ទីក្រុងប៉េកាំង៖ ថ្មីៗនេះ រដ្ឋាភិបាលចិនបានចេញសេចក្ដីសម្រេចថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺលែងអនុញ្ញាតឱ្យជនជាតិបរទេសស្មុំកូនជាជនជាតិចិនយកទៅចិញ្ចឹមតទៅទៀតហើយ។ មានន័យថាគោលនយោបាយស្មុំកូនដែលប្រទេសចិនបានអនុវត្តរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះត្រូវបិទបញ្ចប់នៅពេលនេះហើយ។ កាលពីមុននេះ មូលហេតុដែលប្រទេសចិនអនុញ្ញាតឱ្យជនជាតិបរទេសស្មុំកូនចិនយកទៅចិញ្ចឹមដោយសារគ្រួសារនីមួយៗអាចនឹងមានកូនលើសពីម្នាក់ ខណៈដែលច្បាប់ប្រទេសនេះអនុញ្ញាតឱ្យគ្រួសារនីមួយៗមានកូនតែម្នាក់។
ចាប់ពីឆ្នាំ១៩៩២រហូតមកដល់ពេលបច្ចុប្បន្ននេះ កុមារជនជាតិចិនជាង១សែន ៦ម៉ឺននាក់ត្រូវជនជាតិបរទេសស្មុំយកទៅចិញ្ចឹមនៅទូទាំងពិភពលោក។ នៅក្នុងចំណោមនោះ កុមារជនជាតិចិន៨ម៉ឺន ២ពាន់នាក់មានប៉ាម៉ាក់ចិញ្ចឹមជាជនជាតិអាមេរិក។ ភាគច្រើនជាកូនស្រី។ នេះបើយោងតាមរបាយការណ៍របស់អង្គការអន្តរជាតិស្រាវជ្រាវអំពីកុមារជនជាតិចិន។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅនីង (Mao Ning) ថ្លែងថារដ្ឋាភិបាលបានកែប្រែគោលនយោបាយស្មុំកូនសម្រាប់ជនជាតិបរទេស។ លោកស្រីថ្លែងបន្តទៀតថាគោលនយោបាយនេះអនុវត្តស្របតាមនិន្នាការរបស់ប្រទេសនានានៅទូទាំងពិភពលោក។ «ប្រទេសចិនលែងអនុញ្ញាតឱ្យជនជាតិបរទេសស្មុំកុមារតូចៗជនជាតិចិនយកទៅចិញ្ចឹមតទៅទៀតហើយ។ លើកលែងតែជនជាតិបរទេសនោះជាប់សាច់ឈាមគ្នានឹងកុមារដែលពួកគេចង់យកទៅចិញ្ចឹម»។
គេមិនទាន់ដឹងថាតើរដ្ឋាភិបាលចិននឹងមាននីតិវិធីបែបណាចំពោះជនជាតិបរទេសដែលសុំកូនយកទៅចិញ្ចឹមតាំងពីមុនពេលគោលការណ៍ថ្មីចូលជាធរមានប៉ុន្តែមិនទាន់សុំបាននៅឡើយទេ។ ដូច្នេះមិនដឹងថាតើរដ្ឋាភិបាលចិនអនុញ្ញាតឱ្យពួកគេរត់ការលិខិតស្នាមជាបន្តទៀតរហូតដល់ចប់ចុងចប់ដើម? ឬក៏លុបចោលវិញទាំងកណ្ដាលទី?
ឥឡូវនេះ អ្វីដែលប្រទេសចិនបារម្ភខ្លាំងគឺយុវជនស្រករក្រោយលែងចង់រៀបការមានប្រពន្ធ មានកូនតទៅទៀត។ បើទុកជាពួកគេរៀបការរួចហើយ ក៏ពួកគេមិនទាន់ចង់ទុកកូនភ្លាមៗដែរ។ ហេតុនេះ អត្រាកំណើតរបស់កុមារ និងអត្រាមរណភាពប្រចាំឆ្នាំមិនសមាមាត្រគ្នាទេ។ មានន័យថាមនុស្សស្លាប់ច្រើនជាងមនុស្សកើតថ្មី។
មិនមែនតែប្រទេសចិនទេ សូម្បីតែកូរ៉េខាងត្បូង និងជប៉ុនក៏ប្រឈមនឹងបញ្ហានេះដូចគ្នា។ នៅជប៉ុន រដ្ឋាភិបាលលើកទឹកចិត្តឱ្យនារីៗទុកកូន។ រដ្ឋនឹងរ៉ាប់រងចិញ្ចឹមកូនព្រមទាំងផ្ដល់ការឧបត្ថម្ភគាំទ្រជាច្រើនទៀតដល់ស្ត្រីជាម្ដាយ។ កូរ៉េខាងត្បូងកំពុងបារម្ភយ៉ាងខ្លាំងថាបើបណ្ដោយឱ្យអត្រាកំណើតធ្លាក់ចុះដល់កម្រិតទាបដូចសព្វថ្ងៃនេះទៀត ប្រទេសជាតិនឹងជួបនឹងហានិភ័យខ្ពស់។
ដោយសារប្រទេសចិនមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក រដ្ឋសន្យាផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីជាម្ដាយ។ ប៉ុន្តែនារីជនជាតិចិនភាគច្រើនមិនចង់ទុកកូនទេ។ ពួកគេសម្លឹងឃើញបញ្ហាមួយចំនួន។ ឧទាហរណ៍ ទី១-នៅពេលមានកូនតូច ពួកគេត្រូវចំណាយលុយជួលគេមើលកូន ខណៈដែលឪពុក និងម្ដាយចេញទៅធ្វើការបាត់ៗ, ទី២-ពួកគេបារម្ភអំពីបញ្ហាអត់ការងារធ្វើ។
បើរវល់តែមានផ្ទៃពោះទម្រាំដល់ពេលសម្រាល ថៅកែក្រុមហ៊ុនអាចនឹងផ្ដាច់កុងត្រាការងារចោលទៅរកបុគ្គលិកថ្មីទៀត និងទី៣-ពួកគេកំពុងខ្វាយខ្វល់នឹងស្ថានភាពសេដ្ឋកិច្ចជាតិកំពុងដើរធាក់ថយចាប់តាំងពីវិបត្តិកូវីដ១៩។ ដូច្នេះ ពួកគេមិនហ៊ានប្រថុយនឹងបញ្ហានេះប៉ុន្មានទេ៕
ចែករំលែកព័តមាននេះ