ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត​ជន​ប្លន់​សំលាប់​គ្រួសារ​ម្ចាស់​ហាង​កាហ្វេ​ «បុប្ផា​កំពូល​ភ្នំ» ក្រុង​តា​ខ្មៅ​ ត្រូវ​ចាប់ខ្លួន

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ឃាត​ជន​ដែល​សំលាប់​ម្តាយ​ ​កូនស្រី​ និង​អ្នក​បំរើ​នៅ​ក្នុង​ផ្ទះ​ល្វែង​លក់​កា​ហ្វេ​យីហោ «​បុប្ផា​កំពូល​ភ្នំ» ក្បែរ​​រង្វង់​មូល​តា​ខ្មៅ ក្រុង​តា​ខ្មៅ កន្លង​មក​នោះ ត្រូវ​សមត្ថ​កិច្ច​​បំបែក​​សំណុំ​​ឃាត​កម្ម​នេះ​បាន​​ហើយ​បន្ទាប់​​ពី​សមត្ថ ​កិច្ច​​ជំនាញ​ព្រហ្មទណ្ឌ​​ស្រាវជ្រាវ​ស៊ើប​អង្កេត​​អស់​រយៈ​ពេល​ជាង​២០ថ្ងៃ ។ ​ការ​ចាប់​ឃាត​ក​ប្លន់​សំលាប់​ដ៏​សាហា.វ​​នេះ បានធ្វើឡើង​​ដោយកំលាំង​នគរបាល​ព្រហ្មទណ្ឌ​​កំរិត​ស្រាលដឹកនាំ​ដោយលោក​ វរសេនីយ៍​​ទោ​​សុង លី

ខេត្ត​កណ្តាល ៖ ឃាត​ជន​ដែល​សំលាប់​ម្តាយ​ ​កូនស្រី​ និង​អ្នក​បំរើ​នៅ​ក្នុង​ផ្ទះ​ល្វែង​លក់​កា​ហ្វេ​យីហោ «​បុប្ផា​កំពូល​ភ្នំ» ក្បែរ​​រង្វង់​មូល​តា​ខ្មៅ ក្រុង​តា​ខ្មៅ កន្លង​មក​នោះ ត្រូវ​សមត្ថ​កិច្ច​​បំបែក​​សំណុំ​​ឃាត​កម្ម​នេះ​បាន​​ហើយ​បន្ទាប់​​ពី​សមត្ថ​កិច្ច​​ជំនាញ​ព្រហ្មទណ្ឌ​​ស្រាវជ្រាវ​ស៊ើប​អង្កេត​​អស់​រយៈ​ពេល​ជាង​២០ថ្ងៃ។ ​ការ​ចាប់​ឃាត​ក​ប្លន់​សំលាប់​ដ៏​សាហាវ​​នេះ បានធ្វើឡើង​​ដោយកំលាំង​នគរបាល​ព្រហ្មទណ្ឌ​​កំរិត​ស្រាលដឹកនាំ​ដោយលោក​វរសេនីយ៍​​ទោ​​សុង លី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​​​កំរិត​ស្រាល នៃ​​ស្នង​ការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ សហ​ការ​ជាមួយ​កំលាំង​នគរ​បាល​​ខេត្ត​កណ្តាល គឺចាប់​​បាន​កាលពី​វេលា​ម៉ោង​៦ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១០ នៅ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​ស្ថិត​ក្នុង​ភូមិ​​ព្រៃ​ព្រីងខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ។

ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​​សុខ សេង អាយុ​​៤៣​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​​ទីកន្លែង​​ ដែល​ចាប់​ខ្លួន​ខាងលើ​ ត្រូវប៉ូលិស​​អះ​អាង​ថា ជា​មុខ​សញ្ញា​​ចោរ​ប្លន់​​ជើង​ចាស់ ជា​មេ​ខ្លោង និង​មាន​ចរិត​សាហាវ​ធ្លាប់បាញ់​សំលាប់​មនុស្ស​​ច្រើ​ននាក់​ ជា​ពិសេស​​សំលាប់​លោក​យាយ​អាយុ​​ប្រមាណ​៨០​ឆ្នាំម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ។ ប៉ូលិស​បាន​ឱ្យដឹង​ថា ពេល​ប្លន់​សំលាប់​គ្រួសារ​ម្ចាស់​ហាង​កាហ្វេ «បុប្ផា​កំពូល​ភ្នំ» គឺ​​ពួកគេ​មានគ្នា​៣នាក់ ធ្វើសកម្ម​ភាព​បាញ់​សំលាប់​យ៉ាង​សាហាវ​ និង​ប្រមូល​ទ្រព្យ​សម្បត្តិ​​យកទៅជាមួយ​យ៉ាង​ច្រើន​…​ចំណែក​ប្រាក់​១ម៉ឺន​ដុល្លារ ដែលសមត្ថ​កិច្ច​រកឃើញ​នៅ​ក្រោម​​ពួកនោះ​គឺ​អាច​ថា ពួកគេ​បន្សល់ទុក ដើម្បី​បង្វៀង​ដាន​សមត្ថ​កិច្ច​ឱ្យ​គិត​ថា ជា​អំពើ​ឃាត​កម្ម​គំនុំ មិនមែនជា​អំពើ​ប្លន់…​ឬ​អាច​ថា ពួកគេ​ប្រញាប់​ប្រញាល់​ពេក​មើល​មិន​​ឃើញ​ប្រាក់​នោះ។​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​​កំរិត​ស្រាល​បាន​ឱ្យ​ដឹង​ថា ឥឡូវនេះ​សមត្ថ​កិច្ច​បានបញ្ជូន​ជនឈ្មោះ​សុខ សេង ទៅកាន់​ស្នង​ការ​ដ្ឋាន ខេត្ត​កណ្តាល​​ជា​ទឹកដី​ដែលក្រុម​ចោរ​ធ្វើស​កម្ម​ភាព​ប្លន់​សំលាប់​នេះ​​​ និង​​សមត្ថ​កិច្ច​​កំពុង​​តាមរក​គ្នា​របស់គេ​២នាក់​ទៀត​គឺ​កំពុង​លាក់ខ្លួន​នៅសង្កាត់​ចោមចៅ និង​ម្នាក់​ទៀត​កំពុង​​នៅ​ឃុំ​ត្រាំ​ខ្នារ ដែល​ពេលនេះ​គឺ​ប៉ូលិស​​តាមប្រមាញ់​យ៉ាង​ប្រកៀក​ប្រកិត​បំផុត។

សូមរំលឹក​ឡើងវិញ​ថា ម្ចាស់​ហាង​កាហ្វេ​យីហោ​«បុបា្ផ​កំពូល​ភ្នំ​» ​​ជា​ស្ត្រី​មេម៉ាយ​ ​មាន​​កូន​ស្រី​ទោល និង​ស្ត្រី​អ្នក​បំរើ​ការ​ងារ​ផ្ទះ​ម្នាក់​ទៀត​ត្រូវ​​ជន​ប្រដាប់​អាវុធ​បាញ់​សំលាប់​ផ្តាច់​ពូជ​យ៉ាង​ព្រៃ​ផ្សៃ​ចំ​ថ្ងៃ​ឆ្លង​បុណ្យ​ភ្ជុំ​​​បិណ្ឌ​នៅ​ក្នុង​ផ្ទះ​​​ស្ថិត​នៅ​ខាង​លិច​រង្វង់​មូល​រូប​សំណាក​តា​ខ្មៅ​ ​ភូមិ​តាខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ កាលពីរាត្រី​ថ្ងៃទី​៨ ឈាន​ចូល​ថ្ងៃទី​៩ តុលា ឆ្នាំ​២០១០។ ការ​បាញ់​សំលាប់​ផ្តាច់​ពូជ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​ដល់​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​នៅ​ជិត​ខាង​ទេ ទោះ​បី​​មនុស្ស​​ទាំង​៣​​នាក់​ត្រូវ​បាន​បាញ់​សំលាប់​ដោយ​គ្រាប់​កាំភ្លើង​ក្តី។ ការ​បាញ់​ប្រហារ​ដែល​មិន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​​នេះ​បាន​បង្ហាញ​ថា ឃាតក​គឺ​ជា​អ្នក​មាន​ជំនាញ​ខាង​បាញ់​កាំភ្លើង​​ខ្ទប់​សំលេង។

ការ​ឆោ​ឡោ​​ភ្ញាក់​ផ្អើល​ពី​ការ​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​ទាំង​៣​នាក់ គឺរំលង​បាន​មួយ​យប់​ ទើប​ប្អូន​ប្រុស​របស់​​ជន​រង​គ្រោះ​មក​ផ្ទះ​បង​ស្រី​ក៏​បាន​ប្រទះ​ឃើញ​​អ្នក​​ទាំង​៣ ​ដេក​ស្លាប់​​​លើ​ពូក​ក្នុង​បន្ទប់​តែ​មួយ​ជា​មួយ​គ្នា ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច ទើប​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ រាប់​ពាន់​នាក់​ទៅ​ចោម​រោម​មើល​ពពាក់​ពពូន​ស្ទើរ​ស្ទះ​ចរា​ចរណ៍​​កណ្តាល​​​ក្រុង​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៩ តុលា។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​នោះ​ សមត្ថ​កិច្ច​បាន​​រក​ឃើញ​ប្រាក់​ចំនួន​១​មឺុន​ដុល្លារ​​សហ​រដ្ឋ​អាមេ​រិក ​លាក់​ទុក​នៅ​ខាង​ក្រោម​ពូក​ដែល​ជន​រង​គ្រោះ​ដេក​ស្លាប់​ពី​លើ។ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​គេ​ស្គាល់​​១-ឈ្មោះ​សុខ ជា​​ស្រី្ត​ម្ចាស់​ផ្ទះ ​មេម៉ាយ​អាយុ​៤៨​ឆ្នាំ ២-ឈ្មោះ​ធេង មួយ​គា អាយុ​១៧​ឆ្នាំ ជា​កូន​ស្រី​តែ​មួយ​របស់​ស្ត្រី​ម្ចាស់​ផ្ទះ និង​៣-ឈ្មោះ​ប៉ាច ស្រី​នី ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជា​អ្នក​បំរើ​ការ​ងារ​ផ្ទះ។ អ្នក​ទាំង​អស់​គ្នា​មាន​ស្រុក​កំណើត​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ៕