ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ប្រកាស​ម្ចាស់​ថ្មី ខណៈ​ចំណូល​ពី​ការ​លក់​ទាំងអស់​ត្រូវ​បរិច្ចាគ​ទៅ​អង្គការ​សប្បុរសធម៌

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Chelsea កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រកាស​អំពី​ការ​យល់ព្រម​លើ​លក្ខខណ្ឌ​

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Chelsea កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រកាស​អំពី​ការ​យល់ព្រម​លើ​លក្ខខណ្ឌ​នៃ​ការ​លក់​ក្លិប​នៅ​ក្នុង​តម្លៃ ៥,២​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​អា​មេ​រិ​ក លោក Todd Boehly ។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​។ គួររំលឹកថា ពិសេស​ណាស់​! ប្រាក់​ចំណេញ​ទាំង​អស់ពី​ការ​លក់​ក្លិប Chelsea នឹង​បរិច្ចាគ​ទៅ​ជន​រង​គ្រោះ​នៅ​អ៊ុយ​ក្រែ​ន

ក្លិប Chelsea ត្រូវ​ប្រកាស​ដាក់​លក់​តាំងពី​មុន​ពេល​ដែល​ម្ចាស់​ក្លិប​ចាស់​គឺ​លោក Roman Abramovich ទទួល​រង​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​អង់គ្លេស​ជុំវិញ​ការ​ចោទប្រកាន់​ថា មហាសេដ្ឋី​រុ​ស្ស៊ី​រូប​នេះ មាន​ទំនាក់ទំនង​ស្និ​ទ្ធិ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បន្ទាប់​ពី​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​។

សេចក្តីថ្លែងការណ៍​របស់​ក្លិប Chelsea បាន​បញ្ជាក់​ថា ម្ចាស់​ក្លិប​ថ្មី​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ភាគហ៊ុន​របស់​ក្លិប​។ ហើយ​ប្រាក់​ចំណូល​ទាំងអស់​បាន​ពី​ការ​លក់​ក្លិប នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គណនី​ធនាគារ​អង់គ្លេស​ដែល​បាន​បង្កក ដើម្បី​បរិច្ចាគ​ទៅ​អង្គការ​សប្បុរសធម៌​។ ដូចដែល​លោក Roman Abramovich បាន​បញ្ជាក់​កន្លង​មក​។

សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​ទិញ​ក្លិប Chelsea ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Boehly​។ ប៉ុន្តែ​ក្រុមហ៊ុន Clearlake Capital ដែល​ជា​ក្រុមហ៊ុន​មូលធន​ឯកជន​របស់​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​នឹង​កាន់កាប់​ភាគហ៊ុន​ភាគច្រើន​នៅ​ក្នុង​ក្លិប​មួយ​នេះ ។ ខណៈ​ដែល​អ្នក​វិនិយោគ​ផ្សេង​ទៀត​រួម​មាន​មហាសេដ្ឋី​អា​មេ​រិ​ក​លោក Mark Walter និង​មហាសេដ្ឋី​ស្វី​សលោក Hansjoerg Wyss​។ ហើយ​ការ​លក់​ត្រូវ​បាន​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា​នេះ​។ ហើយ​ការ​កាន់កាប់​ក្លិប​នេះ​ទៀត​សោត នឹង​តម្រូវ​ឱ្យ​មានការ​យល់ព្រម​ពី​អាជ្ញាធរ​បាល់ទាត់​អង់គ្លេស និង​រដ្ឋាភិបាល​អង់គ្លេស​ផង​ដែរ​។

សូម​ជម្រាប​ថា បើ​យោង​តាម​ទស្សនាវដ្តី Forbes បាន​បង្ហាញ​ថា លោក Todd Boehly មានទ្រព្យ​សុទ្ធ​ចំនួន ៤,៥​ពាន់​លាន​ដុល្លារ ។ ហើយ​នៅ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កីឡា គាត់​គឺជា​សហ​ម្ចាស់​ក្លិប LA Dodgers នៃ​កីឡា​បេ​ស្ប​ល​អា​មេ​រិ​ក (Baseball) និង​ក្រុមកីឡា​បាល់បោះ​នារី​អា​មេ​រិ​ក Los Angeles Sparks រួម​និង​ជា​ម្ចាស់​ភាគហ៊ុន​នៅ​ក្នុង​សិទ្ធិ​ផ្តាច់មុខ​របស់​ក្លិប Los Angeles Lakers ដែល​ជា​ក្លិប​បាល់បោះ​បុរស​ដ៏​ល្បីល្បាញ​បំផុត​របស់​អាម​រិ​ក​៕ (​ដកស្រង់​ចេញពី BBC និង CNN)

មហាសេដ្ឋីអាមរិក លោក Todd Boehly
មហាសេដ្ឋីអាមរិក លោក Todd Boehly
មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ