ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចាក់សាំងដុតទៅលើអតីតប្រពន្ធដែលបានលែងលះគ្នាដាច់ស្រេចជាងមួយឆ្នាំកន្លងទៅហើយ។ ប៉ុន្តែជនដៃដល់ជាអតីតប្តីចង់ត្រូវរ៉ូវជាមួយអតីតប្រពន្ធវិញ ហើយនាងមិនព្រមក៏ស្រាប់តែលួចចូលចាក់សាំងដុតនាងទាំងរស់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល។
ករណីប៉ុនប៉ងសម្លាប់អតីតប្រពន្ធ ចាក់សាំងដុតបណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ បានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិ ព្រៃបឹង ឃុំក្រាំងចេក ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថា នៅវេលាម៉ោង៨និង៥៩នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋឈ្មោះ ភួង ចាន់រ៉ា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបបុគ្គលិកធានាគារ រស់នៅក្នុងភូមិ ព្រៃបឹង ឃុំ ក្រាំងចេក ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បបានតេទូរស័ព្ទទំនាក់ទំនង(ប្តឹង) តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine១២៩២) បានរាយការណ៍ មានករណី ប្អូនថ្លៃចាក់សាំងដុតអតីតប្រពន្ធ បណ្ដាឱ្យរងរបួសធ្ងន់ធ្ងរដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
មន្ត្រីកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យបានបន្តដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង នៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គមុនីជ័យ បានទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនបគ្គុលម្នាក់ ឈ្មោះ គឹម រដ្ឋា ភេទ ប្រុស អាយុ ៣២ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រៃបឹង ឃុំ ក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ បានធ្វើសម្មកភាពលួចចូលក្នុងផ្ទះ ឈ្មោះ ភួង ចន្ធូ អាយុ៣១ឆ្នាំ ជាអតីតប្រពន្ធរបស់ គឹម រដ្ឋា ដែលបានលែងលះគ្នាដាច់ស្រេច នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ។
ប៉ុន្តែខាងឈ្មោះ គឹម រដ្ឋា នៅតែតាមរករឿងព្រោះចង់ត្រូវរ៉ូវគ្នាវិញ ប៉ុន្តែភាគីខាងអតីតប្រពន្ធមិនព្រម ទើបមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ គឹម រដ្ឋា បានលួចចូលទៅក្នុងផ្ទះអតីតប្រពន្ធ និងធ្វើសម្មកភាពចាក់សាំងដុតទៅលើជនរងគ្រោះឈ្មោះ ភួង ចន្ធូ ជាអតីតប្រពន្ធនៅក្នុងផ្ទះ ហើយបងប្អូនជនរងគ្រោះនិងអ្នកភូមិបានទៅជួយជនរងគ្រោះ។ ហើយបងស្រីជនរងគ្រោះបានខលទំនាក់ទំនងឲ្យកម្លាំងកងរាជអាវុធហត្ថជួយអន្តរាគមន៍។ នៅវេលាខាងលើកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ គឹម រដ្ឋា នៅទីតាំងខាងលើ រួចកងកម្លាំងយើងក៏បានឆែកឃើញ ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុគ្រឿនញៀន០១កញ្ចាប់ធំ និងឧបករណ៍ប្រើប្រាស់មួយចំនួន ទូរសព្ឋ IPhone ១៤ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យដៃដល់រួមជាមួយនឹងវត្តុតាង កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ