ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ និង​និស្សិត​នៅ​កូរ៉េ​ជាង ៤០០​នាក់ ប្រកួត​បាល់ទាត់​មិត្តភាព ក្រោម​ប្រធានបទ «​យើង​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​» ដើម្បី​អបអរ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ពលករ និង​និស្សិត​ខ្មែរ កំពុង​សិក្សា និង​ប្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​ជាង ៤០០​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​ ៖ ពលករ និង​និស្សិត​ខ្មែរ កំពុង​សិក្សា និង​ប្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​ជាង ៤០០​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នេះ បាន​ចូលរួម​ការ​ប្រកួត​បាល់ទាត់​មិត្តភាព ក្រោម​ប្រធានបទ «​យើង​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា​» នៅ​តំបន់​អ៊ឹម​សង់ ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ ។

លោក អ៊ូ រតនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ តំណាង​លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​លោក​រដ្ឋមន្ដ្រី ហេង សួរ រួម​ជាមួយ​លោក ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​តែងតាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​លោក ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​ដែរ ​។

ឆ្លៀតឱកាស​នោះ លោក​បាន​សម្ដែង​ក្ដី​រីករាយ ដែល​មាន​ពលករ និង​និស្សិត​ជា​ច្រើន បាន​ចូលរួម​ការ​ប្រកួត​នេះ ហើយ​លោក​ចាត់​ទុក​ការ​ជួបជុំ​នេះ ជា​វេទិការ​មួយ ដើម្បី​បង្ហាញ​នូវ​ការ​អបអរសាទរ ចំពោះ​កិច្ចព្រមព្រៀង​សន្ដិភាព​កម្ពុជា​-​ថៃ ដែល​ទើប​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក Anutin Charnvirakul នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​មានការ​ចូលរួម​ធ្វើ​ជា​សាក្សី​ពី​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃអាទិត្យ​នេះ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​នេះ ក្នុង​ចំណោម​ពលករ និង​និស្សិត​ចូលរួម​ទាំង​ជាង ៤០០​នាក់ គឺ​បែងចែក​ជា ១៦​ក្រុម និង​ចែក​ចេញ​ជា ៤​ពូ​ល ដើម្បី​ធ្វើការ​ប្រកួត​តាម​រូបមន្ដ​ម៉ា​រ៉ា​តុង រហូត​រក​ក្រុម​ជើងឯក ដោយ​ប្រើប្រាស់​រយៈពេល​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ​៕ អត្ថបទសហការ