ប្រជាកសិករ នៅស្រុកសំរោងទង ចាប់ផ្តើមធ្វើស្រែ ខែវស្សាហើយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមេឃធ្លាក់ភ្លៀងសើមដី នាដើមរដូវវស្សា ប្រជាកសិកររស់នៅក្នុងភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ផ្តើមបង្កបង្កើនផលហើយ(ព្រោះស្រូវ) ។
លោក អ៊ិត សាវ៉ុង អាយុ៤៨ឆ្នាំ រស់នៅក្នុងផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកនិងប្រជាកសិករផ្សេងទៀត ចាប់ផ្តើមបង្កបង្កើនផលដើមដៃហើយ (ព្រោះស្រូវរដូវវស្សា) គឺភ្ជួរដីហាល ពេលមេឃធ្លាក់ភ្លៀង ចាប់ផ្តើមព្រោះគ្រប់ស្រូវ ដោយប្រើវិធីសាស្ត្រថ្មី គឺព្រោះគ្រាប់ស្រូវស្ងួត (មិនបាច់ត្រាំទេ) ពេលព្រោះរួចរាល់ហើយ គ្រឿងចក្រ(ត្រាក់ទ័រ) រាស់ពីលើគ្របដើម្បីសង្កត់លើគ្រាប់ស្រូវ រយៈពេល១សប្តាហ៍ទើបស្រូវនោះដុះឡើង។ ប្រសិនបើមិនមានមេឃភ្លៀងនោះទេ រហូតដល់២សប្តាហ៍ទើបដុះ។
លោក អ៊ិត សាវ៉ុង បានបន្តថា ស្រូវដែលប្រជាកសិករចាប់ផ្តើមបង្កបង្កើនផលដើមរដូវវស្សានេះជា ប្រភេទស្រូវធ្ងន់(ឈ្មោះ ស្រូវកន្តំ និងស្រូវ ឆ្មារល្អិត និងឆ្មាព្រំ) រយៈពេលដាំដុះចំនួន៦ខែទើបបានប្រមូលផល។ ការធ្វើស្រែស្រូវវស្សារបស់ពួកគាត់ ផ្សងព្រេង ប្រវាស់ជាមួយមេឃ។ ដោយសារតែតំបន់ដីស្រែរបស់ពួកគាត់ឆ្ងាយពីតំបន់មានទឹកស្ទឹង និងប្រឡាយនានា។ ពួកគាត់សង្ឃឹមថាឆ្នាំនេះនឹងទទួលបានផលល្អ និងបានស្រូវហូបគ្រប់គ្រាន់ដូចឆ្នាំមុនៗដែរ ក្នុងឆ្នាំ២០២៥ បានគ្រប់ហូប ៕
















ចែករំលែកព័តមាននេះ