ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​សាទរ​ចំពោះ​កិច្ចព្រមព្រៀង ​សន្តិភាព​កម្ពុជា​-​ថៃ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ សហជីព និង​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ការ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​កម្ពុជា​-​ថៃ ដែល​បង្ហាញ​ពី​ជោគជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម បាន​នាំ​យក​សន្តិភាព​ពិតប្រាកដ​ជូន​ជាតិ​មាតុភូមិ ​។ លោក…

រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ សហជីព និង​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ការ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​កម្ពុជា​-​ថៃ ដែល​បង្ហាញ​ពី​ជោគជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម បាន​នាំ​យក​សន្តិភាព​ពិតប្រាកដ​ជូន​ជាតិ​មាតុភូមិ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​មើលឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូ​យ៉ាង​ហ្មត់ចត់ ដែល​យក​ជម្រើស​មិន​បង្ក​សង្គ្រាម​តាម​រយៈ​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​កម្ពុជា និង​ថៃ ហើយ​នាំ​មក​នូវ​ព្រំដែន​សន្តិភាព​ជូន​ប្រទេស​ទាំង​ពីរ​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត ​។

លោក​ថ្លែង​ថា​៖ «​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​រដ្ឋាភិបាល ​បាន​សម្រេច​ធ្វើ ហើយ​និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុងថ្ងៃនេះ គឺជា​ការ​សាទរ​មួយ​ដ៏​ធំធេង ជា​ការ​នាំ​មក​នូវ​ជោគជ័យ​ដ៏​ធំធេង ហើយ​ក្នុង​នាម​សហជីព ខ្ញុំ​សូម​សាទរ គាំទ្រ និង​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ​បន្ត​នូវ​បញ្ហា​ ដែល​នៅ​សេសសល់​»​ ។

លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​នៅ​ពេល​ទទួល​ដំណឹង​ថា កម្ពុជា​-​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​នេះ​បាន​បង្ហាញ​ពី​ការ​ដឹកនាំ​ដ៏​ជោគជ័យ​របស់​សម្តេច​ធិ​បតី​ទាក់ទង​និង​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម ដែល​បាន​នាំ​យក​សន្តិភាព​ជូន​កម្ពុជា​ទាំងមូល ដោយ​បាន​ដោះស្រាយ​បញ្ហា​នៅ​ព្រំដែន និង​ធ្វើ​ឱ្យ​ការ​វិនិយោគ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ​។

លោក​ថ្លែង​ថា​៖ «​ការ​ចុះ​កិច្ចព្រមព្រៀង​កម្ពុជា​ជាមួយ​ថៃ ដែល​មាន​ចូលរួម​ពី​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរ​ដេ្ឋ​អា​មេ​រិ​ក គឺ​ខ្ញុំ​សប្បាយ​ចិត្តជា​ខ្លាំង ជា​ពិសេស បង្ហាញ​ពី​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី​ដែល យក​សន្តិភាព ការ​ចរចារ ការ​ធ្វើ​ការងារ​ការទូត​ល្អ ដែល​ធ្វើ​ឱ្យ​បងប្អូន​រួម​ជាតិ​កាត់​តែ​ទទួលស្គាល់ និង​អបរ​សម្តេច​ធិ​បតី​ដែល​ជា​ថ្នាក់ដឹកនាំ​កំពូល​មាន​ទស្សនវិស័យ​ខ្ពស់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​»​ ។

លោកស្រី អ៊ូ ព្រំ​សុធា​រី នាយិការ​រង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ បាន​បង្ហាញ​ក្តី​រីករាយ និង​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​នាំ​មក​នូវ​សន្តិភាព ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​មាន​ភាព​រីក​ចម្រើន​ឡើង មានការ​អភិវឌ្ឍ ចៀស​ផុត​ពី​សង្គ្រាម និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។

លោកស្រី​ថ្លែង​ថា​៖ «​ការ​ចុះ​កិច្ចព្រមព្រៀង​ថ្ងៃនេះ ខ្ញុំ​រីករាយ​មែនទែន ហើយ​សង្ឃឹមថា ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​បាន​សុខ​សន្តិភាព​គ្រប់​កាលៈទេសៈ​។​ខ្ញុំ​មើលឃើញ​ថា យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម របស់​សម្តេច​ធិ​បតី គឺ​បើ​គេ​បង្ក​បញ្ហា​ជុំវិញ​ព្រំដែន​គឺ​គាត់​មិន​ស្ងៀម​ទេ គាត់​ព្យាយាម​ធ្វើការ​ចរចារ ដោះស្រាយ សម្របសម្រួល​ដោះស្រាយ​គ្រប់ពេលវេលា​ទាំងអស់​» ​។

លោក អ៊ី​វ សំបូរ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​គិត​ពី​ការ​នឿយហត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ដើម្បី​បញ្ចៀស​សង្គ្រាម​បង្ហូរឈាម ស្វែ​ករក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​ក្នុង​មនសិការ​ស្នេហា​ជាតិ​ខ្ពស់​ ។

លោក​ថ្លែង​ថា​៖ «​ទម្រាំ​តែ​មាន​ថ្ងៃនេះ មិនមែន​រដ្ឋាភិបាល​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ ច្បាស់​ណាស់​ផល​ថ្ងៃនេះ គឺ​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់ពេលវេលា ការ​អត់ធ្មត់​ដ៏​កំពូល ដើម្បី​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។ ខ្ញុំ​ត្រេកអរ និង​អរគុណ​ជា​អនេក​ចំពោះ​សម្តេច​ធិ​បតី​ដែល​បាន​យកចិត្តទុកដាក់ គិតគូ​ពី​សុខ​ទុក​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​»​ ។

ពិត​ណាស់ កិច្ចព្រមព្រៀង​សន្តិភាព​ជា​ឯកសារ​ គតិ​យុ​ត្ត​អន្តរជាតិ ដែល​ប្រទេស​ហត្ថលេខី​មាន​កាតព្វកិច្ច​ត្រូវ​តែ​គោរព ​។ បើ​ថៃ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព នឹង​ធ្វើ​ឱ្យ​ភាគី​ថៃ​អស់​ឥទ្ធិពល​ នៅ​ក្នុង​អាស៊ាន បាក់មុខ​លើ​ឆាក​អន្តរជាតិ បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ ពី​គំនិត​ចក្រពត្តិ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ហើយ​ថៃ​នឹង​ក្លាយជា​ប្រទេស​ ដែល​ពិភពលោក​ស្អប់ខ្ពើម ​៕ អត្ថបទសហការ