ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែខិតជិតជោគជ័យ ! ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៥០,៨% ត្រៀមខ្លួនជួយសម្រួលការធ្វើដំណើរ និងសេដ្ឋកិច្ចជាតិ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ (​ដីឥដ្ឋ​-​ថ្ម​គរ​) សម្រេច​បាន​៥០,៨% គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២៦ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ (​ដីឥដ្ឋ​-​ថ្ម​គរ​) សម្រេច​បាន​៥០,៨% គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០២៦ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស នា​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា គិត​ត្រឹម​ពាក់កណ្តាល ខែឧសភា ឆ្នាំ​២០២៦ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​) សម្រេច​បាន​៥០,៨% បន្ទាប់​ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​រួម​គ្នា​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បា​វិត កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកណ្ដាល ឆ្លងកាត់​តាម​ទន្លេមេគង្គ ផ្លូវ​នៅ​ត្រើយ​ខាងលិច ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ត​ភ្ជាប់​នឹង​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី ៣) និង​ផ្លូវជាតិ​លេខ​១ ផ្លូវ​នៅ​ត្រើយ​ខាងកើត​ស្ថិត ក្នុង​ឃុំ​ថ្ម​គរ ត​ភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ដែល​គ្រោង​នឹង​សាងសង់ ។

គម្រោង​នេះ​មាន​ប្រវែង​សរុប​៣,៧ គីឡូម៉ែត្រ រួម​មាន​ស្ពាន​ដែល​ឆ្លងទន្លេ និង​ស្ពាន​អាកាស​ត​ភ្ជាប់​ផ្លូវ លូ និង​ការងារ​វិស្វកម្ម​បន្ទាប់បន្សំ ។ ស្ពាន​ឆ្លងទន្លេ​មេគង្គ​មាន​ប្រវែង​សរុប ១ ៦០០​ម៉ែត្រ និង​ទទឹង​២៦​ម៉ែត្រ ដោយ​មាន​គន្លង​ផ្លូវ​រថយន្ត ផ្លូវ​ទោចក្រយានយន្ត និង​ផ្លូវ​ថ្មើរជើង ព្រមទាំង​មាន​គន្លង​នាវាចរណ៍​ចំនួន ៣​គន្លង ដែល​គន្លង​នីមួយ​ៗ​មាន​ចន្លោះ​សុវត្ថិភាព ទទឹង​១១០​ម៉ែត្រ និង​កម្ពស់​១៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ