រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានកោតសរសើរចំពោះ SDC ដែលតែងតែជួយដល់កម្ពុជា ជាពិសេស លើគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ តាំងពីដំណាក់កាលទី ១ ដំណាក់កាលទី ២ និងបន្តអនុវត្តរួមគ្នាថែមទៀតសម្រាប់ដំណាក់កាលទី ៣ ឆ្នាំ ២០២៤ – ២០២៨ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយក្នុងការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ សំដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា កម្លាំងពលកម្មជំនាញចល័តក្នុងតំបន់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ ។
លោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងដំណាក់កាលបន្ទាប់នៃកម្មវិធី TVET ១,៥លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ការកសាងកម្លាំងពលកម្មជំនាញដែលមានការប្រកួតប្រជែង និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ