ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ​៖ សមភាព​រវាង​បុរស និង​ស្ត្រី គឺជា​កិច្ចការ​ស្នូល​ នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​គ្រប់​នីតិកាល

3 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា សមភាព​រវាង​បុរស និង​ស្ត្រី…

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា សមភាព​រវាង​បុរស និង​ស្ត្រី គឺជា​កិច្ចការ​ស្នូល​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​នីតិកាល ពោល​គឺ សម្ដេច​ត​ជោ និង សម្ដេច​ធិ​បតី ដែល​តែងតែបាន​គិតគូរ​ផ្តល់​តម្លៃ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​ដោយ​ការ​ផ្តល់ “​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី​និង​ក្មេង​ស្រី​គ្រប់​រូប​”​ ។

ការ​ថ្លែង​បញ្ជាក់​ដូចនេះ គឺ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម ហេង សួរ អញ្ជើញ​ជា​អធិបតី នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៤ នៃ​ទិវា​អន្ដរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី​និង​ក្មេង​ស្រី​គ្រប់​រូប​” ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ដោយ​មាន​វត្តមាន​ចូលរួម​របស់ លោក​ជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ការងារ​យេ​ន​ឌ័​រ​, លោក​ជំទាវ ញ៉ែ​ម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​, ថ្នាក់ដឹកនាំ និង​ទីប្រឹក្សា​ក្រសួង​, តំណាង​សហជីព​ស្ត្រី​, តំណាង​នារី​នៃ​វិទ្យាស្ថាន​/​មជ្ឈមណ្ឌល ២៤ រាជធានី ខេត្ត​, និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សរុប​ជិត ៦០០​នាក់ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ស្ត្រី​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​ការ​កសាង​អរិយធម៌​កម្ពុជា និង​វឌ្ឍនភាព​នៃ​សង្គម ដោយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្ត្រី​កម្ពុជា​ក៏​នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ដូចដែល លោក​ជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ធ្លាប់​បាន​លើក​ឡើង​ថា “​នៅ​ក្នុងផ្ទះ បើ​មិន​មាន ភរិយា​ខ្លាំង មិន​មាន​ម្តាយ​ល្អ នោះ​ស្វាមី និង​ឪពុក​ក៏​ពិបាក​នឹង​មានឱកាស​គ្រប់គ្រាន់​ធ្វើ​រឿង ជោគជ័យ​នៅ​ខាងក្រៅ​ដែរ​”​។ ជាក់ស្ដែង មាន​ស្ត្រី​ជា​ច្រើន កំពុង​តែ​បម្រើ​ការងារ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៥  នៅ​ក្នុង​វិស័យ​កាត់ដេរ មាន​កម្មករនិយោជិត​សរុប​ប្រមាណ ៩២​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ប្រមាណ ៧០​ម៉ឺន​នាក់ ស្មើនឹង​ប្រមាណ​ជាង ៧៦%​។ នៅ​ក្រៅ​វិស័យ​កាត់ដេរ ក្នុង​ចំណោម កម្មករនិយោជិត​សរុប​ជាង ៩០​ម៉ឺន​នាក់ មាន​ស្ត្រី​ប្រមាណ ៣៧​ម៉ឺន​នាក់ ស្មើនឹង ៤១%​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ការ​ផ្ដល់​ឱកាស និង​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​ស្ត្រី​ចូលរួម​បំពេញការងារ​កាន់តែ​សកម្ម និង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ដឹកនាំ​គ្រប់​កម្រិត ផ្អែក​លើ​សមត្ថភាព ពីព្រោះ​ប្រសិនបើ​បេក្ខជន​មាន​សមត្ថភាព​ប្រហែល​គ្នា នោះ​ស្ត្រី​គឺជា អាទិភាព​ទី​មួយ​ ៕ អត្ថបទសហការ