ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​ និងសាជីវកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម​កូរ៉េ ចុះ MoU ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍អនុវត្តន៍​ជាក់ស្តែង និង​ចំណេះដឹងការ​គ្រប់គ្រងបញ្ហា​ឥណទាន​មិន​ដំណើរការ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី និង​ចុះហត្ថលេខា ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី និង​ចុះហត្ថលេខា ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​សាជីវកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម​កូរ៉េ (KAMCO) ជាមួយ​លោក Nam Ju Kwon ប្រធាន និង​ជានា​យក​ប្រតិបត្តិ KAMCO នា​ថ្ងៃ​ទី ​៤ ខែមីនា ឆ្នាំ​ ២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ថា្ន​ក់​ដឹកនាំ KAMCO គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ​កូរ៉េ (FSC) និង​សាជីវកម្ម​ធានា​ប្រាក់​បញ្ញើ​កូរ៉េ (KDIC) សរុប​ប្រមាណ ៥០​រូប ​។

អនុស្សរណៈ​យោគយល់​នេះ​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សម្របសម្រួល​រវាង​ស្ថាប័ន​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុវត្តន៍​ជាក់ស្តែង និង​ចំណេះដឹង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​បញ្ហា​ឥណទាន​មិន​ដំណើរការ​ ។ ឯកសារ​នេះ​ក៏​គ្របដណ្តប់​រាល់​ចំណុច​សំខាន់​ៗ ដូច​ជា យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់​ដែល​បាន​ប្រកាស​ជា​សាធារណៈ ការ​ផ្លាស់​ប្តូរ​ឯកសារ​ស្រាវជ្រាវ​និង​ការ​ពង្រឹងសមត្ថភាព​មន្ត្រី​-​បុគ្គលិក និង​ចែករំលែក​បទ​ពិសោធន៍ ជាដើម​ ។

នៅ​ក្នុង​ពិធី​នោះ ឯកឧត្តម ទេសាភិបាល​រង បាន​មាន​ប្រសាសន៍​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​ទាំង​ពីរ ក្នុង​គោលដៅ​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កូរ៉េ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។ ភាគី KAMCO ក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ សំដៅ​លើកកម្ពស់​ផលប្រយោជន៍​រួម​។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម ទេសាភិបាល​រង ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ​កូរ៉េ និង​សាជីវកម្ម​ធានា​ប្រាក់​បញ្ញើ​កូរ៉េ អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ទាំង​ពីរ ជា​ពិសេស​លើ​ការ​គាំទ្រ​ការ​រៀបចំ​យន្តការ​កិច្ច​ការពារ​ប្រាក់​បញ្ញើ​នៅ​កម្ពុជា និង​ការ​កសាង​សមត្ថភាព​មន្ត្រី​-​បុគ្គលិក​ផង​ដែរ​ ៕ អត្ថបទសហការ