ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៧​នាក់ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​អគារ MSK នៅ​ទួល​ទំពូង ​ពាក់ព័ន្ធ​ Online Scams

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៧​នាក់ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​អគារ MSK ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ បន្ទាប់​ពី​មានការ​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៧​នាក់ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​អគារ MSK ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ បន្ទាប់​ពី​មានការ​សង្ស័យ​ថា លប​លួច​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ Online Scams ។

ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពីលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌចំការមន និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​។

ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ជាន់​ទី​៧ និង​ជាន់​ទី​១០ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ១៧​នាក់ (​ស្រី្ត០២​នាក់​) ជា​ជនជាតិ​វៀតណាម ដែល​ក្នុង​នោះ​មាន០៧​នាក់ ពុំ​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ឡើយ​ ។

ជា​លទ្ធផល​សមត្ថកិច្ច ​រក​ឃើញ​វត្ថុ​តាង ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​មាន ៖ ម៉ូនីទ័រ​ ចំនួន ៣០គ្រឿង​, ទូរ​សព្ទ​ដៃ ចំនួន ៧៣គ្រឿង, កុំព្យូទ័រ All In One ចំនួន ០៦គ្រឿង និង​ CPU​ ចំនួន ២៧ គ្រឿង​ ។

សមត្ថកិច្ច​ជំនាញ​ បានឱ្យ​ដឹង​ថា ក្រុមឆបោក​​នេះ បាន​ធ្វើ​សកម្មភាព​លោង​លោម​ស្នេហា មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ “​ជំរិត​ទារប្រាក់ ឬ​គំរាមកំហែង​” ដោយ​ប្រើប្រាស់​វី​ដេ​អូ​អាសអាភាស ​ដែល​លួច​ថត​បាន ទៅ​ផ្ញើ​ឱ្យ​ក្រុម​គ្រួសារ ឬ​កន្លែង​ការងារ​របស់​ជន​រង​គ្រោះ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ ប្រសិនបើ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួក​គេ ​។

បច្ចុប្បន្ន មនុស្ស​ទាំង១៧​នាក់ រួម​និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​បន្ត​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ តាម​នីតិវិធី​ច្បាប់​ ។

លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សូម​ជម្រាប​ថា យុទ្ធនាការ​បោសសម្អាត Online Scams នៅ​ទូ​ទាំង​ប្រទេស គិត​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ស​ប្តា​ហ៍​ទី​២ ខែមីនា ឆ្នាំ​២០២៦ សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​-​ខេត្ត បាន​បង្ក្រាប និង​បិទ​ខ្ទប់ (Sealed) ទីតាំង​សរុប​ចំនួន ២៣៦ កន្លែង​។ ក្នុង​នោះ​មាន​ទីតាំង​កាស៊ីណូ ៩១​កន្លែង និង​ប្រភេទ​បុរី វីឡា ខុន​ដូ លំនៅ​ឋាន ចំនួន ១៤៥​កន្លែង​ ។

តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល ៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ​សរុប​ចំនួន​៧៩ សំណុំរឿង ដោយ​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន ៦៩៧ នាក់ (​មាន​ច្រើន​សញ្ជាតិ រួម​ទាំង​សំណុំរឿង​ធំ​ៗ​ដូច​ជា ចេ​ន ស៊ី និង លី គួ​ង ជាដើម​)​។ អាជ្ញាធរ​កត់សម្គាល់​ថា មាន​ក្រុម​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង ២២​ម៉ឺន​នាក់ បាន​គេចខ្លួន​ចេញពី​កម្ពុជា ទាំង​តាម​ផ្លូវអាកាស និង​ផ្លូវគោក​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា ត្រឹម​ខែមេសា ឆ្នាំ​២០២៦​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​បុគ្គល ឬ​អង្គភាព​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត ដោយ​គ្មាន​ការ​យោគយល់ ឬ​អន្តរាគមន៍​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ