រាជធានីភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្ត្រីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់នៅកម្ពុជា ។ ការលើកឡើងដូច្នេះបន្ទាប់ពីមន្ត្រីអធិការការងារនៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសម្បទាក្លាយជានគរបាលយុត្តិធម៌កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។
លោក ប៊ុន វ៉ា តំណាងនិយោជកនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក ស្ថិតក្នុង រាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដែល មន្ត្រីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។ មន្ត្រីអធិការការងាររបស់ក្រសួងការងារទាំងនេះនឹងជួយត្រួតពិនិត្យ តាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយ៉ាងត្រឹមត្រូវបន្ថែមទៀត។
ទន្ទឹមនេះ មន្ត្រីនគរបាលយុត្តិធម៌នឹងជម្រុញដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ផងដែរ ។
ចំណែក កញ្ញា ស្រ៊ុន ចាន់សុខឡា ជាកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក មើលឃើញថា ការរក្សាបាននូវការផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត ដូចជាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗទៀតគឺជារឿងចាំបាច់បំផុត ដូច្នេះហើយមន្ត្រីអធិការការងារនៃក្រសួងការងារដែលទើបតែក្លាយជាមន្ត្រីនគរបាលយុត្តិធម៌នឹងដើរតួសំខាន់ក្នុងការជំរុញឱ្យលក្ខខណ្ឌការងារបែបនេះកាន់តែប្រសើរឡើងថែមទៀត ។
កម្មករនៃរោងចក្រកាត់ដេរបានគាំទ្រយ៉ាងពេញទំហឹងដែលមន្ត្រីអធិការការងារនៃក្រសួងការងារទទួលបានសម្បទាក្លាយជានគរបាលយុត្តិធម៌ ។ កញ្ញាថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាប្រចាំ។ កញ្ញាសង្ឃឹមយ៉ាងមុតមាំថាកម្មករទាំងអស់នឹងបន្តទទួលបានអត្ថប្រយោជន៍ថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ចំនួន ១២០រូប និងខេត្តព្រះសីហនុ ចំនួន ១១រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលនៅតាមបណ្តាខេត្តនានាទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ