ខេត្តកណ្តាល ៖ បន្ទាប់ពីតាមប្រមាញ់បានឃាតជនម្នាក់ ដែលប្រព្រឹត្តអំពើប្លន់សំលាប់គ្រួសារម្ចាស់ហាងកាហ្វេយីហោ «បុប្ផាកំពូលភ្នំ» នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០ នោះ មកដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល គឺរយៈពេលជាង៣ម៉ោង សមត្ថកិច្ចក្របួចបានបក្សពួកចោរប្លន់ម្នាក់ទៀត។ ជនសង្ស័យបក្សពួកចោរប្លន់នេះឈ្មោះតុង សារុំ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាបំរើការនៅឯកងពលមួយ ក្នុងខណ្ឌដង្កោ ត្រូវចាប់ខ្លួនបាននៅក្នុងផ្ទះមួយកន្លែងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌដង្កោ…ឥឡូវសមត្ថកិច្ចកំពុងតែតាមប្រមាញ់បក្សពួកម្នាក់ទៀតនៅក្នុងទឹកដីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឃាតជនដែលសំលាប់ម្តាយ កូនស្រី និងអ្នកបំរើនៅក្នុងផ្ទះល្វែងលក់កាហ្វេយីហោ «បុប្ផាកំពូលភ្នំ» ក្បែររង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ កន្លងមកនោះ ត្រូវសមត្ថកិច្ចបំបែកសំណុំឃាតកម្មនេះបានហើយបន្ទាប់ពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាង២០ថ្ងៃ។
ការចាប់ឃាតកប្លន់សំលាប់ដ៏សាហាវនេះ បានធ្វើឡើងដោយកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោសុង លី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយកំលាំងនគរបាលខេត្តកណ្តាល គឺចាប់បានជនម្នាក់ជាមេខ្លោង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០ នៅផ្ទះជួលរបស់ជនសង្ស័យស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ជនសង្ស័យម្នាក់នេះឈ្មោះសុខ សេង អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលទីកន្លែង ដែលចាប់ខ្លួនខាងលើ ត្រូវប៉ូលិសអះអាងថា ជាមុខសញ្ញាចោរប្លន់ជើងចាស់ ជាមេខ្លោង និងមានចរិតសាហាវធ្លាប់បាញ់សំលាប់មនុស្សច្រើននាក់ ជាពិសេសសំលាប់លោកយាយអាយុប្រមាណ៨០ឆ្នាំម្នាក់នៅខេត្តកំពង់ស្ពឺ។ ប៉ូលិសបានឱ្យដឹងថា ពេលប្លន់សំលាប់គ្រួសារម្ចាស់ហាងកាហ្វេ «បុប្ផាកំពូលភ្នំ» គឺពួកគេមានគ្នា៣នាក់ ធ្វើសកម្មភាពបាញ់សំលាប់យ៉ាងសាហាវ និងប្រមូលទ្រព្យសម្បត្តិយកទៅជាមួយយ៉ាងច្រើន…ចំណែកប្រាក់១ម៉ឺនដុល្លារ ដែលសមត្ថកិច្ចរកឃើញនៅក្រោមពួកនោះគឺអាចថា ពួកគេបន្សល់ទុក ដើម្បីបង្វៀងដានសមត្ថកិច្ចឱ្យគិតថា ជាអំពើឃាតកម្មគំនុំ មិនមែនជាអំពើប្លន់…ឬអាចថា ពួកគេប្រញាប់ប្រញាល់ពេកមើលមិនឃើញប្រាក់នោះ។ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ឥឡូវនេះសមត្ថកិច្ចបានបញ្ជូនជនឈ្មោះសុខ សេង ទៅកាន់ស្នងការដ្ឋាន ខេត្តកណ្តាលជាទឹកដីដែលក្រុមចោរធ្វើសកម្មភាពប្លន់សំលាប់នេះ និងសមត្ថកិច្ចកំពុងតាមរកគ្នារបស់គេ២នាក់ទៀតគឺកំពុងលាក់ខ្លួននៅសង្កាត់ចោមចៅ និងម្នាក់ទៀតកំពុងនៅឃុំត្រាំខ្នារ ដែលពេលនេះគឺប៉ូលិសតាមប្រមាញ់យ៉ាងប្រកៀកប្រកិតបំផុត។
សូមរំលឹកឡើងវិញថា ម្ចាស់ហាងកាហ្វេយីហោ«បុបា្ផកំពូលភ្នំ» ជាស្ត្រីមេម៉ាយ មានកូនស្រីទោល និងស្ត្រីអ្នកបំរើការងារផ្ទះម្នាក់ទៀតត្រូវជនប្រដាប់អាវុធបាញ់សំលាប់ផ្តាច់ពូជយ៉ាងព្រៃផ្សៃចំថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌនៅក្នុងផ្ទះស្ថិតនៅខាងលិចរង្វង់មូលរូបសំណាកតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរាត្រីថ្ងៃទី៨ ឈានចូលថ្ងៃទី៩ តុលា ឆ្នាំ២០១០។ ការបាញ់សំលាប់ផ្តាច់ពូជនេះ មិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលភ្លាមៗដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតខាងទេ ទោះបីមនុស្សទាំង៣នាក់ត្រូវបានបាញ់សំលាប់ដោយគ្រាប់កាំភ្លើងក្តី។ ការបាញ់ប្រហារដែលមិនបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនេះបានបង្ហាញថា ឃាតកគឺជាអ្នកមានជំនាញខាងបាញ់កាំភ្លើងខ្ទប់សំលេង។
ការឆោឡោភ្ញាក់ផ្អើលពីការប្រទះឃើញសាកសពស្ត្រីទាំង៣នាក់ គឺរំលងបានមួយយប់ ទើបប្អូនប្រុសរបស់ជនរងគ្រោះមកផ្ទះបងស្រីក៏បានប្រទះឃើញអ្នកទាំង៣ ដេកស្លាប់លើពូកក្នុងបន្ទប់តែមួយជាមួយគ្នា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ រាប់ពាន់នាក់ទៅចោមរោមមើលពពាក់ពពូនស្ទើរស្ទះចរាចរណ៍កណ្តាលក្រុងកាលពីព្រឹកថ្ងៃទី៩ តុលា ។ បន្ទាប់ពីការត្រួតពិនិត្យនោះ សមត្ថកិច្ចបានរកឃើញប្រាក់ចំនួន១មឺុនដុល្លារសហរដ្ឋអាមេរិក លាក់ទុកនៅខាងក្រោមពូកដែលជនរងគ្រោះដេកស្លាប់ពីលើ។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេស្គាល់១-ឈ្មោះសុខ ជាស្រី្តម្ចាស់ផ្ទះ មេម៉ាយអាយុ៤៨ឆ្នាំ ២-ឈ្មោះធេង មួយគា អាយុ១៧ឆ្នាំ ជាកូនស្រីតែមួយរបស់ស្ត្រីម្ចាស់ផ្ទះ និង៣-ឈ្មោះប៉ាច ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកបំរើការងារផ្ទះ។ អ្នកទាំងអស់គ្នាមានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
ចែករំលែកព័តមាននេះ