ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ត្រកួន​ធ្លាក់​ចុះ​គ្មាន​អ្នកទិញ កសិករ​អ្នក​ដាំ​សម្រេចចិត្ត​បោះចោល ​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ត្រកួន​គ្រាប់ ​(​ឬ​ហៅ​ថា ​ត្រកួន​ចិន​) ត្រូវ​បាន​ប្រជាពលរដ្ឋ​សម្រេចចិត្ត​បោះចោល និង​​ច្រូត​យក​ទៅ​ឱ្យ​សត្វ​គោ​ស៊ី​ក៏​ព្រោះតែ​កសិករ​ដាំ​លក្ខណៈ​គ្រួសារ ​ហើយ​មាន​តម្លៃ​ទាប​រហូត​ដល់​៥០០​រៀល និង​៤០០​រៀល​ក្នុង​១​គីឡូក្រាម​ ។…

ខេត្តកំពង់ស្ពឺ ​៖ ត្រកួន​គ្រាប់ ​(​ឬ​ហៅ​ថា ​ត្រកួន​ចិន​) ត្រូវ​បាន​ប្រជាពលរដ្ឋ​សម្រេចចិត្ត​បោះចោល និង​​ច្រូត​យក​ទៅ​ឱ្យ​សត្វ​គោ​ស៊ី​ក៏​ព្រោះតែ​កសិករ​ដាំ​លក្ខណៈ​គ្រួសារ ​ហើយ​មាន​តម្លៃ​ទាប​រហូត​ដល់​៥០០​រៀល និង​៤០០​រៀល​ក្នុង​១​គីឡូក្រាម​ ។ តម្លៃ​ទាប​ហើយ​ឈ្មួញកណ្តាល​មិន​ទិញ​ថែម​ទៀត​ផង ទើប​កសិករ​ម្នាក់​សម្រេចចិត្ត​បោះចោល​តែ​ម្តង​ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោក សៅ ស៊ន អាយុ​៦៧​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​
អ​ង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោកពូ​សម្រេចចិត្ត​បោះចោល​ត្រកួន​គ្រាប់​ (​ឬ​ហៅ​ថា​ត្រកួន​ចិន​)​នេះ ចងឱ្យ​សត្វ​គោ​ស៊ី​គឺ ដោយសារ​តែ​ឈ្មួញកណ្តាល​មិន​ទិញ គ្មាន​អ្នកទិញ​សោះ បើ​ទោះជា​តម្លៃ​ធ្លាក់​ចុះ​ទាប​ រហូត​ដល់​៥០០​រៀល ទៅ​៤០០​រៀល​ក្នុង​១​គីឡូក្រាម​នោះ​ ។

លោក សៅ ស៊ន បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ដាំ​ត្រកួន​គ្រាប់ (​ឬ​ហៅ​ថា ​ត្រកួន​ចិន​) ​នេះ​ ការ​ចំណាយ​អស់​គួរសម​ដែរ សម្រាប់​ធ្វើ​ចំនួន​ពីរ​រង​នេះ ទាំង​ជួល​គេ​ភ្ជួរ​រាស់​ដី បាច​គ្រាប់ ជី និង​ចំណាយ​ផ្សេង​ៗ​អស់​ចាប់ពី​៤០ ទៅ​៥០​ម៉ឺន​រៀល​។ បើ​តម្លៃ​ចាប់ពី​១០០០​រៀល​ឡើង​ទៅ​ ទើបបាន​ចំណេញ​ប្រាក់​គ្រាន់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួ​សារបាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ តម្លៃ​ធ្លាក់​រហូត​ដល់​៤០០​រៀល​ទៅ​ហើយ​នោះ​ច្បាស់​ជា​ខាតដើម​ហើយ​ ។

ចំពោះ​ការ​ថែទាំ​ត្រកួន​វិញ​ ងាយស្រួល​ទេ​ គឺ​បន្ទាប់​ពី​បាច​គ្រាប់​បាន​៣ ទៅ​៤​ថ្ងៃ បាច​ជីធម្មជាតិ មាន​ដូច​ជា​ជី​អាចម៍មាន់ អាចម៍​ទា អាចម៍គោ​ជាដើម ហើយ​ក៏​មាន​លាយ​ជី​របស់​ក្រុមហ៊ុន​តិចតួច​ដែរ បើ​ខែប្រាំង​ស្រោច​ទឹក​រាល់ថ្ងៃ​។ លុះ​ត្រកួន​អាយុកាល​បាន​ចំនួន​១០​ថ្ងៃ​ យើង​ចាប់​បាច​ជី​ម្តងទៀត​ត្រកួន​សាល់​ល្អ លុះដល់​អាយុ​១៧ ទៅ​១៨​ថ្ងៃ​គឺ​ប្រមូល​ផល​បាន​ហើយ​ ។

តម្លៃ​ត្រកួន​មិន​ស្ថិតស្ថេរ​នោះ​ទេ គឺ​តម្លៃ​នៅ​លើ​មាត់​របស់​អ្នកទិញ​ ឬ​ក៏​ឈ្មួញកណ្តាល​តែ​ប៉ុណ្ណោះ ជួន​ពេល​ខ្លះ​ តម្លៃ​ត្រកួន​អាច​ឈាន​ដល់​៣០០០​រៀល ទៅ​៤០០០​រៀល​ក្នុង​១​គីឡូក្រាម​ក៏​មាន ហើយ​សម្រាប់​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​៥០០​រៀល រហូត​ដល់​៤០០​រៀល​ក៏​មាន​ដែរ​។ តម្លៃ​ធ្លាក់​ចុះ​ត្រកួន​កសិករ​កំពុង​ប្រមូល​ហើយ មិន​មាន​អ្នកទិញ​ថែម​ទៀត​នោះ ទើប​គាត់​ស​ម្រ​ច​ចិត្ត​បោះចោល ច្រូត​យក​ឱ្យ​សត្វ​គោ​ស៊ី និង​ចង​សត្វ​គោ​ឱ្យ​ស៊ី​ត្រកួន​នេះ​តែ​ម្តង​។ គាត់​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ប៉ុន្តែ​ធ្វើ​មិច​បើ​គ្មាន​អ្នកទិញ​លក់​មិន​ចេញ​។

ជា​ចុង​ក្រោយ ​លោកពូ សៅ ស៊ន ជា​កសិករ​អ្នក​ដាំ​ត្រកួន​ធ្វើការ​សំណូមពរ​ដល់​អ្នកទិញ ឬ​ហៅ​ថា​ឈ្មួញកណ្តាល​នោះ មេត្តា​ជួយ​ឱ្យ​តម្លៃ​ដល់​កសិករ​អ្នក​ដាំ​ផង ចង់បាន​ណាស់​តម្លៃ​ថេរ​ត្រឹម​តម្លៃ​១០០០​រៀល​ ក៏​បាន​ចំនេញ​ខ្លះ​ដែរ មិនបាច់​ឡើង​ចុះ​តាមតែ​មាត់​នោះ​ទេ​។ និង​សូម​ឱ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​ទីផ្សារ​ដល់​កសិករ​ដែល​ដាំ​ដំណាំ​បន្លែ​ ជា​ពិសេស​ត្រកួន​គ្រាប់​(​ឬ​ហៅ​ថា​ត្រកួន​ចិន​)​នេះ ឱ្យ​មាន​តម្លៃ​ថ្លៃ​ផង​ទាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ