រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសំណង់ផ្ទះល្វែងមួយកន្លែងដែលកំពុងសាងសង់ ហើយសង់បានសម្រេចជាន់ផ្ទាល់ដី និងបន្តទៅសង់ជាន់ទី១ទៀត ខណៈនោះបន្ទាប់ពីរៀបជញ្ជាំងរួចរាល់ ក្រុមជាងបានរៀបចំធ្វើពុម្ពដើម្បីចាក់ប្លង់សេដំបូលជាន់ទី១នោះទៀត ។ នៅពេលរៀបចំរួចរាល់គេបានហៅរថយន្តលាយបេតុងទៅបាញ់ចាក់បញ្ចូលពុម្ព ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះ គឺការរៀបចំគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងមានការធ្វេសប្រហែសពីសំណាក់មេជាង ដែលនៅក្នុង ខណៈពេលរថយន្តលាយបេតុងកំពុងបាញ់បេតុង ស្ទើរតែជិតហើយរួចរាល់ជាស្ថាពរទៅហើយនោះស្រាប់តែបាក់ចន្ទល់ទ្រក្ដារពុម្ព បណ្ដាលឲ្យបេតុង ទើបចាក់ថ្មីហូរធ្លាក់ចុះក្រោមអស់ទាំងស្រុងទើរនៅលើដំបូលប្លង់សេជាន់ផ្ទាល់ដីតែម្ដង។
ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៣ កក្កដា ដែលសំណង់ផ្ទះល្វែងមួយនោះ មានទីតាំងស្ថិតនៅក្នុងភូមិ ចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះខាងលើបានព្យាយាមលាក់លៀមពីអត្តសញ្ញាណ ដោយគ្រាន់តែប្រាប់អ្នកជិតខាងថា ផ្ទះរបស់ខ្លួនមានទំហំ៤,៥០ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយខ្លួនបានជួលជាងឲ្យធ្វើ ហើយជាងទាំងនោះធ្វើគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទើបមានរឿងបែបនេះកើតឡើង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានឃើញក្រុមជាងសំណង់ខាងលើប្រើដើមប្រេងខ្យល់តូចៗ ធ្វើជាចន្ទល់ទ្រក្ដារពុម្ពចាក់ប្លង់សេ និងដាក់រង្វើលៗថែមទៀតផង ហើយនៅពេលពួកគាត់នាំគ្នានិយាយថា ប្រើចន្ទល់តូចៗអញ្ចឹងតិចទ្រទម្ងន់មិនបាន ស្រាប់តែក្រុមជាងទាំងនោះឆ្លើយតបវិញថា កុំចេះដឹងពួកគេដើរធ្វើផ្ទះរាប់មិនឈ្នះមកហើយ មិនមែន ទើបតែធ្វើផ្ទះមួយនេះឡើយ ។ បន្ទាប់ពីបានឮក្រុមជាងនិយាយបែបឡូយយ៉ាងនេះ ពួកគាត់ក៏លែងហ៊ាននិយាយទៀតដែរ និងបាននាំគ្នាចាំមើល រហូតដល់ថ្ងៃកើតហេតុ ខណៈពេល រថយន្តលាយបេតុងកំពុងបាញ់បេតុងចាក់ជិតរួចហើយ ស្រាប់តែបាក់ចន្ទល់ហូរបេតុងដែលទើបនឹងចាក់ថ្មីៗនោះអស់ទាំងស្រុងតែម្ដង ៕
ចែករំលែកព័តមាននេះ