ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាត់ទុកការផ្សាយរបស់ថៃមានលឺស្នូរផ្ទុះអាវុ.ធ៥គ្រា.ប់នៅខេត្តឧត្តមានជ័យជាព័ត៌មានមិនពិត និងជាការមួលបង្កា.ច់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ បាន​ចុះ​ផ្សាយ​ថា មាន​លឺ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ នៅ​តំបន់​ភ្នំ​បាក់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ជា​ការ​មិន​ពិត មួលបង្កាច់​ក្នុង​ចេតនា​បង្ក​ការ​ភាន់ច្រឡំ​បំភាន់​សាធារណ​មតិ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ បាន​ចុះ​ផ្សាយ​ថា មាន​លឺ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ នៅ​តំបន់​ភ្នំ​បាក់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ជា​ការ​មិន​ពិត មួលបង្កាច់​ក្នុង​ចេតនា​បង្ក​ការ​ភាន់ច្រឡំ​បំភាន់​សាធារណ​មតិ និង​បង្ក​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:៤០​នាទី ផេ​ក​ក្រុម​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ បាន​ចុះ​ផ្សាយ​ថា មាន​លឺ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ នៅ​តំបន់​ភ្នំ​បាក់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ និង​បាន​ចោទប្រកាន់​មក​លើ​កងកម្លាំង​កម្ពុជា​ថា ជា​អ្នក​បង្កហេតុ​ខាងលើ ។

ក្រសួងការពារជាតិ​កម្ពុជា ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ខាងលើ​ថា ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​មួលបង្កាច់ ក្នុង​ចេតនា​បង្ក​ការ​ភាន់ច្រឡំ បំភាន់​សាធារណ​មតិ និង​បង្ក​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន ។

ក្រសួងការពារជាតិ​កម្ពុជា មិន​អាច​ទទួលយក​បាន​ឡើយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​យោធា​ថៃ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​កង​យោធពលខេមរភូមិន្ទ ក៏​ដូច​ជា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួលបង្កាច់​ទាំងនេះ​ជា​បន្ទាន់ ហើយ​ត្រឡប់​មក​គោរព និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ពេញលេញ និង​ដោយ​ស្មោះត្រង់ សុចរិត​នូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បាន​ឯកភាព​គ្នា​កន្លង​មក ជា​ពិសេស​ការ​អនុលោម​តាម​ចំនុច​ទី​៨ នៃ​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ស្តី​ពី​ការ​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​កសាង​ជំនឿ​ទុកចិត្ត​ទៅ​វិញ​ទៅ​មក និង​បរិយាកាស​អំណោយផល​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ