ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរ​ការងារ និង​គ្រឹះស្ថានសិក្សា នៃ​ក្រសួង​ការងារ​អបអរសាទរ​កិច្ចព្រមព្រៀង​សន្តិភាព ​កម្ពុជា​-​ថៃ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ មន្ទីរ​ការងារ និង​គ្រឹះស្ថានសិក្សា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​ការ​សាទរ…

រាជធានីភ្នំពេញ​ ៖ មន្ទីរ​ការងារ និង​គ្រឹះស្ថានសិក្សា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​ការ​សាទរ ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព ​កម្ពុជា​-​ថៃ ដែល​បង្ហាញ​ពី​ជោគជ័យ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​តាម​រយៈ​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម ដែល​បាន​នាំ​យក​សន្តិភាព​ពិតប្រាកដ​ ជូន​ជាតិ​មាតុភូមិ​ ។

លោក តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ បាន​បង្ហាញ​ការ​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ប្រកបដោយ​មោទនភាព​ ចំពោះ​ជោគជ័យ​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ ​។

លោក​ថ្លែង​ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស សូម​គោរព​កោតសរសើរ និង​ស្ញប់ស្ញែង​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ ស្ងាត់​តែ​មិន​ស្ងៀម របស់ សម្តេច​ធិ​បតី ដែល​នាំ​មក​នូវ​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​ជាតិ និង​ប្រជាជន​» ​។

ទន្ទឹម​នេះ លោក មាស ដា​រ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបាត់ដំបង ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ នៅ​ចំពោះ​មុខ ឯកឧត្តមប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

លោក​ថ្លែង​ថា​៖ «​ខ្ញុំបាទ​ជឿជាក់​លើ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ដែល ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ដាក់​ចេញ​នូវ​អភិក្រម “​ស្ងៀមស្ងាត់ ស្ងាត់​តែ​មិន​ស្ងៀម​” ជា​អភិក្រម​ប្រកបដោយ​គតិបណ្ឌិត​ជាក់ស្តែង​នា​ថ្ងៃនេះ​អភិក្រម​នេះ ក៏​ទទួល​បាន​ផ្លែផ្កា​ដ៏​ត្រ​ចេះ​ត្រចង់​ដែល​មិន​អាច​កាត់ថ្លៃ​បាន​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​» ​។

ស្រ​ដៀង​គ្នា​នេះ លោក នួន ស៊ី​ណា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក៏​បាន​បង្ហាញ​ការ​អប​សាទរ ​ចំពោះ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ​កម្ពុជា​-​ថៃ ​។ លោក​បាន​បង្ហាញ​ពី​ក្តី​មោទនភាព​បំផុត​ ចំពោះ​សម្តេច​ទាំង​ទ្វេ ​ដែល​ចំណាយ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ ជា​ពិសេស ការ​ស្វែងរក​សន្តិភាព​ក្នុង​ពេល​នេះ ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ចំពោះ​ភាព​ជោគជ័យ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ព្រោះ​វា​បាន​នាំ​មក​នូវ ការ​រក្សា ផ្ទះសំបែង ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ប្រជាជន និង​កងកម្លាំង​របស់​ប្រទេស​ទាំង​ពីរ​»​ ។

ថ្នាក់ដឹកនាំ​មន្ទីរ​ការងារ និង​គ្រឹះស្ថានសិក្សា នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​អំពាវនាវ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ បន្ត​រួម​គ្នា​កុំឱ្យ​បែកសាមគ្គី និង​ជឿជាក់​លើ​គោលនយោបាយ ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ដោយ​អនុវត្ត​នូវ​អភិក្រម “​ស្ងៀមស្ងាត់ ស្ងាត់​តែ​មិន​ស្ងៀម​” ៕ អត្ថបទសហការ