រាជធានីភ្នំពេញ ៖ វិស័យចំនួន ៥ កំពុងពេញនិយម ដោយមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមវិស័យទាំង ១០ ។
គិតត្រឹមខែសីហា ឆ្នាំ ២០២៥ នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន ១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន ៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន ២៩ ១៩០នាក់ ។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌ ។
វិស័យទាំង ៥ ដែលកំពុងពេញនិយមនោះ រួមមាន ៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន ២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ ២១ ៦៦១នាក់, វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន ២១ ២៨៦នាក់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន ១៧ ៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន ១៧ ០៧៩នាក់ ។
សម្រាប់វិស័យទាំង ១០ ដែលបានដាក់ឱ្យបណ្ដុះបណ្ដាល ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) រួមមាន៖ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្ដសាល, មេកានិចទូទៅ/មេកានិចរថយន្ដ, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ២៦ ខែកញ្ញានេះថា ការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) នេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖ សិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់ ។ ចំពោះបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អាចចូលរៀនបានដោយមិនបង់ថ្លៃ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភ ។
អ្នកនាំពាក្យក្រសួងការងារដដែល បានអំពាវនាវជាថ្មីដល់យុវជន ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ ។
ការចុះឈ្មោះចូលរៀន អាចធ្វើឡើងតាមប្រព័ន្ធឌីជីថលតាមរយៈ Website: www.tvet.gov.kh, Mobile App: TVET 1.5M សម្រាប់ IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 និងសម្រាប់ Play Store: https://play.google.com/store/apps/details ។ ក្នុងនោះ ក៏អាចទៅចុះឈ្មោះផ្ទាល់នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ