អូឡាំពិក ២០២៤ ៖ អ៊ុយក្រែនព្រមានធ្វើពហិការ បើអត្តពលិករុស្ស៊ី-បេឡារុសបានសិទ្ធិចូលរួម
អ៊ុយក្រែន ៖ យោងតាមប្រភពពីសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស ដែលចេញផ្សាយ
អ៊ុយក្រែន ៖ យោងតាមប្រភពពីសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស ដែលចេញផ្សាយ
អ៊ុយក្រែន ៖ យោងតាមប្រភពពីសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីកីឡាប្រទេសអ៊ុយក្រែន លោក Vadym Guttsait បានព្រមានថា អ៊ុយក្រែននឹងពិចារណាធ្វើពហិការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ បើអត្តពលិករបស់រុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឱ្យចូលរួម។ គួររំលឹកថា IOC បើកទ្វារឱ្យអត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមប្រកួតព្រឹត្តិការណ៍នៅបារាំង និងអ៊ីតាលី
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC បានលើកឡើង កាលពីថ្ងៃទី២៥ ខែមករា ថា ខ្លួនកំពុងបន្តធ្វើការងារលើផ្លូវមួយ ដែលអាចអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស អាចចូលរួមប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនេះគឺជាទង្វើមួយ ទទួលបានការរិះគន់យ៉ាងខ្លាំង ដោយរដ្ឋាភិបាលអង់គ្លេស។
IOC បានផ្តល់ដំបូន្មានដល់សហព័ន្ធកីឡាអន្តរជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺនៅថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដើម្បីដកសិទ្ធិអត្តពលិករុស្ស៊ី ចេញពីការប្រកួតរបស់ពួកគេ ដោយគ្រានោះ ប្រធាន IOC លោក Thomas Bach បានពណ៌នាថា ជាវិធានការដើម្បីការពារអត្តពលិកទាំងនោះ។
ប៉ុន្តែពេលនេះ IOC បានអំពាវនាវឱ្យអត្តពលិកទាំងអស់ ត្រូវតែប្រកាន់យកដោយស្មើភាពគ្នា ហើយបាននិយាយថា រដ្ឋាភិបាលប្រទេសទាំងអស់មិនត្រូវសម្រេចចិត្តថា តើអត្តពលិកណាអាចចូលរួមក្នុងការប្រកួតមួយណា និងអត្តពលិកណាមិនអាចនោះទេ។
ជុំវិញបញ្ហានេះ លោក Vadym Guttsait រដ្ឋមន្ត្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករបស់អ៊ុយក្រែនផងដែរនោះ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវតែធ្វើឡើង ដើម្បីប្រាកដថា ប្រទេសរុស្ស៊ី និងបេឡារុស្ស មិនត្រូវបានតំណាងដោយមធ្យោបាយណាមួយ នៅក្នុងព្រឹត្តិការណ៍កីឡាពហុកីឡាដ៏អស្ចារ្យនៅរដូវក្តៅក្រោយ។
លោកបានបញ្ជាក់នៅក្នុងសំណេរ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា «ផ្នែកមួយនៃសហព័ន្ធអន្តរជាតិ មានការខឹងសម្បារចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IOC ក្នុងការលើកកម្ពស់ការវិលត្រឡប់របស់ជនជាតិរុស្ស៊ី និងបេឡារុស។ យើងបានដោះស្រាយ ហើយនឹងដោះស្រាយដល់អង្គការអន្តរជាតិទាំងអស់ ដែលអាចមានឥទ្ធិពលលើស្ថានភាព និងយោបល់របស់សមាជិក IOC ដែលអាចស្តាប់បាន»។
«ជំហររបស់យើងមិនផ្លាស់ប្តូរនោះទេ ដរាបណាមានសង្គ្រាមនៅអ៊ុយក្រែន អត្តពលិករុស្ស៊ី និងបេឡារុស មិនគួរចូលរួមក្នុងការប្រកួតអន្តរជាតិនោះទេ។ បច្ចុប្បន្នការងារកំពុងដំណើរការលើជំហាន ដែលអាចកើតមានបន្ថែមទៀតលើជំហានដំបូង ដើម្បីបន្តដាក់ទណ្ឌកម្ម និងរារាំងជនជាតិរុស្ស៊ី និងបេឡារុសពីការប្រកួតប្រជែងអន្តរជាតិ។ ហើយប្រសិនបើការលើកឡើងរបស់យើងមិនត្រូវបានអើពើ ខ្ញុំមិនបដិសេធពីលទ្ធភាពដែលយើងនឹងធ្វើពហិការ និងបដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឡើយ»។ នេះជាការលើកឡើងរបស់លោក Guttsait។
ក្រៅពីផ្ទុះប្រតិកម្មខ្លាំងពីរដ្ឋាភិបាលអ៊ុយក្រែននោះ ក្រុមសិទ្ធិអត្តពលិកសកល Global Athlete ក៏បានសម្តែងការមិនពេញចិត្តផងដែរ ដោយថែមទាំងបានចេញសេចក្តីថ្លែងការណ៍មួយថា ផែនការរបស់ IOC ក្នុងការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលខាងមុខ គឺគ្រាន់តែពង្រឹងម៉ាស៊ីនឃោសនារបស់រុស្ស៊ី តែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ