ខេត្តកំពត ៖ ពលរដ្ឋជាកសិករ៤នាក់ដែលបានជួបគ្រោះធម្មជាតិដោយសាររន្ទះបាញ់ កាលពីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៤ ខណៈពួកគាត់កំពុងជ្រកភ្លៀងនៅក្នុងខ្ទមមួយស្ថិត ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ កន្លងមកថ្មីៗនេះ ក្នុងចំណោមជនរងគ្រោះប្រុស-ស្រីទាំង៤នាក់នោះ មាន៣នាក់បានជាសះស្បើយវិលត្រឡប់មកផ្ទះវិញហើយ ។សូមរំលឹកថា៖ ពលរដ្ឋ៤នាក់កំពុងជ្រកភ្លៀងក្នុងផ្ទះ បែររន្ទះតាមបា.ញ់បានទៀត
ដោយឡែក នៅតែជនរងគ្រោះម្នាក់ឈ្មោះ វង់ ថា ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករក្រីក្រ មុខរបររកស៊ីឡើងភ្នំបោចគមផ្តៅលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងមានកូនតូចៗនៅរៀនក្នុងបន្ទុកចំនួន៤នាក់ កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយក្នុងគ្រួសារមួយនេះមានពលកម្មតែបុរសជាឪពុកម្នាក់ដោយប្រពន្ធជាមេផ្ទះ មើលថែកូនតូចៗផងនិងមានសុខមិនសូវល្អផង ។
ហើយពេលនេះ បុរសជាឪពុកជួបគ្រោះរន្ទះបាញ់រងរបួសធ្ងន់ អស់រយៈពេល៤ថ្ងៃហើយសន្លប់នៅមិនទាន់ដឹងខ្លួននៅឡើយទេ ។ ហើយត្រូវបានមន្ទីរពេទ្យបង្អែកខេត្តកំពតបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ហៅមន្ទីរពេទ្យរុស្ស៊ី) ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្នុងភូមិជាមួយបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះវង់ថា មានជីវភាពក្នុងបន្ទុកគ្រួសាររបស់គាត់មានការយ៉ាប់យ៉ឺនខ្លាំងណាស់ ដោយគាត់មានកូនតូចៗមិនទាន់មានពលកម្មដល់ទៅបួននាក់នៅក្នុងបន្ទុក ហើយកំពុងនៅរៀនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្រួសារមួយនេះមានផ្ទះនៅក្នុងភូមិមួយដាច់ស្រយាល គ្មាន
ប្រព័ន្ធទឹកភ្លើងតបណ្តាញទៅដល់ឡើយនៅក្នុងគ្រួសារមួយនេះ សង្ឃឹមតែបុរសរងគ្រោះជាឪពុកម្នាក់គត់ជាអ្នករករបរទទួលទានក្នុងបន្ទុកគ្រួសារពេលនេះឪពុកជួបគ្រោះដោយរន្ទះបាញ់រងរបួសធ្ងន់ធ្ងរ ហើយគ្មានប្រាក់ទិញអាហារហូបចុកព្យាបាល និងដោះស្រាយជីវភាពក្នុងគ្រួសារយ៉ាងនេះ ពួកគាត់មិនដឹងទៅសង្ឃឹមលើអ្វីនោះឡើយ មានតែសុំអំពាវនាវដល់សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងបងប្អូនជាសប្បុរសជនខ្មែរក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិកាតាមកំលាំងសទ្ធាដល់ក្រុមគ្រួសារដែលកំពុងជួបនូវការខ្វះខាតខាងលើនេះផង ។
ចែករំលែកព័តមាននេះ