ្សែភ្លើងបំភ្លឺចូលទៅក្នុង ដោយ
ខេត្តកំពង់ឆ្នាំង ៖ កាលសម័យខ្មែរក្រហម គេប្រើម៉ាស៊ីនភ្លើងអូសខ្សែភ្លើងបំភ្លឺចូលទៅក្នុង ដោយ
ខេត្តកំពង់ឆ្នាំង ៖ កាលសម័យខ្មែរក្រហម គេប្រើម៉ាស៊ីនភ្លើងអូសខ្សែភ្លើងបំភ្លឺចូលទៅក្នុង ដោយមានអំពូលភ្លើងគ្រប់ទីកន្លែង មានខ្យល់អុកស៊ីហ្សែនចេញចូលទៀតផង ប៉ុន្តែសព្វថ្ងៃនេះត្រូវបានគេបោះបង់ចោល ។ គួររំលឹកថា អស់លោកជ្រាបទេ នៅខេត្តកំពង់ឆ្នាំងមានភ្នំប៉ុន្មានឈ្មោះអ្វីខ្លះ ?
ភ្នំចំពុះ-នៅជិតផ្លូវជាតិលេង៥ ហួសផ្សារព្រៃខ្មែរបន្តិច គេឃើញមានភ្នំមួយឈ្មោះថាភ្នំចំពុះ ។ ភ្នំនេះស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ។ បច្ចុប្បន្ន ភ្នំមួយនេះត្រូវបានគេសាងសង់វត្ត និងមានព្រះវិហារនៅលើកំពូលភ្នំ ។ អ្វីដែលជាទីចាប់អារម្មណ៍នោះ គឺវត្តលើភ្នំនេះមានព្រះសង្ឃ១អង្គល្បីល្បាញស្រោចទឹកពូកែស័ក្តិសិទ្ធិណាស់។ ជារៀងរាល់ថ្ងៃសីល មានប្រជាពលរដ្ឋដែលមានជំនឿនាំគ្នាសម្រុកទៅស្រោចទឹកនៅលើភ្នំនេះយ៉ាងច្រើនកុះករ ។
ភ្នំព្រះ-ស្ថិតនៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ។ កាលពីដើម ភ្នំព្រះជាភ្នំមួយដែលល្បីថាមានបារមីស័ក្តិសិទ្ធិណាស់ និងជាភ្នំជាប់ពាក់ព័ន្ធដល់ប្រតិសាស្ត្រទៀតផង ។ ឈ្មោះពិតរបស់ភ្នំនេះ គឺឈ្មោះ «ភ្នំឥន្ទបត្តបុរី» ។ តាមចាស់ៗតំណាលថា ភ្នំនេះកាលពីដើមមានគម្ពីរក្បួនតម្រាធ្វើសឹកសង្គ្រាម និងមានវត្ថុស័ក្តិសិទ្ធិជាច្រើនលាក់នៅលើភ្នំនេះទៀតផង ។ កាលសម័យសៀមឈ្លានពានចូលដល់ក្រុងលង្វែក ដោយសារខ្លាចបាត់របស់ដ៏មានតម្លៃនិងស័ក្តិសិទ្ធិទាំងនេះ បុព្វបុរសខ្មែរយើងបានប្តូរឈ្មោះភ្នំពី «ភ្នំឥន្ទបត្តបុរី» មកឈ្មោះភ្នំព្រះជំនួសវិញ ។ កាលណោះទ័ពសៀមបានមកភ្នំឥន្ទបត្តបុរីរកមិនឃើញ គឺឃើញតែភ្នំព្រះក៏ហួសទៅលង្វែក និងក្រុងឧដុង្គទៅ ។
បច្ចុប្បន្ន ភ្នំព្រះ ឬភ្នំឥន្ទបត្តបុរី នៅតែត្រូវបានប្រជាពលរដ្ឋគោរពបូជា និងមកបន់ស្រន់ដើម្បីសុំសេចក្តីសុខ និងសុំការប៉ងប្រាថា្នអ្វីៗតាមសេចក្តីត្រូវការ ព្រោះតែភ្នំនេះ មានបារមីស័ក្តិសិទ្ធិណាស់ ។ ជាមួយគ្នានេះ ក៏មានដូនជីតាជី សំណាក់ធម៌នៅតាមអាស្រមលើភ្នំនេះជាច្រើន ។ ប៉ុន្តែថ្វីបើគេឃើញដូនជីតាជីច្រើនបែបនេះមែន តែតាមការសង្កេតរបៀបសូត្រធម៌គឺខុសៗគ្នា ដែលអាចស្តាប់បានថា មានអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ។ លើសពីនេះទៀត ភ្នំនេះមានវត្តដល់ទៅ២ ។
ស្រុកទឹកផុស
ស្រុកទឹកផុស មានចម្ងាយប្រមាណ ៣០គឺឡូម៉ែត្រពីទីរូមខេត្តកំពង់ឆ្នាំង ។ ផ្លូវគមនាគមន៍តភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំងទៅស្រុកទឹកផុស គឺផ្លូវជាតិលេខ៥៣ ជាផ្លូវក្រាលកៅស៊ូ ។ ស្រុកមួយនេះមានភ្នំច្រើនជាងគេ គឺជួរភ្នំឱរ៉ាល់លាតសន្ធឹងតភ្ជាប់ដល់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់ ។
ភ្នំជើងលាង-ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ។ ភ្នំនេះតាមចាស់ៗនៅតំបន់នោះបានតំណាលតៗគ្នាថា ភ្នំជើងលាង ជាភ្នំមួយដែលមានបារមីកាន់និងអ្នកសច្ចំថែរក្សាផងដែរ រាល់ការបន់ស្រន់សុំសេចក្តីសុខសប្បាយជាដើម ។
កាលដើមឡើយ ប្រជាពលរដ្ឋត្រូវការចាន ឆ្នាំង កែវ ស្លាបព្រា សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យទានផ្សេងៗ គ្រាន់តែទៅបន់ស្រន់សុំខ្ចីរបស់ទាំងនោះ ដល់ម្ចាស់ទឹកម្ចាស់ដី ឬអ្នកសច្ចំ ដែលថែរក្សានៅទីនោះនឹងបានដូចបំណង យកមកប្រើប្រាស់បានហើយ ។
ជារៀងរាល់ឆ្នាំ អ្នកស្រុកតែងតែទៅធ្វើពិធីបុណ្យលាងអារក្ខអ្នកតានៅទីនោះ ទើបក្រោយមកបានក្លាយទៅជាឈ្មោះភ្នំជើងលាង ។ ប៉ុន្តែដោយការលោភលន់របស់មនុស្ស ក្រោយមកបារមីទាំងនោះចេះតែសាបរលាបបន្តិចម្តងៗ ដល់បច្ចុប្បន្ននេះ ដោយសារតែអ្នកដែលបានយករបស់មកប្រើប្រាស់ហើយពេលយកទៅសងវិញមិនគ្រប់ចំនួន ឬបែកបាក់មិនព្រមទិញដាក់សងវិញ ។
ស្រុកទឹកផុសមានភ្នំជាច្រើនទៀត ដែលរៀបរាប់មិនអស់ តែតាមអាជ្ញាធរស្រុកប្រាប់ថា បានស្គាល់ឈ្មោះភ្នំមួយចំនួនដែរដូចជា ភ្នំរបង ភ្នំកញ្ជើបាយ ភ្នំពាមលោក ភ្នំតាសាំ ភ្នំអង្គ ភ្នំគ្រេច ភ្នំសូរិយា ភ្នំក្បាលខ្លា និងភ្នំរលាបគុយជាដើម ។ ភ្នំទាំងនេះសុទ្ធតែជាភ្នំធំៗ ដែលអមដោយឈ្មោះភ្នំតូចៗជាច្រើនទៀតរាប់មិនអស់ ។
ស្រុកជលគិរី
នៅស្រុកនេះមិនសូវមានភ្នំច្រើនប៉ុន្មានទេ តែក៏មានឈ្មោះភ្នំមួយដែលមានបារមីពូកែស័ក្តិសិទ្ធិដែរ គឺ ភ្នំគិរីវង្កត ឬភ្នំស្តេចស៊ីដោះ ។
ភ្នំគិរីវង្កត ឬ ភ្នំស្ដេចសុីដោះ-ត្រូវបានប្រជាពលរដ្ឋដែលមានជំនឿធ្វើពិធីបួងសួងជារៀងរាល់ឆ្នាំ និងពិសេសពេលអត់ទឹកភ្លៀងជាដើម ។ ទាក់ទងដល់ប្រវត្តិឈ្មោះ «ភ្នំគិរីវង្កត» មកជា «ភ្នំស្តេចស៊ីដោះ» នេះ យោងតាមឯកសារចងក្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏ដូចជាការនិទានតៗគ្នានៅក្នុងស្រុកជលគិរីបានលើកឡើងថា កាលពីដើមឡើយ មានស្ដេចមួយអង្គព្រះនាម ព្រះពោធិ៍សោម បានភៀសព្រះអង្គពីអង្គរវត្ត មកលាក់ខ្លួននៅលើភ្នំ គិរីវង្កត ក្នុងស្រុកជល
គិរីនេះ ។ កាលនោះព្រះអង្គបានកេណ្ឌប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះឲ្យជីករូងដីចំនួន២នៅលើកំពូលភ្នំ ដើម្បីសាងសង់ប្រាសាទពីលើរូងទាំង២នេះ សម្រាប់លាក់ព្រះកាយ ដោយរូងប្រាសាទខាងកើតឈ្មោះ «ប្រាសាទប្រុស» និងរូងប្រាសាទខាងលិចឈ្មោះ«ប្រាសាទស្រី» ។
ស្តេចព្រះពោធិ៍សោម មានព្រានព្រៃម្នាក់ឈ្មោះ ស៊ីកា ជាអ្នកបរបាញ់សត្វព្រៃយកសាច់ធ្វើព្រះក្រយាថ្វាយស្ដេចសោយជារៀងរាល់ថ្ងៃ ដោយពុំដែលអាក់ខានម្តងណាឡើយ ។ នៅថ្ងៃមួយនោះ នៅពេលដែលព្រានព្រៃបាញ់បានសត្វ១ក្បាលទុកប្រហែស ក៏ត្រូវឆ្កែលួចអូសយកទៅស៊ីបាត់ ។ ពេលនោះព្រានព្រៃឈ្មោះ ស៊ីកា ភ័យខ្លាចមានទោសក៏ចេញបរបាញ់សត្វមួយសាទៀតតែរកមិនបានសោះ ហើយក៏ប្រទះឃើញសពស្ត្រីក្រមុំម្នាក់ដែលទើបនឹងស្លាប់ហើយត្រូវសត្វសាហាវក្នុងព្រៃខាំហែកស៊ីស្ទើរគ្មានសល់ ។
កាលណោះ ព្រានព្រៃសម្លឹងឃើញត្រង់សុដន់សពស្ត្រីនោះនៅមានសាច់ល្អ ក៏សម្រេចចិត្តចៀរកន្សោមដោះរបស់សពស្ត្រីនោះយកទៅធ្វើជាព្រះក្រយាថ្វាយស្ដេចសោយតែម្តង ។ ក្រោយពីបានសោយព្រះក្រយានោះហើយ ក៏មានអារម្មណ៍ងឿងឆ្ងល់ថា វាជាសាច់អ្វី ? ហេតុអ្វីមានរសជាតិឆ្ងាញ់ខុសប្លែកម្ល៉េះ ? ហើយទ្រង់ក៏បានសួរទៅព្រានឈ្មោះ ស៊ីកា នោះថា «តើសាច់សត្វអ្វីបានជាមានរសជាតិឆ្ងាញ់ខុសប្លែកពីសាច់សត្វរាល់ដង» ?
ដោយសារការគំរាមចង់សម្លាប់ ព្រាន ស៊ីកា ក៏ទូលថ្វាយការពិតពីដើមដល់ចប់ ។ ស្តេចព្រះពោធិ៍សោម បានដឹងការពិតហើយក៏បញ្ជាឱ្យដោះលែងព្រាន ស៊ីកា ដោយប្រាប់ថា បើថ្ងៃក្រោយបាញ់សត្វព្រៃមិនបានទេ សូមចាប់កូនក្រមុំចៀរយកដោះមកធ្វើព្រះក្រយាឱ្យយើងសោយ ។
ចាប់តាំងពីពេលនោះមក នៅពេលព្រានដើររកបរបាញ់សត្វពុំបាន ក៏នាំអាមាត្យចុះពីលើភ្នំទៅរកចាប់មនុស្សស្រីនៅច្រកមួយដែលជាច្រករបស់ប្រជាពលរដ្ឋដើរឡើងទៅលើភ្នំស្វែងរកជីកដំឡូង ដើម្បីចៀរយកដោះធ្វើក្រយាថ្វាយស្តេចសោយ ។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋបាននាំគ្នាហៅច្រកនោះថា «អ្នកតាច្រក» ។
ចាប់តាំងពីពេលនោះមក មនុស្សស្រីដែលរស់នៅក្នុងភូមិនេះចេះតែស្លាប់ជារៀងរាល់ថ្ងៃរហូតដល់ស្ងាត់មនុស្សអស់ពីភូមិ ។ ថ្ងៃមួយ មានចាស់ព្រឹទ្ធាចារ្យ៤នាក់ រស់នៅក្នុងភូមិព្រៃគ្រី បាននាំគ្នាទៅប្ដឹងស្ដេចផែនដី ដែលគង់នៅអង្គរវត្ត រឿងព្រះពោធិ៍សោមបញ្ជាឱ្យពួកព្រាននិងអាមាត្យចាប់ស្ត្រីដែលរស់នៅក្នុងភូមិសម្លាប់ វះយកកន្សោមដោះទៅធ្វើព្រះក្រយាជារៀងរាល់ថ្ងៃបែបនេះ ។
ក្រោយពីបានស្ដាប់ការទូលថ្វាយរបស់ចាស់ព្រឹទ្ធាចារ្យទាំង៤រូបរួចមក ស្ដេចផែនដីក៏បានត្រាស់បញ្ជាឱ្យចាស់ព្រឹទ្ធាចារ្យប្រើល្បិចដោយនាំប្រជាពលរដ្ឋដែលនៅសល់ នាំគ្នាជីករណ្ដៅឱ្យជ្រៅ ហើយថែមទាំងធ្វើគន្លឹះយន្តដាក់នៅក្នុងរណ្ដៅនោះ ។ បន្ទាប់មក នាំគ្នាទៅយាងព្រះពោធិ៍សោមឱ្យមកមើលការច្រៀងរាំកម្សាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងមានការអមដំណើរដោយមានពួកភីលៀង និងសេនា អាមាត្យជាច្រើននាក់ ។
បន្ទាប់មក ពួកប្រជាពលរដ្ឋក៏នាំគ្នាចុចគន្លឹះយន្តដើម្បីទម្លាក់ស្ដេចអង្គនោះចូលក្នុងរណ្ដៅ ព្រមទាំងទម្លាក់ដុំថ្មតូចធំជាច្រើនចូលទៅក្នុងរណ្ដៅនោះ ធ្វើឱ្យស្ដេចព្រះពោធិ៍សោមសុគតនៅក្នុងរណ្ដៅគន្លឹះយន្តនោះទៅ ។ ក្រោយពីសេ្តចព្រះពោធិ៍សោមសុគតទៅ ប្រជាពលរដ្ឋក៏បានរស់នៅសុខក្សេមក្សាន្ត ហើយបានប្រែឈ្មោះ«ភ្នំគិរីវង្កត»ទៅជា «ភ្នំស្តេចស៊ីដោះ»តាំងពីពេលនោះមក ។ ក្រៅពីភ្នំស្តេចស៊ីដោះ ស្រុកជលគីរីមានភ្នំជាច្រើនទៀតដែរ ដូចជា ភ្នំដោះក្រមុំ ភ្នំដង ភ្នំក្ងោកមាស ភ្នំព្រៃគ្រីជើង និងភ្នំព្រៃគ្រីត្បូងជាដើម ។
ស្រុកសាមគ្គីមានជ័យ
ស្រុកនេះមានភ្នំមិនច្រើនប៉ុន្មានទេ គឺមានភ្នំមួយដែលធំជាងគេ គឺភ្នំជំរាយ ។
ភ្នំជំរាយ-ភ្នំនេះមានព្រំប្រទល់ច្រើនឃុំ និងជាប់ជាមួយស្រុកទឹកផុសទៀតផង ។ បច្ចុប្បន្នមួយផ្នែកនៃជើងភ្នំជំរាយ បានក្លាយជាសាលាហ្វឹកហាត់របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែបច្ចុប្បន្ននេះបានក្លាយជាភ្នំសែនរីករាយ ដែលជាទីតាំងហ្វឹកហាត់ផ្នែកយោធា រហូតទីតាំងភ្នំនេះបានក្លាយជាកន្លែងធ្វើសមយុទ្ធផ្នែកយោធាកម្ពុជា-ចិន ជារៀងរាល់ឆ្នាំផងដែរ ។
នៅមិនឆ្ងាយពីទីនោះ ក៏មានផ្ទៃដីសម្បទានសង្គមកិច្ច និងបានសង់ផ្ទះរាប់ពាន់ខ្នងជូនដល់អតីតយុទ្ធជន ។ ក្រៅពីភ្នំជំរាយ ស្រុកដាច់ស្រយាលមួយនេះ នៅមានភ្នំផ្សេងទៀតដូចជា ភ្នំព្រះធាតុក្រោម ភ្នំព្រះធាតុលើ ភ្នំរមៀតតូច ភ្នំរមៀតធំ និងភ្នំមួយចំនួនទៀត ។
ក្រុងកំពង់ឆ្នាំងមានភ្នំតែមួយទេ
ភ្នំយោង-ភ្នំនេះគ្រាន់តែជាទីទួលតូចមួយប៉ុណ្ណោះ ។ ប្រជាពលរដ្ឋដាក់ឈ្មោះភ្នំយោង ដោយមានវត្តមួយដែលទើបកសាងថ្មីៗ ក្រោយពីមានបម្លាស់ទីអ្នករស់នៅក្នុងទឹកឱ្យឡើងលើគោក ហើយបានកកើតវត្តថ្មីឈ្មោះវត្តភ្នំយោងដល់បច្ចុប្បន្ន ។
ដោយឡែក សម្រាប់ស្រុកកំពង់ត្រឡាច និងស្រុកបរិបូណ៌ មិនមានភ្នំទេ ។
ការរៀបរាប់ខាងលើ គ្រាន់តែជាឈ្មោះភ្នំមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ និងគ្រាន់តែរៀបរាប់ត្រួសៗ ក្នុងគោលបំណងជាការផ្តល់ចំណេះដឹងខ្លះសម្រាប់ប្រិយមិត្តអ្នកអានដែលតែងតែគាំទ្រសារព័ត៌មានកោះសន្តិភាពរហូតមក ៕
ចែករំលែកព័តមាននេះ