ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ ផ្សព្វផ្សាយ​អំពី​ការ​សន្សំ​ប្រាក់ ដើម្បី​បង្កើន​ចំណេះដឹង និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ

6 ថ្ងៃ មុន

ខេត្តកំពត ៖ ធនាគារជាតិ​នៃ​កម្ពុជា​  ផ្សព្វផ្សាយ​អំពី​ការ​សន្សំ​ប្រាក់ ដើម្បី​បង្កើន​ចំណេះដឹង​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ ផ្សព្វផ្សាយ​វប្បធម៌​សន្សំ លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ផ្លូវការ​ស្របច្បាប់…

ខេត្តកំពត ៖ ធនាគារជាតិ​នៃ​កម្ពុជា​  ផ្សព្វផ្សាយ​អំពី​ការ​សន្សំ​ប្រាក់ ដើម្បី​បង្កើន​ចំណេះដឹង​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ ផ្សព្វផ្សាយ​វប្បធម៌​សន្សំ លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ផ្លូវការ​ស្របច្បាប់ ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ និង​ការពារ​សុវត្ថិភាព ។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​  លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី “​ទិវា​សន្សំ​អាស៊ាន​” ក្រោម​ប្រធានបទ «​សន្សំ​ប្រាក់​ដោយ​ភាព​ឆ្លាត​វៃ សន្សំ​ប្រាក់​ដោយ​ក្តី​ស្រលាញ់​» នៅ​ខេត្តកំពត ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ​ថា ការ​សន្សំ​ប្រាក់ គឺជា​វិធី​ការពារ​ហិរញ្ញវត្ថុ​សំខាន់​មួយ ដែល​ជួយ​ឲ្យ​យើង​ពេល​មាន​បញ្ហា ឬ​តម្រូវការ​បន្ទាន់ ។ ការ​សន្សំ​ក៏​ជា​ផ្នែក​នៃ​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ ដើម្បី​ធានា​សុវត្ថិភាព បង្កើន​ទ្រព្យសម្បត្តិ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ យើង​អាច​សន្សំ​ប្រាក់​តាម​រយៈ​វិធី​ផ្សេង​ៗ ដូច​ជា កូនជ្រូក ទូដែក ឬ​នៅ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​មាន​សុវត្ថិភាព និង​ទុកចិត្ត​បាន​។ ការ​ដាក់​ប្រាក់​សន្សំ​នៅ​គ្រឹះ ស្ថាន​ផ្លូវការ​មាន​អត្ថប្រយោជន៍​ដូច​ជា ៖ ផ្តល់​សុវត្ថិភាព​ក្នុង​ការ​ថែរក្សា​ប្រាក់ ទទួល​បានការ​ពារ​តាម​ផ្លូវច្បាប់ ទទួល​បានការ​ប្រាក់​បន្ថែម និង​អាច​ដក​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង​តាម​តម្រូវការ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សន្សំ​ជាមួយ​គ្រឹះស្ថាន​ផ្លូវការ គឺ​អាច​ជួយ​គាំទ្រ​ដល់​ការ ប្រមូលផ្តុំ​មូលធន​សម្រាប់​វិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។

ឯកឧត្តម បន្ថែម​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា ចំណែក ឆ្នាំ ២០២៥ នេះ បាន​ជ្រើសរើស​យក​ប្រធានបទ «​សន្សំ​ប្រាក់​ដោយ​ភាព​វៃឆ្លាត សន្សំ​ប្រាក់​ដោយ​ក្តី​ស្រលាញ់​» ដោយ​មាន​គោលដៅ សំខាន់​ៗ​ដូច​ជា ៖ បង្កើន​ចំណេះដឹង​ហិរញ្ញវត្ថុ និង​លើកទឹកចិត្ត​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ ផ្សព្វផ្សាយ​វប្បធម៌​សន្សំ ស្មារតី​សន្សំ​ប្រាក់​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជា​ទំនួល​ខុស​ត្រូវ​សម្រាប់​ថ្ងៃ​អនាគត និង​លើកកម្ពស់​ការ​ប្រើ ប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​និង​ផ្លូវការ​ស្របច្បាប់ ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ និង​ការពារ​សុវត្ថិភាព ។

ឯកឧត្តម លើក​ឡើង​បន្ត​ថា បញ្ហា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការ​នារី និង​ស្ថាបន​ជាតិ​-​អន្តរជាតិ​នានា ដើម្បី​បង្កើន​ការ​យល់​ដឹង និង​លើកទឹកចិត្ត​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ យ៉ាង​ប្រុង​ប្រយ័ត្ន និង​មាន​ទំនួល​ខុស​ត្រូវ ជា​ពិសេស​សម្រាប់​កុមារ ស្ត្រី និង​ប្រជាពលរដ្ឋ​នៅ​ជនបទ ។ ក្រៅពី​នេះ​ធនាគារជាតិ ដែល​ជា អាជ្ញាធរ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ ក៏​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ លើ​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ និង​ការពារ​អតិថិជន ដើម្បី​រក្សា​ស្ថិរភាព​ប្រព័ន្ធ ធនាគារ និង​បង្កើន​ទំនុកចិត្ត​សាធារណៈ​ក្នុង​ការ​ដាក់​ប្រាក់​សន្សំ​នៅ​គ្រឹះស្ថាន​ផ្លូវការ ជៀសវាង​ការ​ទុក​ប្រាក់​នៅផ្ទះ ដែល​អាច​ប្រឈម នឹង​ហានិភ័យ​ដូច​ជា ការ​បាត់បង់ ចោរកម្ម ឬ​អគ្គិភ័យ ។

សូម​បញ្ជាក់​ថា ទិវា​សន្សំ​អាស៊ាន​នេះ ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មការ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​អាស៊ាន​នៅ​ឆ្នាំ​២០១៩ ដើម្បី​លើកកម្ពស់ វប្បធម៌​សន្សំ និង​ការ​យល់​ដឹង​អំពី​សារៈសំខាន់ នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។ ការ​ផ្តួចផ្តើម​នេះ ស្រប​តាម​ទិវា​សន្សំ​ពិភពលោក ដែល​ជា​ទស្សនៈ​របស់​អ្នក​សេដ្ឋកិច្ច​ជនជាតិ​អ៊ី​តា​លី ឈ្មោះ Filippo Ravizza ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍ នៃ​ការ​សន្សំ ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ជៀសវាង​វិបត្តិ​ហិរញ្ញវត្ថុ ៕ អត្ថបទ​សហការ