ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព ​៖ គោលនយោបាយ​រាជរដ្ឋាភិបាល​លើ​ការសាងសង់​ទារកដ្ឋាន ​នៅ​តាម​រោងចក្រ សហគ្រាស គឺជា​ឧត្តម​ប្រយោជន៍​សម្រាប់​កម្មករនិយោជិត

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា សម្តែង​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​លើ​យន្តការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ​។ ទន្ទឹម​នឹង​នេះ សហជីព​វាយតម្លៃ​ខ្ពស់​លើ​ការ​អនុវត្ត​ជាក់ស្តែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​មាន​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា សម្តែង​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​លើ​យន្តការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ​។ ទន្ទឹម​នឹង​នេះ សហជីព​វាយតម្លៃ​ខ្ពស់​លើ​ការ​អនុវត្ត​ជាក់ស្តែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​និយោជក​ដែល​បាន​ធ្វើការ​ជាមួយ​គ្នា​រហូត​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​សម្រាប់​កម្មករ​ជា​បណ្តើរ​ៗ​ហើយ​នៅ​ដើមឆ្នាំ ​២០២៥​ ។

លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​មេដឹកនាំ​សហជីព​សូម​ស្វាគមន៍​នូវ​យន្តការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​គោលនយោបាយ​ដែល​មាន​ភាព​ច្បាស់លាស់​លើ​ការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​។ លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បាន​អនុវត្ត​ជាក់ស្តែង ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​សម្រាប់​កម្មករនិយោជិត​នៅ​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ពេល​ថ្មី​ៗ​នេះ ​។ ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ក្នុង​នាម​សហជីព​លើកទឹកចិត្ត​ឱ្យ​ទារកដ្ឋាន​ទាំងអស់​បន្ត​ពង្រឹង​ការ​ថែទាំ​កុមារ សុខភាព​កុមារ និង​ការ​អប់រំ​ឱ្យ​បាន​ល្អ ដើម្បី​សុវត្ថិភាព​អំឡុង​ពេល​ទារក​ស្ថិត​ក្រោម​ការ​មើលថែ​ទាំ​នៅ​ក្នុង​ទារកដ្ឋាន​។ ទន្ទឹម​នឹង​នេះ ភាគី​ពាក់ព័ន្ធ​គួរ​បន្ត​ពិនិត្យ និង​តាមដាន​ការ​អនុវត្ត​ឱ្យ​បាន​ហ្មតចត់​លើ​ទារកដ្ឋាន​ដែល​ដាក់​ឱ្យ​ដំណើរការ ដើម្បី​កុំឱ្យ​មានការ​ខ្វះចន្លោះ​លើ​កត្តា​ថែទាំ​ណាមួយ​កើតឡើង ធ្វើ​ឱ្យ​ប៉ះពាល់​ទារក​។

ដោយឡែក លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​លើ​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សាង​សាង​ទារកដ្ឋាន និង​បាន​លើក​ឡើង​ថា​ការ​សាងសង់​ទារកដ្ឋាន​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ក៏​ដូច​ជា​តំបន់​រោងចក្រ​នោះ​គឺ​ផ្តល់​គុណប្រយោជន៍​ជា​ច្រើន ជា​ពិសេស​បងប្អូន​កម្មករនិយោជិត ​។ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ក្នុង​នាម​ជា​អ្នកតំណាង​កម្មករនិយោជិត​មានការ​វាយតម្លៃ​ខ្ពស់​លើ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​នៅ​តាម​រោងចក្រ សហគ្រាស នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ និង​បង្ក​ភាព​ងាយស្រួល​ដល់​កម្មករនិយោជិត​ ។ បងប្អូន​កម្មករនិយោជិត​នឹង​អាច​ចំណេញ​ថវិកា​មួយ​ចំនួន​ពី​ការ​មើលថែ​ទាំ​ទារក​, កម្មករ​អាច​ដាក់​កូន​របស់​ខ្លួន​ក្នុង​ទារកដ្ឋាន​ដែល​មានការ​ថែទាំ​ល្អ និង​សុវត្ថិភាព​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ ​២០២៥ ថ្មី​ៗ​នេះ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ​(Royal Group Phnom Penh SEZ) នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។ ការ​សាងសង់​ទារកដ្ឋាន​នេះ​គឺជា​អនុសាសន៍ ​១ ក្នុង​ចំណោម​អនុសាសន៍​ទាំង​១០ ដែល​សម្តេច​បវរធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​កាល​អនុវត្ត កាលពី​ថ្ងៃ​ទី ​២៩ ខែសីហា ឆ្នាំ​ ២០២៣ ដើម្បី​ក្រសួង​ការងារ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍ នៅ​តាម​តំបន់​ប្រមូលផ្តុំ​រោងចក្រ​ ។

គោលបំណង​នៃ​ការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​សហគ្រាស គ្រឹះស្ថាន គឺ​ដើម្បី​ធានា​ថា ទារក​និង​កុមារ​ទាំងនោះ​ទទួល​បានការ​ថែទាំ​ និង​អប់រំ​ប្រកបដោយ​គុណភាព និង​ស្តង់ដា​ដែល​ជួយ​គាំទ្រ​ការ​លូតលាស់ និង​អភិវឌ្ឍ​ផ្នែក​រាង​កាយ ព្រមទាំង​ផ្នែក​បញ្ញា​និង​ស្មារតី ក៏​ដូច​ជា​ផ្តល់​ពេលវេលា​ឱ្យ​ឳ​ពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​ជា​កម្មករនិយោជិត​មានឱកាស​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ ៕ អត្ថបទសហការ