ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១០០​ឆ្នាំ​! ទីបំផុត​រក​ឃើញ​ហើយ​ កីឡាករ​អាស៊ី​ដំបូង​គេ​ឈ្នះ​ជើងឯក​ស្នូកឃ័រ​ពិភពលោក

8 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ លោក Zhao Xintong បាន​ក្លាយជា​កីឡាករ​ស្នូកឃ័រ​ជនជាតិ​ចិន និង​អាស៊ី​ដំបូង​គេ​បំផុត ដែល​បាន​ឈ្នះ​ជើងឯក​ស្នូកឃ័រ​ពិភពលោក (World Snooker…

ចក្រភព​អង់គ្លេស ៖ លោក Zhao Xintong បាន​ក្លាយជា​កីឡាករ​ស្នូកឃ័រ​ជនជាតិ​ចិន និង​អាស៊ី​ដំបូង​គេ​បំផុត ដែល​បាន​ឈ្នះ​ជើងឯក​ស្នូកឃ័រ​ពិភពលោក (World Snooker Championship) ជាមួយនឹង​ជ័យជម្នះ​លើ​កីឡាករ​ជនជាតិ​វែ​លស៍​ដែល​ជា​ម្ចាស់​ជើងឯក​ពិភពលោក​៣​សម័យ លោក Mark Williams លទ្ធផល ១៨​ទល់​នឹង​១២ នៅ​ឯ​សាល Crucible ទីក្រុង Sheffield ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥​។

ក្រោយ​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ចិន និង​ទ្វីបអាស៊ី​ទាំងមូល នៅ​ឯ​ព្រឹត្តិការណ៍​ជើងឯក​ស្នូកឃ័រ​ពិភពលោក​ប្រចាំឆ្នាំ ២០២៥ ព្រមទាំង​ក្រសោប​ប្រាក់​រង្វាន់​ចំនួន​៥០​ម៉ឺន​ផោន (​ជិត​៦៦៥ ០០០​ដុល្លារ​អា​មេ​រិ​ក​) កីឡាករ Zhao Xintong វ័យ​២៨​ឆ្នាំ បាន​ថ្លែង​ដោយ​លើក​ទង់ជាតិ​ចិន​ថា «​ខ្ញុំ​មិន​អាច​ជឿ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ទេ​។ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​យប់​នេះ​។ Mark Williams នៅ​តែ​ជា​កីឡាករ​កំពូល​ម្នាក់ ហើយ​បាន​ដាក់​សម្ពាធ​ខ្លាំង​ៗ​មក​លើ​ខ្ញុំ គាត់​គឺជា​កីឡាករ​ស្នូកឃ័រ​ល្អ​បំផុត​ម្នាក់​។ Zhao បន្ថែម​ទៀត​ថា «​នេះ​គឺជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​ខ្ញុំ សម្រាប់​កីឡា​ស្នូកឃ័រ​ចិន និង​សម្រាប់​អ្នក​រាល់គ្នា​»​។

មុន​ឈាន​ដល់​ក្លាយជា​ម្ចាស់​ជើងឯក​ស្នូកឃ័រ​ពិភពលោក​ឆ្នាំ ២០២៥ និង​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​បំផុត​ក្នុង​រយៈពេល​៩៨​ឆ្នាំ​ដែល​ឈ្នះ​ជើងឯក ពោល​គឺ​ចាប់តាំងពី​ពានរង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩២៧ នោះ កីឡាករ Zhao Xintong បាន​បង្ករឿង​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​ពិភពលោក តាម​រយៈ​ការ​ទម្លាក់​កីឡាករ​ឆ្នើម​អង់គ្លេស Ronnie O’Sullivan ម្ចាស់​ជើងឯក​ពិភពលោក​៧​សម័យកាល នៅ​វគ្គ​៤​នាក់​ចុង​ក្រោយ ដោយ​លទ្ធផល ១៧​ទល់​នឹង​៧​។

សូម​ជម្រាប​ផង​ដែរ​ថា មុន​ឈាន​ដល់​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​៤​ជុំ ដើម្បី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​សាល Crucible ដណ្តើម​ជើងឯក​ឆ្នាំ​នេះ គឺជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​របស់​កីឡាករ Zhao Xintong ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​ដងកឺ​វិញ ក្រោយ​ទទួល​ការ​ពិន័យ​ព្យួរ​សកម្មភាព​ប្រកួត​រយៈពេល​២០​ខែ​នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​រឿង​រៀបចំ​លទ្ធផល​ប្រកួត​ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​វិស័យ​កីឡា​ស្នូកឃ័រ​។ Zhao គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​១០​នាក់​មក​ពី​ប្រទេស​ចិន ដែល​ត្រូវ​បាន​ពិន័យ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ​៕ ប្រភព ៖ CNN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ