ខេត្តកណ្តាល ៖ សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២ ខែមិថុនា បានប្រកាសសាលក្រមផ្តន្ទាទោសបក្សពួកចោរប្លន់ប្រដាប់អាវុធ៣នាក់ដែលបានសម្លាប់មនុស្សអស់៣នាក់ ជាម្ចាស់ផ្ទះលក់បាយ កាហ្វេយីហោបុប្ផាកំពូលភ្នំ ស្ថិតនៅក្បែររង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០។
សាលាដំបូងបានប្រកាសសាលក្រមផ្តន្ទាទោសមេឃាតកដៃឆើតឈ្មោះសុខ សេង ភេទប្រុស អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះប៊ុន វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិរកាធំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ដោយចោទប្រកាប់ពីបទមនុស្សឃាតគិតទុកជាមុន ដែលជន២នាក់នេះជាជនដៃដល់សម្លាប់មនុស្ស៣នាក់។ ចំណែកជនម្នាក់ទៀតឈ្មោះតន់ សារុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ពន្ធនាគារ១៥ឆ្នាំ។ ជននេះជាអ្នកជួលអាវុធឱ្យយកមកប្រើប្រាស់ធ្វើសកម្មភាពប្លន់ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងសមគំនិតក្នុងអំពើប្លន់។
ការប្រកាសសាលក្រមនេះធ្វើឡើងនៅចំពោះមុខជនជាប់ចោទទាំង៣នាក់ និងមេធាវីការពារក្តីរបស់ជនជាប់ចោទ និងក្រុមគ្រួសារជនរងគ្រោះ ដែលមានលោកស៊ិន វីរៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកកេង សុម៉ារិទ្ធ ចៅក្រមប្រឹក្សា និងលោកវង្ស ប៊ុនវិសុទ្ធ ជាព្រះរាជអាជ្ញាតំណាងអយ្យការ បន្ទាប់ពីធ្វើការជម្រះរឿងក្តីនេះកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ហើយតុលាការបានធ្វើការសាកសួរយ៉ាងលម្អិត និងរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើស និងសាក្សីជាច្រើនមកបំភ្លឺ ហើយជនជាប់ចោទក៏បានសារភាពពីទង្វើរបស់ខ្លួនរួចរាល់ផងដែរ។ ជនជាប់ចោទទាំង៣នាក់ ត្រូវបានប៉ូលិសខេត្តកណ្តាល សហការជាមួយប៉ូលិសខេត្តកំពង់ស្ពឺ និងប៉ូលិសរាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្តាប់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០ មានករណីប្លន់សម្លាប់មួយបានកើតឡើង គឺចំថ្ងៃបុណ្យភ្ជុំធំ ដោយជនសង្ស័យបានបាញ់សម្លាប់មនុស្ស៣នាក់នៅក្នុងផ្ទះលក់បាយ-កាហ្វេមួយកន្លែងយីហោ បុប្ផាកំពូលភ្នំ នៅខាងលិចជាប់រង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះសុខ គឺ ភេទស្រី អាយុ៤៨ឆ្នាំ និងកូនស្រីឈ្មោះតេង មួយគា អាយុ២៣ឆ្នាំ ព្រមទាំងអ្នកបម្រើម្នាក់ទៀតឈ្មោះប៉ាច ស្រីនី អាយុ១៧ឆ្នាំ ទាំង៣នាក់ ត្រូវជនជាប់ចោទបាញ់ចំក្បាលម្នាក់១គ្រាប់ស្លាប់ក្នុងបន្ទប់តែមួយយ៉ាងអាណោចអាធ័ម។ លុះព្រឹកឡើងថ្ងៃទី៩ ខែតុលា ទើបមានការភ្ញាក់ផ្អើលរឿងករណីឃាតកម្មនេះ ខណៈសាច់ញាតិជនរងគ្រោះទៅបើកទ្វារហៅ។
គួរបញ្ជាក់ផងដែរថា សាលាដំបូងខេត្តកណ្តាលកាត់ទោសឈ្មោះសុខ សេង ជាប់ពន្ធនាគារអស់មួយជីវិតនេះ គឺកាត់ទោសតែបទល្មើសបានប្រព្រឹត្តនៅខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែតុលា ប៉ុណ្ណោះ។ ប៉ុន្តែបើតាមចម្លើយសារភាពរបស់ឈ្មោះសុខ សេង ថា បានប្លន់សម្លាប់មនុស្ស៣នាក់នៅភូមិវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយសាលាដំបូងខេត្តកំពង់ស្ពឺកាត់ទោសដែរនោះ គឺឈ្មោះសុខ សេង ជាមេឃាតកដៃឆើតនឹងអាចជាប់ពន្ធនាគារអស់មួយជីវិតថែមមួយជាន់ទៀត៕
ចែករំលែកព័តមាននេះ