ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ។
តាងនាមឱ្យធនាគារជាតិនៃកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ទាំងអស់ ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យម (SME) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ។
សហគ្រាសធុនតូច និងមធ្យមជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើសលប់ ប្រមាណ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាននិងកំពុងបង្កើតការងារជាច្រើនក្នុងវិស័យឯកជន ។ ដោយពិនិត្យឃើញពីសារៈសំខាន់នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើនក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ ។ គោល-នយោបាយទាំងនោះបានស្តែងចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥ – ២០៣០ ជាដើម។ យុទ្ធសាស្ត្រទាំងនេះមានចក្ខុវិស័យរួមគឺគាំទ្រ SME ឱ្យរីកដុះដាលនិងរីកចម្រើន ទទួលបានហិរញ្ញប្បទានផ្លូវការនិងបច្ចេកទេស ព្រមទាំងអាចឈានចូលទៅប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។
ធនាគារជាតិនៃកម្ពុជាតែងតែចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប ។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប ។ គិតត្រឹមឆ្នាំ២០២៤ ឥណទានចំពោះ SME បានកើនឡើងដល់ប្រមាណ ៨០,៨ ទ្រីលានរៀល ដែលស្មើនឹង ២០,១ ប៊ីលានដុល្លារអាមេរិក និងមានសមាមាត្រប្រមាណ ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។
នៅក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល តាមរយៈ ៖
-ការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក
-ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ និង
-ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។
ទោះយ៉ាងណា គោលដៅទាំងនេះអាចសម្រេចទៅបានទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងស្ថាប័នសាធារណៈដែលមានតួនាទីពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានតួនាទីពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលផ្តល់ជាជំនួយហិរញ្ញវត្ថុក៏ដូចជាបចេ្ចកទេសតាមវិស័យអាទិភាព។
ក្នុងទិសដៅនេះ ខ្ញុំសូមគូសរំលេចពីចំណុចចម្បងៗមួយចំនួននៅក្នុងការរៀបចំអភិវឌ្ឍ SME នៅកម្ពុជា ដូចតទៅ៖
-ទី១៖ ការជំរុញឱ្យមានចុះបញ្ជីផ្លូវការ។ SME ក្នុងប្រព័ន្ធផ្លូវការទទួលបានការគាំទ្រពេញលេញផ្នែកហិរញ្ញប្បទាន ជំនួយបច្ចេកទេស ឱកាសក្នុងការធ្វើសមាហរណកម្មក្នុងតំបន់និងពិភពលោក ព្រមទាំងការលើកទឹកចិត្តផ្សេងទៀតតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
-ទី២៖ ហិរញ្ញប្បទានដែលទទួលបានត្រូវតែប្រើប្រាស់ឱ្យស្របតាមគោលបំណងអាជីវកម្ម។
-ទី៣៖ SME ត្រូវបន្តពង្រឹងសមត្ថភាព ដូចជា អភិបាលកិច្ចដឹកនាំ ជំនាញ និងបច្ចេកទេស ឱ្យស្របតាមស្តង់ដាអន្តរជាតិ។
-ទី៤៖ ការបន្តពង្រឹងបច្ចេកវិទ្យាឱ្យស្របតាមការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ពិភពលោក ដែលមានដូចជា ការទូទាត់តាមប្រព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម និង
-ទី៥៖ SME គួរអនុវត្តតាមវិធាន បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ដើម្បីអាចប្រកួតប្រជែងជាមួយដៃគូក្នុងតំបន់។
សន្និសីទយើងនាថ្ងៃនេះ ផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ពិភាក្សាពីបញ្ហាទាំងនេះ និងផ្តល់មតិយោបល់ផ្សេងៗជាដំណោះស្រាយ ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះវាគ្មិន និងអ្នកស្រាវជ្រាវ ដែលបានចំណាយពេលធ្វើការស្រាវជ្រាវ លើប្រធានបទពាក់ព័ន្ធនឹងប្រធានបទគោលនៃសន្និសីទ នាឆ្នាំ២០២៥នេះ ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះ សាស្ត្រាចារ្យ Toshitaka Sekine នៃសាកលវិទ្យាល័យ Hitotsubashi ដែលអញ្ជើញមកថ្លែងសុន្ទរកថាគន្លឹះនាពេលបន្តិចទៀតនេះ ។ ខ្ញុំជឿជាក់ថាកិច្ចពិភាក្សា និងបទបង្ហាញជាបន្តបន្ទាប់ នឹងរួមចំណែកបង្កើនការសិក្សាស្វែងយល់ ជាពិសេសផ្តល់ជាធាតុចូលក្នុងគោលនយោបាយជំរុញការអភិវឌ្ឍ SME ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព។
ធនាគារជាតិនៃកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រ SME ឱ្យបង្កើនការចូលរួមថែមទៀតក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ការពង្រឹងគុណភាព SME រួមចំណែកបង្កើនភាពធន់ ការរួបរួម និងកសាងវិបុលភាពសង្គមរយៈពេលវែងដល់កម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ