ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ បិទបញ្ចប់ដោយជោគជ័យ ជាមួយធាតុចូលសំខាន់ៗដើម្បីជំរុញ SME

3 ខែ មុន

លោក​បណ្ឌិត ឃូ វុ​ឍ្ឍី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​គោល​នោ​យ​បាយ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​១២ ឆ្នាំ​២០២៥ ស្តី​ពី…

លោក​បណ្ឌិត ឃូ វុ​ឍ្ឍី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​គោល​នោ​យ​បាយ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​១២ ឆ្នាំ​២០២៥ ស្តី​ពី «​ការ​ជំរុញ​ការ​ចូលរួម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​» នៅ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥

នា​ពេល​នេះ សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​១២ ឆ្នាំ​២០២៥ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឈាន​ដល់ទី​បញ្ចប់​ប្រកបដោយ​ជោគជ័យ ។ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វាគ្មិន អ្នកសម្របសម្រួល អ្នក​ស្រាវជ្រាវ និង​អ្នកចូលរួម​ទាំងអស់ សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម និង​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​កម្មវិធី​ថ្ងៃនេះ​។

សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​នេះ បាន​ផ្តល់​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់ និង​ទាន់​ពេលវេលា សម្រាប់​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ប្រធានបទ ការ​ជំរុញ​ការ​ចូលរួម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

តាម​រយៈ​សុន្ទរកថា​គន្លឹះ កិច្ច​ពិភាក្សា និង​បទ​បង្ហាញ​នា​ព្រឹក​នេះ យើង​ទទួល​បាន​ទស្សនៈ​ចម្រុះ និង​សម្បូរ​បែប​អំពី​វិធី​ធ្វើ​ឱ្យ SME អាច​ត្រូវ​បាន​ពង្រឹង​បន្ថែម ដើម្បី​មាន​តួនាទី​រឹង​មាំ​ជាង​មុន​ក្នុង​ការ​រួមចំណែក​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ។

ខ្ញុំ​សូម​លើក​ឡើង​នូវ​ខ្លឹមសារ​សំខាន់​ៗ​មួយ​ចំនួន​ពី​កិច្ច​ពិភាក្សា​ថ្ងៃនេះ ដូច​ខាងក្រោម​៖
-​ទី​១ ខណៈ​ដែល​កម្ពុជា​បាន​ទទួល​បាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ SME តាម​រយៈ​ការ​កែ​លម្អ​ក្របខ័ណ្ឌ​គោលនយោបាយ យន្តការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​កែទម្រង់​រចនាសម្ព័ន្ធ​នានា សមាមាត្រ​នៃ​ការ​ចុះបញ្ជី និង​ការ​ចូល​ទៅ​ក្នុង​វិស័យ​ផ្លូវការ នៅ​តែ​មាន​អត្រា​ទាប​បើ​ប្រៀបធៀប​នឹង​ចំនួន​សហគ្រាស​សរុប​នៅ​ទូ​ទាំង​ប្រទេស​។ ការណ៍​នេះ​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បន្ត​ពង្រឹង​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​សហគ្រាស​នានា​អាច​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ផ្លូវការ​។

-​ទី​២ កិច្ច​ពិភាក្សា​បាន​បញ្ជាក់​ថា រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​វិ​វ​ឌ្ឍ​ទៅ​រក​គំរូ​ដែល​ជំរុញ​ដោយ​តម្រូវការ​ក្នុងស្រុក​កាន់តែ​ច្រើន ជា​ពិសេស​ក្នុង​ស្ថានភាព ។ ក្នុង​បរិបទ​នេះ SME ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​តួនាទី​យុទ្ធសាស្ត្រ​កាន់តែ​សំខាន់ មិន​ត្រឹមតែ​បង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក កែ​លម្អ​គុណភាព​ផលិតផល បង្កើន​ផលិតភាព និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ចំណង់​ចំណូលចិត្ត​អ្នក​ប្រើប្រាស់ ដែល​កំពុង​មាន​និន្នាការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ SME ជា​គន្លឹះ​សម្រាប់​ការ​រក្សា​និរន្តរភាព​កំណើន និង​ការ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​។

-​ទី​៣ ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ នៅ​តែ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់ ប៉ុន្តែ​ក៏​ជា​បញ្ហា​ប្រឈម​ដែល​បន្ត​មាន​ផង​ដែរ​។ កិច្ច​ពិភាក្សា​ថ្ងៃនេះ​បាន​លើក​ឡើង​ថា ការ​កែ​លម្អ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ មិនមែន​សំដៅ​តែ​លើ​ការ​បង្កើន​បរិមាណ​ឥណទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​គិតគូរ​ពី​ការ​កែ​លម្អ​គុណភាព ភាព​សម​ស្រប និង​និរន្តរភាព​នៃ​សេវា​ហិរញ្ញវត្ថុ​ផង​ដែរ ។ ការណ៍​នេះ​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​ឱ្យ​សេវា​ហិរញ្ញវត្ថុ​មាន​ភាព​សម​ស្រប​ជាមួយ​តម្រូវការ​របស់ SME ការ​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ការ​កែ​លម្អ​អភិបាលកិច្ច​របស់​សហគ្រាស និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណទាន​ឱ្យ​មាន​ប្រសិទ្ធភាព​។

-​ទី​៤ កិច្ច​ពិភាក្សា​បាន​រំលេច​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព និង​នវានុវត្តន៍ ។

SME ត្រូវ​ទទួល​បានការ​គាំទ្រ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង ការ​ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ ការ​ពង្រឹង​យុទ្ធសាស្ត្រ​ទីផ្សារ និង​ការ​ធ្វើ​សមាហរណកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក តំបន់ និង​ពិភពលោក​។ ក្នុង​ន័យ​នេះ កិច្ចសហការ​រវាង​ស្ថាប័នរដ្ឋ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សមាគម​អាជីវកម្ម គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​នានា មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ក្នុង​ការ​ពង្រឹង​សហ​ថាមភាព សម្រាប់​រួម​គ្នា​គាំទ្រ​ការ​រីក​ចម្រើន​របស់ SME​។

ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ថែរក្សា​ស្ថិរភាព​ម៉ា​ក្រូ​-​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ជំរុញ​ហរិ​យា​បន្ន​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ពង្រឹង​ភាព​ធន់ និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ធនាគារ​។ ការ​ជំរុញ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់ SME ការ​លើកទឹកចិត្ត​ដល់​ការ​ផ្តល់​ឥណទាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​ការ​ជំរុញ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល នឹង​បន្ត​ជា​អាទិភាព​សំខាន់​ៗ​ក្នុង​របៀបវារៈ​គោលនយោបាយ​របស់​យើង​។

លើស​ពី​ការ​ពិភាក្សា​កម្រិត​បច្ចេកទេស សន្និសីទ​ថ្ងៃនេះ​រំលឹក​ឱ្យ​យើង​ឃើញ​ចំណុច​សំខាន់​មួយ​គឺ​៖ ការ​គាំទ្រ SME មិន​គ្រាន់តែ​ជា​គោលដៅ​ជាក់លាក់​តាម​វិស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កត្តាចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ទាំងមូល​។ SME ជា​គន្លឹះ​សម្រាប់​ភាព​ធន់​នៃ​សេដ្ឋកិច្ច បរិ​យា​បន្ន​សង្គម និង​សមត្ថភាព​ប្រកួតប្រជែង​រយៈពេល​វែង​របស់​កម្ពុជា ជា​ពិសេស​ក្នុង​បរិបទ​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​ជាស​កល និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ជា​លំដាប់​។

មតិយោបល់ និង​អនុសាសន៍​ដែល​បាន​ចែករំលែក​នា​ថ្ងៃនេះ នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​បន្ត​កែ​លម្អ និង​អនុវត្ត​យុទ្ធសាស្ត្រ​គាំទ្រ​ការ​អភិវឌ្ឍ SME​។ លើស​ពី​នេះ កិច្ច​ពិភាក្សា​ថ្ងៃនេះ ក៏​ជួយ​ពង្រឹង​ការ​យល់​ច្បាស់​រវាង​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងអស់​ផង​ដែរ​។

មុន​នឹង​បញ្ចប់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ថ្មី​ម្តងទៀត ចំពោះ​លោក​សាស្ត្រាចារ្យ វាគ្មិន អ្នកសម្របសម្រួល អ្នក​ស្រាវជ្រាវ​វ័យក្មេង និង​អ្នកចូលរួម​ទាំងអស់ សម្រាប់​ការ​រួមចំណែក​ប្រកបដោយ​គុណភាព និង​ការ​គិតពិចារណា​យ៉ាង​ល្អ​។ ខ្ញុំ​ក៏​សូម​កោតសរសើរ​ក្រុម​រៀបចំ​សន្និសីទ សម្រាប់​ការ​ត្រៀម​រៀបចំ និង​សម្របសម្រួល​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​បាន​ធានា​ឱ្យ​សន្និសីទ​នេះ​ទទួល​បាន​ជោគជ័យ​។

ក្នុង​ឱកាស​ឆ្នាំ​ថ្មី ខ្ញុំ​សូម​ជូនពរ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​១២​នេះ សូម​មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច ៕