ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ធនាគារជាតិ ប្រកាស​ផ្ទេរ​ភារកិច្ចនាយក​សាខា​ធនាគារជាតិ​ ខេត្តស្ទឹងត្រែង និងសំណេះសំណាល​ការងារ ជាមួយអភិបាលខេត្ត

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តស្ទឹងត្រែង ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល…

ខេត្តស្ទឹងត្រែង ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តស្ទឹងត្រែង ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា នា​ថ្ងៃ​ទី​ ១២ ខែមីនា ឆ្នាំ​ ២០២៥ នៅ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តស្ទឹងត្រែង​ ។ គោលបំណង​នៃ​ការ​កែសម្រួល​ភារកិច្ច​នេះ ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​ជំនាញ និង​បទ​ពិសោធន៍​ថ្មី សំដៅ​បន្ត​និរន្តរភាព​ការងារ​និង​ប្រតិបត្តិការ​របស់​សាខា​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​ ។

ក្នុង​ពិធី​នេះ លោក​ជំទាវ ទេសាភិបាល បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​-​បុគ្គលិក​ទាំងអស់​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ និង​ខិតខំ​បំពេញការងារ​ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មី​ៗ​ថែម​ទៀត​ ។ បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​ណែនាំ​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​កិច្ច​ការពារ​អតិថិជន និង​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ទីផ្សារ ព្រមទាំង​ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមចំណែក​ទប់ស្កាត់​កម្ចី​អន​ឡាញ​ខុសច្បាប់ ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ​ ។

បន្ទាប់​ពី​កម្មវិធី​នេះ លោក​ជំទាវ​ទេសាភិបាល ក៏​បាន​ដឹកនាំ​គណៈប្រតិភូ ធនាគារជាតិ​នៃ​កម្ពុជា ជួប​សំណេះសំណាល​ការងារ​ជាមួយ ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​ណែនាំ​នាយក​សាខា​ថ្មី របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រចាំ​ខេត្តស្ទឹងត្រែង និង​ស្វែង​យល់​បន្ថែម​ពី​ស្ថានភាព​សេដ្ឋកិច្ច ព្រមទាំង​ស្វែងរក​កិច្ចសហការ​គាំទ្រ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​បន្ថែម​ទៀត ​។

ក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​អភិបាល បាន​ស្វាគមន៍​ចំពោះ​សំណើ​កិច្ចសហការ​នានា និង​បាន​តាំងចិត្ត​ចូលរួម​យ៉ាង​មោះមុត​ក្នុង​ការ​ទប់ស្កាត់​កម្ចី​ខុសច្បាប់ ដើម្បី​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ៕ អត្ថបទសហការ