ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​ជ្រាប​ទេ​ នៅ​ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ប៉ុន្មាន​ឈ្មោះ​អ្វីខ្លះ ?

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានភ្នំច្រើនរាប់មិនអស់ ដែលភ្នំខ្លះ​ត្រូវបានគេ​ស្គាល់​

ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានភ្នំច្រើនរាប់មិនអស់ ដែលភ្នំខ្លះ​ត្រូវបានគេ​ស្គាល់​យ៉ាង​ច្បាស់ ឯ​ភ្នំ​ខ្លះ​ទៀត​ស្គាល់ ស្រពេចស្រពឹល ។ ​ភ្នំ​ខ្លះ​​បាន​ជាប់​ជា​ប្រវត្តិ​រឿងព្រេងនិង​ភ្នំ​ខ្លះ​​ជា​​ប្រវត្តិ​សាស្ត្រ ចំណែក​ខ្លះ​ទៀត​គ្រាន់តែ​ជា​ភ្នំ​ធម្មតា ​កំពុង​ត្រូវគេកាប់​គាស់​កាយ​យក​ថ្ម និង​មានការ​រំលោភ​បំពាន​ទន្ទ្រាន​យក​ដី ។

ទោះបីជា​បែប​ណា មន្ត្រីរដ្ឋបាល​ខេត្ត​​នេះ ​គួរ​ច្បាស់លាស់​ពី​ស្ថានភាព​ឈ្មោះ​ភ្នំ និង​ចំនួន​សម្រាប់​ការ​គ្រប់គ្រង​ ហើយ​ភ្នំ​ទាំងអស់​មិន​ថា​តូច​ឬធំ​នោះ​ទេ គឺជា​សម្បត្តិ​រដ្ឋ ។

ដើម្បី​ជា​ការ​យល់​ដឹង​ខ្លះ​ៗ​ពី​ប្រវត្តិ​ភ្នំ​មួយ​ចំនួន​របស់​ខេត្តកំពង់ឆ្នាំង កោះសន្តិភាព​សូម​លើក
យក​ឈ្មោះ​ភ្នំ​មួយ​ចំនួន​ដែល​ភ្នាក់ងារ​យើង​បាន​ស្រាវជ្រាវ ហើយ​ក៏​សូម​អភ័យទោស​ផង​ដែរចំ
ពោះ​​ការ​រៀបរាប់​មិន​អស់​ឈ្មោះ​ភ្នំ​ ព្រោះតែ​ខេត្តកំពង់​ឆ្នាំង​មាន​ភ្នំ​ច្រើន​ ​ហើយ​អាជ្ញាធរ​ក៏​មិន​មាន​ទិន្នន័យ​ច្បាស់លាស់ គឺ​គ្រប់គ្រង​មិន​អស់​…​ហេ! ហេ !​

ស្រុក​កំពង់លែង
ភ្នំកង្រី-ភ្នំ​ដែល​លេចធ្លោ​ជាង​គេ​គឺ​ភ្នំ​ក​ង្រី ។ ភ្នំ​នេះ មនុស្ស​គ្រប់​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភ្នំ​ជាប់​ទាក់ទង​នឹងរឿងព្រេង​និទាន គឺ​រឿង​ពុទ្ធិ​សែន​នាង​ក​ង្រី ។ ​ភ្នំ​នេះធំ​និង​វែង ស្ថិត​ក្នុងភូមិ​​ចំនួន​២ គឺ​ភូមិត្របែក ឃុំ​ត្រងិល និង​ភូមិ​សំរោង ឃុំ​ពោធិ៍ ។

បច្ចុប្បន្ន​​ ភ្នំ​ក​ង្រីត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​​ជា​តំបន់​អភិរក្ស និង​ជា​តំបន់​ប្រើប្រាស់​ច្រើន​​យ៉ាង ។ ភ្នំ​នេះ​មាន​ភ្ញៀវ​ឡើង​លេង​កម្សាន្ត​តិចតួច និង​នៅរដូវវស្សា​ទឹក​ឡើង​ដល់​ជើងភ្នំ​ ។

ភ្នំច្រកបាក់​ដាវ-ភ្នំ​នេះ​ត​ភ្ជាប់​ជាមួយ​ភ្នំ​ក​ង្រី​ ហើយ​​ក៏​ជាប់​ពាក់ព័ន្ធ​នឹងរឿង​ប្រវត្តិសាស្ត្រ​​ដែរ គឺ​កាល​ជំនាន់​តេ​ជោ​មាស តេ​ជោ​យ៉​តច្បាំង​ជាមួយ​ស្តេច​សំរែ ។ ​កាល​ណោះ បន្ទាប់​ពី​ច្បាំង​ចប់ជាមួយ​ពួក​បច្ចាមិត្ត​ហើយ​ក៏​កើតសង្គ្រាម​ផ្ទៃក្នុង ។ ​​ស្តេច​សំរែ ក្រោយ​ពី​រៀន​មន្តអាគមនៅ​ភ្នំ​ទូក​មាស ​នៅ​ស្រុក​កំពង់លែង​ បាន​សម្រេច​ដោយ​កាប់​មិន​មុតដុត​មិន​ឆេះ ហើយក៏​ចង់​ធ្វើ​តំបន់​អបគមន៍ តាំងខ្លួន​ជា​មេកន្ទ្រាញ នៅ​ស្រុក​កំពង់លែង ។

ចំណែក​តេ​ជោ​មាស នៅ​ខេត្តកំពង់ធំ បាន​លើក​ទ​័ពម​ក​ច្បាំង​នឹងស្តេច​សំរែ បណ្តាល​ឱ្យ​បាក់​
ថែវ​ដាវ (​ច្រក​បាក់​ថែវនៅ​ពី​ខាងកើត​ច្រក​បាក់​ដាវ) ហើយ​ស្តេច​សំរែ តាម​កាប់​ដល់​ចំណុច​នោះ​
បណ្តាល​ឱ្យ​បាក់​ដាវ ហើយ​រង​របួស​នៅ​ទីនោះ ទើប​ជាប់​ឈ្មោះ​ជា​ច្រក​បាក់​ដាវ​រហូត​​​មក ។ នៅ​
ជិត​នោះ ក៏​មាន​ភ្នំ​មួយទៀត គឺ​ភ្នំ​ច្រក​​ស្តេច តែមិនដឹង​ថា​ទាក់ទិន​នឹង​ស្តេច​អង្គ​ណាទេ ។

ភ្នំទូកមាស-ជា​ភ្នំ​យ៉ាង​ធំ​លាតសន្ធឹង​ស្ទើរ​​មួយ​​ស្រុក​កំពង់លែង​តែ​ម្តង ។ ភ្នំ​មួយ​នេះ ប្រជាពលរដ្ឋ​រស់នៅ​​ជុំវិញ​ភ្នំ ដោយ​មាន​ផ្លូវ​ព័ទ្ធ​ជុំវិញ ដែល​មាន​ចម្ងាយ​​ជាង ៤០​គីឡូម៉ែត្រ ។ មិន​មាន​ប្រវត្តិ​ពី​ឈ្មោះ​ភ្នំ​នេះ​ទេ តែ​បានដឹង​ថា ភ្នំ​នេះ​ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូក និង​ឃុំ​ត្រងិល ។

ភ្នំពណ្ណរាយ-ជា​ភ្នំ​មួយ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ
ដោយសារ​ភ្នំ​នេះ​ត្រូវ​បាន​ស្តេច​ជំនាន់​ដើមកសាង​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​នេះ ក្នុង​ចន្លោះ​សតវត្ស​រ៍ទី​៨​និង​ទី​៩ មុន​អង្គរ រហូត​ដល់​សព្វថ្ងៃ ។ ភ្នំ​នេះ​ស្ថិត​ក្នុងភូមិ​លិច ឃុំ​ច្រ​ណូ​ក ។
ថ្វី​ដ្បិត​ភ្នំ​នេះ​មាន​ប្រាសាទបុរាណ​នៅ​លើ​កំពូលភ្នំ​ពិតមែន ប៉ុន្តែ​​មិន​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​​ប៉ុន្មាន​ឡើយ ក្នុង​មួយ​ឆ្នាំ​ទើប​ប្រជាពលរដ្ឋ​​ឡើង​ធ្វើបុណ្យ​លើ​ភ្នំ​នេះ​ម្តង ។ តាម​ពិត​ ភ្នំ​មួយ​នេះមានឈ្មោះ​ដើម គឺ​ភ្នំ​ធ្វើបុណ្យ ប៉ុន្តែ​ដោយសារ​ភ្នំ​នេះបាន​កសាង​ប្រាសាទ​ពណ្ណរាយ​នៅ​លើ​កំពូល ទើប​ក្លាយជា​ភ្នំ​ពណ្ណរាយ​វិញ ។

ភ្នំទេពី-ភ្នំ​មួយទៀតដែល​នៅ​ដាច់​ស្រ​យាល​ពី​គេឯង និង​​ជាប់មាត់​ទន្លេ​ផង​នោះ គឺ​ភ្នំ​ទេពី​ ​ស្ថិត​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ។ មិន​មាន​ឯកសារ​ពាក់ព័ន្ធ​នឹងភ្នំ​នេះ​ទេ តែ​អ្នកខ្លះ​និយាយ​ថា ភ្នំ​នេះពាក់ព័ន្ធ​នឹងរឿង​ប្រ​ត្តិ​សាស្ត្រ ស្តេច​ជំនាន់​ដើម​ដោយ​​បញ្ជាក់​ថា ឈ្មោះ​ភ្នំ​នេះ គឺ​ភ្នំ​លាក់​គម្ពីរ​ ក្រោយ​មក​ក៏​ក្លាយ​ជា​ភ្នំ​ទេពី​វិញ ។

បច្ចុប្បន្ន​នៅ​ជាប់​ភ្នំ​ទេពី កំពុង​អភិវឌ្ឍន៍​ប្រែ​ក្លាយជា​ផែ​ពហុ​បំណង ​សម្រាប់​លើកដាក់​ទំនិញ​សព្វសារពើ ។

ភ្នំកង្កែប-ជា​ភ្នំ​មួយ​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ។ ភ្នំ​នេះ​មិន​មាន​ប្រវត្តិ​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​
យើង​មើល​ពី​ខាង​កើតមក មាន​ថ្ម​មួយ​ដុំ​យ៉ាង​ធំ រាង​ដូច​កង្កែប​អង្គុយ​អើត​ក្បាល​មើល​ទៅ​ គ្រាន់តែ​ផត​ថ្ពាល់​បន្តិច ។ ពាក់ព័ន្ធ​ដល់​ការ​ផត​ថ្ពាល់​កង្កែប​នេះ​ដែរ ត្រូវ​បាន​អ្នកស្រុក​តំណាល​ត​ៗ​គ្នា​ថា កាលពី​ពេល​សៀម​ឈ្លានពាន​ប្រទេស​កម្ពុជា សៀម​បាន​គាស់​យក​បា​រ៉​តនៅ​ចំណុច​ថ្ពាល់​កង្កែប​នោះ ទើបបាន​ជាកង្កែប​ផត​ថ្ពាល់​បែប​នេះ ។

នៅ​ជាប់​នឹង​ជើងភ្នំ​ប្រមាណ ២០០​ម៉ែត្រ គឺជា​ផ្លូវបំបែក​ទៅ​ខេត្តកំពង់ធំ ដែល​រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​កសាង​ផ្លូវ​បន្ថែម​ ដើម្បី​ធានា​ការ​ប្រើប្រាស់​ឱ្យ​បាន​ប្រសើរ​ឡើង ។

ស្រុក​រលាប្អៀរ
ភ្នំក្រាំងដីមាស-ភ្នំ​ដែល​គេ​គ្រប់​គ្នា​ស្គាល់​យ៉ាង​​ច្បាស់​នោះ គឺ​ភ្នំ​ក្រាំង​ដី​មាស ​ស្ថិត​នៅ​​ឃុំ​ស្រែ​ថ្មី លាត​ស​ន្ធឹង​ជាប់​ផ្លូវជាតិ​លេខ​៥ ។ ហេតុនេះ​ហើយ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​តែ២​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត ​ពិតជា​បានឃើញ​ភ្នំ​នេះ​ជាក់​ជា​ពុំខាន ។ បើ​ទោះបី​បច្ចុប្បន្ន​មាន​ផ្លូវ​វាង​ក្រុង​ថ្មី​មែន ក៏​បងប្អូន​អ្នក​ធ្វើ​ដំណើរ​បានឃើញ​ភ្នំ​នេះ​យ៉ាង​ច្បាស់​ដែរ គ្រាន់​តែផ្លូវ​ចាស់​នៅ​ពី​ខាងឆ្វេង​ដៃ និង​ផ្លូវ​ថ្មី​យើង​ឃើញ​នៅ​ខាងស្តាំ​ដៃ​វិញ ក្នុងដំណើរពី​ភ្នំពេញ​ទៅ​បាត់ដំបង​ ។

ភ្នំក្រាំងដីមាសមិន​មាន​ជាប់​ប្រវត្តិ​រឿង​ព្រេង ឬ​ប្រ​ត្តិ​សាស្ត្រ​អ្វី​នោះ​ទេ ប៉ុន្តែ​ភ្នំ​នេះ​ត្រូវ​ប្រជាពល
រដ្ឋ​កាប់​គាស់​យក​ដី​មក​ផលិត​ជា​ក្អម ឆ្នាំង និង​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ជាដើម ។ ពាក់ព័ន្ធ​នឹង​ឈ្មោះ​ភ្នំ​ក្រាំង​ដី​មាស​នេះ​ដែរ ​បើ​តាម​ចាស់​ព្រឺ​ទ្ធា​ចា​រ្យ​តំណាល​ត​ៗ​គ្នា​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​យក​ដី​មក​ដុត​ធ្វើ​ក្អម ឆ្នាំង គឺ​ឃើញ​មាន​ពន្លឺ​ចាំង​ផ្លេក​ៗ ដូច​មាស​ជាប់​នឹង​ក្អម ឆ្នាំង ហេតុនេះ​ហើយ​ទើប​មានឈ្មោះ​ភ្នំ​ក្រាំង​ដី​មាស​រហូត​មក ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​បាន​សង្ស័យ​ថា ភ្នំ​នេះមាន​រ៉ែ​មាស​ទៀត​ផង ។ បើ​តាម​ព្រះចៅ​អធិការ​​វត្ត​ធម្ម​វ័ន​ចាស់​ដែល​មាន​ទីតាំង​នៅលើ​ចង្កេះភ្នំ​មួយ​នេះ​បាន​បង្ហាញ​ថា​ ថ្ម​ធំ​ៗដែល​មាន​ដាន​ស្នាម​ពណ៌មាស គឺជា​ខ្យែ​រ៉ែ​មាស តែ​នៅ​ខ្ចី ។

ភ្នំសន្ទូច ភ្នំត្រោក និងភ្នំ​អាចម៍ត្រី-ភ្នំ​នេះ​ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ។ ភ្នំ​សន្ទូច ស្ថិត​នៅ​ចម្ងាយ​​ជាង​១​គីឡូ​ម៉ែត្រ​​ខាងលិច​ទីរួមខេត្ត​កំពង់ឆ្នាំង ហើយ​ក៏​ជា​ភ្នំ​មួយ​ត្រូវ​បាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត ដាក់​បញ្ចូល​ជា​រមណីយដ្ឋាន​ទេស​ចរណ៍​ផង​ដែរ ។ បច្ចុប្បន្ន​ ពេល​មានបុណ្យ​ទាន​ផ្សេង​ៗមាន​ភ្ញៀវ​ទេស​ចរទៅ​លេង​កម្សាន្ត​នៅ​ភ្នំ​មួយ​នេះ​ជា​ច្រើន ព្រោះ​លើ​ភ្នំ​នេះ​មាន​រៀបចំ​ទីកន្លែង​កម្សាន្ត​ជាច្រើន​កន្លែង និង​នៅ​ជើងភ្នំ​មាន​វត្ត​មួយ​ឈ្មោះ វត្ត​ភ្នំ​សន្ទូចផង​ដែរ ។

ភ្នំសន្ទូច គឺជាភ្នំមួយ​ដែល​ជាប់​ពាក់ព័ន្ធ​ដល់​​ប្រវត្តិ​រឿងព្រេងរវាង​ភ្នំ​ទាំង​៣​ខាងលើ​នេះ ។ មាន​​
រឿង​តំណាល​ថា កាល​ដើម​ឡើយ​ផ្ទៃដី​ស្រុក​ខ្មែរ​​មាន​ទឹកធំ​ល្វឹងល្វើយ មិនសូវ​មាន​ដី​ប៉ុន្មាន​ទេ ។
កាល​ណោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​តា​ព្រេង បាន​អង្គុយ​ស្ទូចត្រី ពី​ចំណុច​ភ្នំ​សន្ទូចធ្លាក់​ទៅ​ទន្លេ
សាប ។ តំណ​ត​មក​ នៅ​ទីកន្លែង​ដែល​តា​​ព្រេង​​អង្គុយ​ស្ទូចត្រី​ក៏​ក្លាយជា​ភ្នំ​មួយ​គឺ​ភ្នំ​សន្ទូច ។ ពេល​
ស្ទូចត្រី​បាន​ តា​ព្រេង​បាន​យក​ត្រី​ដាក់​ក្នុង​ត្រក ក្រោយមក​ក៏​ក្លាយជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ត្រក តែ​ក្រោយមក​ក៏​ក្លាយជា​ឈ្មោះ ភ្នំ​ត្រោក​វិញ ។

ចំណែក​នៅលើ​ភ្នំ​សន្ទូច​ ក៏​មាន​ថ្ម​មួយ​ផ្ទាំង ក្រហូង​បែក​ជា​ពីរ​ដូច​ស្នាម​គូទ​មនុស្ស គឺជា​កន្លែង​តា​ព្រេង​ដួល​អុកគូទ ។ នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​មានកូន​ភ្នំ​មួយទៀតដែល​តូច​ជាងគេ គឺ​ភ្នំ​អាចម៍​ត្រី គឺ​ពេល​តា​ព្រេង​បាន​ត្រីយក​ទៅ​វះ​នៅ​ទីនោះ​កើតជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​អាចម៍​ត្រី ។ ឈ្មោះ​ភ្នំ​ខាងលើ ក៏​បាន​ជាប់​ក្លាយជា​ឈ្មោះ​ភូមិ​ដល់​សព្វថ្ងៃ ដូច​ជា​ភូមិ​សន្ទូច ភូមិ​ត្រោក លើកលែងតែ​ភ្នំ​អាចម៍​ត្រី មិន​មាន​ជាប់​ឈ្មោះ​ភូមិ​នឹង​គេទេ ។

ភ្នំតាបាំង-​ស្ថិត​ក្នុងឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ។ ភ្នំ​នេះ​​ជាប់​ពាក់ព័ន្ធ​ដល់​ប្រវត្តិសាស្ត្រ ចម្បាំងរវាង​ទ័ព​ខ្មែរនិង​ទ័ព​សៀម​ចូល​ឈ្លានពាន​ផង​ដែរ ។ លោក កែ រិ​ន មេឃុំ​ក្រាំង​លាវ បាន​រៀបរាប់​ពី​ប្រវត្តិ​ឈ្មោះ​ភ្នំ​នេះ​ថា មូលហេតុ​ដែល​មានឈ្មោះ​ភ្នំ​តា​បាំង ក៏​ដោយសារ​កាល​សៀម​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា ជំនាន់​ស្តេច​អង្គឌួង ភ្នំ​នេះ​ត្រូវ​បាន​គេ​ព័ទ្ធសីមា​ការពារ មិន​អាច​មើលឃើញ​កងទ័ព​របស់​ខ្មែរ​ឡើយ គឺ​បាំងបិទ​គ្រប់​ជ្រុង​នៃ​ភ្នំ ។ មិនតែប៉ុណ្ណោះ​ ភ្នំ​នេះ​សព្វថ្ងៃ​មើល​ពី​ទិស​ខាង​ណា ក៏​ដូច​ខាង​ណា​ដែរ គឺ​ដូច​ៗ​គ្នា ។

ភ្នំ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​កងទ័ព​ខ្មែរ ទាំង​ទ័ព​ដំរី ទ័ព​សេះ និង​ទ័ពថ្មើរជើង ។ ដោយសារ​បារមី​សីមាដែល​គេ​ព័ទ្ធ​នេះ​ហើយ ​ទើប​ទ័ព​បច្ចាមិត្ត​មិន​អាច​មើលឃើញ​កង​ទ​័ពខ្មែរ​បាន ។ តំណ​ត​មក​ ភ្នំ​នេះ​បាន​ក្លាយជា​ឈ្មោះ​ភ្នំ​តា​បាំង ដល់​សព្វថ្ងៃ ។ លើស​ពី​នេះ​ទៀត ​សូ​ម្បី​សម័យ​ក្រោយ​អាណានិគម​បារាំង ក៏​យន្តហោះ​មិន​ហ៊ាន​ហោះ​រំលង​ភ្នំ​នេះ​ដែរ ។

ភ្នំដំរីរមៀល-នៅ​មិន​ឆ្ងាយ​ពី​ភ្នំ​នោះក៏​មាន​ភ្នំ​ច្រើន​ទៀត ដូច​ជា​ភ្នំ​ដំរី​រមៀល ។ ភ្នំ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​កងទ័ព​ដំរី​ ដែល​ជា​សាខារ​បស់ទ័ព​នៅ​ភ្នំ​តា​បាំង ។ មូលហេតុ​ដែល​មានឈ្មោះ​ថាភ្នំ​ដំរី​រមៀល គឺដោយសារ​ក្បួន​ដំរី​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​សម្រាប់​ទ័ព​ប្រើប្រាស់ ទើប​ជាប់​ឈ្មោះ​ដល់​បច្ចុប្បន្ន ។ ចន្លោះ​ភ្នំ​តាបាំងនិងភ្នំដំរីរមៀល​ក៏​មានឈ្មោះ​ភូមិ​មួយ​ទៀតគឺ​ភូមិ​បាត​ឡា​ង ។ ឈ្មោះ​ភូមិ​បាត​ឡា​ង គឺជា​កន្លែង​ប្រមូលផ្តុំ​របស់«​អ្នកងារ​» (​អ្នក​ជាប់​ងារ​គឺជា​ទាសករ​ដាច់​ថ្លៃ​របស់​ស្តេច) ។ កាល​ណោះ​ អ្នកងារ​ត្រូវ​បាន​ស្តេច​ប្រ​មួល​ផ្តុំ​យក​ឱ្យ​នៅ​ផ្តុំ​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ឱ្យ​ដឹក​ជញ្ជូន​ស្បៀងអាហារ​ទៅ​ឱ្យ​កងទ័ព​នៅ​សមរភូមិ​មុខ ។ អ្នកងារ​ឬ​អ្នកស្រុក​បាត​ឡា​ង បាន​ប្រកាន់​ខ្ជាប់​ប្រពៃណី​ទំនៀមទម្លាប់​បាន​ល្អ​ដល់​សព្វថ្ងៃ ដូច​ជា​ ការ​មិន​បរិភោគ​សាច់សត្វ​ព្រៃ​ជាដើម ។

ភ្នំតារូង​តារាជ-នៅ​ឆា្ង​យ​ប៉ុន្មានពី​ភ្នំ​នេះមាន​ភ្នំ​តា​រូង​តា​រាជជា​ភ្នំ​២​ជាប់​គ្នា​ ​ស្ថិត​នៅក្នុង​ឃុំ​ព្រង។ មិន​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ដល់​ភ្នំ​នេះ​ទេ ។ ​ភ្នំ​នេះ​ត្រូវ​បាន​កងទ័ព​ខ្មែរក្រហមយក​ប្រជាជន​ខ្មែរ​ដែល​មានទោស​ជាប់​ខ្លួន មក​បង្ខំ​ជីក​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​គោលបំណង​ធ្វើ​ជា​លេណដ្ឋាន​យ៉ាង​ធំ​សម្រាប់​លាក់ខ្លួន ស្បៀងអាហារ គ្រាប់រំសេវ ក្នុង​ការ​ធ្វើសឹក​សង្គ្រាម ។

ភ្នំ​នេះ​មាន​រូង​ចូល​ទៅ​ខាងក្នុង​ធ្លាយ​ទៅ​ដល់​កណ្ដាល​ភ្នំ​ ហើយ​ឡើង​ត្រង់​ចេញ​ទៅ​លើ​ដល់​​កំពូលភ្នំ ដែល​មាន​ទំហំ​ប្រមាណ ៤​ម៉ែត្រ​បួន​ជ្រុង ។ នៅ​ក្នុង​រូងភ្នំ​នេះ ​ក៏​មាន​ជីក​ជា​បន្ទប់សម្ងាត់​សម្រាប់​ដាក់​កងទ័ព វិទ្យុទាក់ទង​ផង​ដែរ ។

បច្ចុប្បន្ន​ រូង​នេះ​ត្រូវ​បាន​ទឹក​លិច​ពាក់កណ្ដាល​រូង​ទៅ​ហើយ មិនសូវ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​​ទេ ​៕​ (មានតទៅលេខក្រោយទៀត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ