រាំជថានីភ្នំពេញ ៖ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា ការបង្កើតទារកដ្ឋានសម្រាប់មើលថែទារក និងកុមារជាកូនរបស់កម្មករនិយោជិត គឺជាអ្វីដែលសហជីពចង់បាន និងគាំទ្រយ៉ាងពេញទំហឹង ។ ទារកដ្ឋានដើរតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំទារក និងកុមារប្រកបដោយផាសុខភាព អំឡុងពេលបងប្អូនកម្មករនិយោជិតជាអាណាព្យាបាលកំពុងធ្វើការ ។
អនុប្រធានសហភាពចលនាកម្មករកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស គឺជារឿងល្អ និងជាការផ្តល់នូវឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ពីព្រោះកម្មការិនីដែលមានកូនតូចៗអាចយកកូនរបស់ពួកគេទៅតាមនៅកន្លែងធ្វើការបាន ដោយដាក់ឱ្យមើលថែទាំនៅក្នុងទារកដ្ឋាន ដែលនៅក្បែររោងចក្រ សហគ្រាស របស់ពួកគេ ។
ក្នុងនាមជាថ្នាក់ដឹកនាំសហជីព លោកស្រី កេន ឆេងឡាង រីករាយនៅពេលដែលទារកដ្ឋាននៅក្នុងរោងចក្រ សហគ្រាសដំបូងរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ ។ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការបន្តធ្វើឱ្យមានទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេសថែមទៀត ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ ការសាងសង់ទារកដ្ឋាននេះ គឺជាអនុសាសន៍ ១ ក្នុងចំណោមអនុសាសន៍ទាំង ១០ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាល សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ ។
គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារក និងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងការអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញា និងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ