តាកែវ កំពង់ស្ពឺ ៖ ក្រុមការងារត្រួតពិនិត្យពិសេស នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់បានចំនួន ៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស សហការជាមួយមន្ត្រីស្ថានីយឃ្លាំងសម្បត្តិ ខេត្តតាកែវ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ២ ចន្លោះគ.មលេខ៨៦-៨៧ ស្រុកទ្រាំង ខេត្តតាកែវ និងនៅផ្លូវជាតិលេខ៣ ចន្លោះគ.មលេខ៤៥-៤៦ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំពោះករណីខាងលើនេះដែរ ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១១គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់អនុញ្ញាតចំនួន ៤គ្រឿង ចន្លោះពី៨តោន ដល់២១តោន ៕







ចែករំលែកព័តមាននេះ