ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រយៈពេល ​៦ ​ខែ​ដើមឆ្នាំ​២០២៥ ​មាន​អ្នក​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ ​ចំនួន ១៣​ម៉ឺន​នាក់

2 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥​នេះ មាន​សិស្ស​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ១៣​ម៉ឺន​នាក់ ក្នុង​នោះ​ក្រុម​គោលដៅ​ដែល​ជា​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​មាន​ប្រមាណ ៥,៤​ម៉ឺន​នាក់​ ។​…

​រាជធានីភ្នំពេញ​ ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥​នេះ មាន​សិស្ស​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ១៣​ម៉ឺន​នាក់ ក្នុង​នោះ​ក្រុម​គោលដៅ​ដែល​ជា​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​មាន​ប្រមាណ ៥,៤​ម៉ឺន​នាក់​ ។​ នេះ​បើ​តាម​របាយការណ៍​ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា សិស្ស​កំពុង​រៀន និង​បាន​បញ្ចប់​ការ​សិក្សា​មាន​ចំនួន ៨,២​ម៉ឺន​នាក់ ​ក្នុង​នោះ​ក្រុម​គោលដៅ​មាន ៣,៨​ម៉ឺន​នាក់ ខណៈ​ដែល​សិស្ស​កំពុង​រង់ចាំ​ចូល​រៀន មាន​ចំនួន ៨,៨​ពាន់​នាក់ ក្នុង​នោះ​ក្រុម​គោលដៅ​មាន​ប្រមាណ ៤,៣​ពាន់​នាក់ សិស្ស​ដែល​មានការ​ងារ​ធ្វើ​មាន​ចំនួន ២,២​ម៉ឺន​នាក់ ​។

ជាមួយនឹង​កំណើន នៃ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នេះ លោក ស៊ុន មេ​សា បាន​បន្ត​ជំរុញ​ឱ្យ​ពលរដ្ឋ​ជា​ពិសេស​ក្រុម​យុវជន​គោលដៅ ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចូល​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ជា​កម្មវិធី​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​ផ្តល់​ជំនាញ ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ដើម្បី​មាន​ជំនាញ និង​ចំណូល​ឆាប់រហ័ស​ក្នុង​ការ​កែប្រែ​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរ​ ។

សូម​រំលឹក​ថា កម្មវិធី​ថ្នាក់​ជាតិ​នេះ ត្រូវ​បាន​ប្រកាស​ដាក់​ចេញ​ដោយ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៣ ក្នុង​នោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​បវេសនកាល​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ដើម្បី​ផ្តល់​ជំនាញ​ដល់​យុវជន​គោលដៅ ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ ដើម្បី​ទទួល​បាន​ជំនាញ​រយៈពេល​ខ្លី និង​មាន​ការងារ​សមរម្យ​ សម្រាប់​កែប្រែ​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​។

គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​ក្រសួង​សរុប​ចំនួន ២៥៤​គ្រឹះស្ថាន ក្នុង​នោះ គ្រឹះស្ថានសាធារណៈ​ចំនួន ៣៧ គ្រឹះស្ថាន​ឯកជន​ចំនួន ១៩៣ គ្រឹះស្ថាន ដោយ​ចុះ​បញ្ជិការ​នៅ​ក្រសួង​ចំនួន ៧២ គ្រឹះស្ថាន និង​គ្រឹះស្ថាន​ក្រោម​ឱវាទ​មន្ទីរ​ចំនួន ១២១ គ្រឹះស្ថាន និង​អង្គការ​/​សមាគម​ចំនួន ២៤ គ្រឹះស្ថាន ​៕ អត្ថបទសហការ