ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអីអញ្ចេះ! អ្នកគាំទ្រត្រូវបានហាមឃាត់មិនឱ្យទិញឯកសណ្ឋានអាល្លឺម៉ង់ថ្មីមានលេខ ៤៤

3 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្សរបស់អាល្លឺម៉ង់ Adidas បានហាមឃាត់អ្នក

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្សរបស់អាល្លឺម៉ង់ Adidas បានហាមឃាត់អ្នកគាំទ្របាល់ទាត់មិនឱ្យទិញឯកសណ្ឋានក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលមានលេខ ៤៤ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងពីភាពស្រដៀងគ្នាទៅនឹងនិមិត្តសញ្ញា SS ដែលប្រើដោយអង្គភាពរបស់គណបក្សណាស៊ី (Nazi) នាសម័យសង្គ្រាមលោកលើកទីពីរ។ ស្របពេលអ្នកនាំពាក្យ Adidas លើកឡើងថា ក្រុមហ៊ុននឹងរារាំងការបោះពុម្ពលេខ ៤៤ នៃអាវជម្រើសជាតិអាល្លឺម៉ង់។

អង្គភាព Schutzstaffel ឬ SS គឺជាអង្គភាពយោធាដ៏សំខាន់ និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តដោយពួកណាស៊ី។ ពាក់ព័ន្ធបញ្ហាលេខស្រដៀងនឹងនិមិត្តសញ្ញាអង្គភាពគណបក្សណាស៊ី ត្រូវបានលើកឡើងដំបូងដោយប្រវត្តិវិទូអាល្លឺម៉ង់ លោក Michael König ដែលអះអាងថា ការរចនាឯកសណ្ឋានថ្មីរបស់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ គួរឱ្យសង្ស័យណាស់។ និមិត្តសញ្ញា SS បានរចនាឡើងនៅក្នុងឆ្នាំ ១៩២៩ សម្រាប់ប្រើដោយអង្គភាពណាស៊ី ហើយសមាជិកនៃអង្គភាពនេះ រាប់ចាប់ពីភ្នាក់ងារ Gestapo ដែលជាប៉ូលិសសម្ងាត់ណាស៊ី រហូតដល់ឆ្មាំជំរំប្រមូលផ្តុំ។ ភារកិច្ចរបស់អង្គភាព SS រួមមាន ការគ្រប់គ្រងជំរំមរណៈជនជាតិយូដារាប់លាននាក់ និងអ្នកផ្សេងទៀត ដែលត្រូវបានសម្លាប់។

យ៉ាងណាមិញ លោក Oliver Brüggen អ្នកនាំពាក្យក្រុមហ៊ុន Adidas លើកឡើងថា ក្រុមហ៊ុនគ្មានចេតនារចនាម៉ូដលេខ ៤៤ ស្រដៀងនឹងនិមិត្តសញ្ញាណាស៊ីនោះទេ។ លោកបន្តថា «យើងជាក្រុមហ៊ុនប្ដេជ្ញាចិត្តប្រឆាំងនឹងការស្អប់ខ្ពើម ការប្រឆាំងនឹងពូជពង្សយូដា ក៏ដូចជា អំពើហិង្សា និងការស្អប់ខ្ពើមគ្រប់រូបភាព។ ក្រុមហ៊ុន Adidas ក៏បានបញ្ជាក់ប្រាប់ BBC ដោយឡែកពីគ្នាថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដែលហៅកាត់ថា DFB និងដៃគូរបស់ខ្លួនបានរចនាលេខនៅលើឯកសណ្ឋានថ្មី ហើយការរចនាអាវត្រូវបានដាក់ជូនសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដើម្បីពិនិត្យអំឡុងពេលដំណើរការរចនា ហើយគ្មាននរណាម្នាក់ក្នុងចំណោមភាគីពាក់ព័ន្ធបានឃើញភាពស្រដៀងជាមួយនឹងនិមិត្តសញ្ញាណាស៊ីនោះទេ។ ពួកគេក៏បានបន្ថែមថា ការរចនាម៉ូដជំនួសសម្រាប់លេខ ៤ នឹងត្រូវបានបង្កើតឡើង។

ក្រុមហ៊ុន Adidas គឺជាដៃគូផលិតអាវក្រុមជម្រើសជាតិអាល្លឺម៉ង់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ ។ ទោះយ៉ាងក៏ដោយ ការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ ដោយបញ្ចប់ភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡាខ្នាតយក្សរបស់អាល្លឺម៉ង់ ដើម្បីចាប់យកក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Nike ដែលជាគូប្រជែង ចាប់ពីឆ្នាំ ២០២៧ រហូតដល់ឆ្នាំ ២០៣៤ ទទួលបានការរិះគន់ពីសំណាក់លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ថា ខ្វះភាពស្នេហាជាតិ។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro នៅឆ្នាំនេះ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងចំនួន ១០ ផ្សេងៗគ្នា ចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ