ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា និង​អូស្ត្រាលី ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កម្មវិធី​ហាត់​ការ

6 ខែ មុន

អូស្ត្រាលី ៖ កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

អូស្ត្រាលី ៖ កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Cameron Baker ប្រធាន​ស្នងការ​ជំនាញ​នៃ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង (South Australian Skills Commission) បាន​រួម​គ្នា​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​កម្មវិធី​ហាត់​ការ​ដែល​អាច​នឹង​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត​កម្ពុជា ដែល​កំពុង​រៀន​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១-៣ ដែល​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទទួលស្គាល់​ដោយ​ស្នងការ​ជំនាញ​អូស្ត្រាលី អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ចុះ​ហាត់​ការ​ផ្ទាល់​រយៈពេល​២​ឆ្នាំ​នៅ​តាម​រោង​ជាង ការដ្ឋាន និង​កសិដ្ឋាន​នានា ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី ។

ភាគី​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់ និង​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​រួមចំណែក​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា និង​ជួយ​ដល់​វិស័យ​ឯកជន នៅ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ។ កិច្ចសហការ​នេះ​ក៏​រួម​បញ្ចូល​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​បង្រៀន ដែល​ស្រប​តាម​ស្តង់ដារ​អូស្ត្រាលី​ផង​ដែរ ។

លោក Cameron Baker បាន​បញ្ជាក់​ថា លោក​នឹង​រៀបចំ​ឱ្យ​មាន​ក្រុមការងារ​ចំពោះ​កិច្ច​សម្រាប់​អនុវត្ត​កិច្ចការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​នឹង​អាច​ចាប់ផ្តើម​ទទួល​សិស្ស​និស្សិត​កម្ពុជា ក្នុង​ការ​ហាត់​ការ និង​កម្មសិក្សា​នៅ​ក្នុង​ឆ្នាំ​២០២៦ លើ​មុខ​ជំនាញ​វិស្វកម្ម​រថយន្ត រថយន្ត​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក និង​អាច​បន្ថែម​ជំនាញ​ផ្សេង​ៗ​ទៀត ចាប់ពី​ឆ្នាំ​២០២៧ ។

លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​កើត​ចេញពី​ការ​ចង្អុលបង្ហាញ និង​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដែល​លោក​ជំទាវ Frances Adamson អភិបាល​រដ្ឋ នៃ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង (South Australia-SA) ប្រទេស​អូស្ត្រាលី អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ។

នា​ឱកាស​នោះ គណៈប្រតិភូ​កម្ពុជា​ក៏​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ផ្លាស់​ប្តូរ​បទ​ពិសោធ នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​មួយ​ចំនួន​ក្នុង​ទីក្រុង​អា​ដេ​ឡេ​ដ ប្រទេស​អូស្ត្រាលី រួម​មាន​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​របស់ Technical and Further Education South Australia, សាលា​មធ្យមសិក្សា​បច្ចេកទេស Tonsley Technical College, សាលា​បណ្តុះបណ្តាល​ជាង​រថយន្ត​នៃ​សមាគម​ជាង និង​អ្នក​ផ្តល់​សេវា​ថែទាំ​យានយន្ត​អូស្ត្រាលី (Motor Trade Association) និង​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម នៃ​សាលា​បណ្តុះបណ្តាល​ជំនាញ​តំបន់ ៕