នរណាខ្លះធ្លាប់ដាក់បាត្រ និងថ្វាយបង្គំ? ជនក្លែងជាសង្ឃ៩នាក់ ត្រូវឃាត់ខ្លួនចាត់ការតាមច្បាប់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តើនរណាខ្លះធ្លាប់ដាក់បាត្រនិងថ្វាយបង្គំ? ជនក្លែងជាសង្ឃចំនួន៩នាក់ ត្រូវបានព្រះអនុគណខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់ចោមចៅទី៣ រដ្ឋបាលសង្កាត់សំរោងក្រោម ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទាំង២ ធ្វើការឃាត់ខ្លួន ។ ខណៈដែលពួកនេះជាន់ឈ្លីវីស័យព្រះពុទ្ធសាសនា ដោយកោេសក់ពុកចង្កា និងចិញ្ចើម រួចស្លៀកស្បង់ចីវរ ស្ពាយបាត្រដើបិណ្ឌបាត្រនៅតាមទីសាធារណៈ តាមទីផ្សារ ទីប្រជុំជន និងតាមបណ្ដាភូមិស្រុកនានា បន្ទាប់មកបាននាំទៅកាន់វត្តត្រពាំងឈូក បកស្បង់ចីវរចេញ និងចាត់ការតាមផ្លូវច្បាប់ ។
ការឃាត់ខ្លួនជនក្លែងជាសង្ឃខាងលើនោះបានធ្វើឡើង កាលពីវេលាព្រឹកថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងភូមិជម្ពូវ័ន២ ព្រមទាំងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សង្ឃក្លែងក្លាយទាំង៩នាក់នោះរួមមាន១,ឈ្មោះអេម ឆុង អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃត្រាំង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ សង្កាត់កន្តោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២,ឈ្មោះញឹម សារ៉ាន់ អាយុ៣៥ឆ្នាំ មានប្រពន្ធនិងកូន៣នាក់ ៣,ឈ្មោះញ៉ែត វុទ្ធី អាយុ៥៩ឆ្នាំ មានប្រពន្ធនិងកូន៣នាក់ និងធ្លាប់បួស១ដង ៤,ឈ្មោះយៀត ស្រូយ អាយុ៣៥ឆ្នាំ ៥,ឈ្មោះនឿន សារ៉ន អាយុ២០ឆ្នាំ មានប្រពន្ធហើយ និងមានទីលំនៅខេត្តកំពត ។ ៦,ឈ្មោះសេង ហៀប អាយុ៥០ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយជននេះធ្លាប់មានប្រពន្ធនិងកូន៦នាក់ ប៉ុន្តែបានលែងលះគ្នា១០ឆ្នាំមកហើយ ៧,ឈ្មោះនូ លន់ អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិដំរីលែង ស្រុកដងទង់ ខេត្តកំពត និងស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ៨,ឈ្មោះអ៊ិន ហាប់ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង៩,ឈ្មោះឯល ឌុច អាយុ៤៧ឆ្នាំ មានស្តុកកំណើត ស្រុកឈូក ខេត្តកំពត និងស្នាក់នៅវត្តតាំកសាង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយឃាត់ខ្លួនជនទាំង៩នាក់នោះ កម្លាំងសមត្ថកិច្ចខាងលើដកហូតបានស្បង់ចីវរ និងបាត្រ ផងដែរ ។
នគរបាលបានប្រាប់ថា នៅវេលាព្រឹកថ្ងៃទី២២ ខែឧសភា ព្រះមុនីកោសល វង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលសង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី និងប៉ុស្តិ៍សំរោងក្រោមចុះធ្វើការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំង៩នាក់ខាងលើនោះ ក្នុងខណៈដែលពួកគេកំពុងដើរបិណ្ឌបាត្រ ។ ក្នុងនោះ៣នាក់ត្រូវបានឃាត់ខ្លួននៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និង៥នាក់ឃាត់នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ និង១នាក់ទៀតឃាត់បាននៅតាមផ្លូវស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រៅពីនេះក៏ឃាត់ដោយទាំងព្រះសង្ឃពិត១អង្គផងដែរ ដោយព្រះអង្គមានឆាយាលក្ខណ៍ត្រឹមត្រូវ ប៉ុន្តែហួសសុពលភាព ហើយក្រោយពេលសួរនាំដឹង ក៏បានដោះលែងទៅវិញនិងណែនាំឲ្យព្រះអង្គទៅធ្វើឆាយាលក្ខណ៍ថ្មីទៀត ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែកជនសង្ស័យទាំង៩នាក់នោះបានស្លៀកស្បង់ចីវរ ចេញដើរបិណ្ឌបាត្រនៅតាមទីប្រជុំជន ទីផ្សារ កន្លែងលក់ដូរ និងតាមបណ្ដាភូមិនានា ហើយដោយសារតែជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិវិស័យព្រះពុទ្ធសាសនានោះប្រជាពលរដ្ឋស្មានថាពួកនោះគឺជាព្រះសង្ឃស្រែបុណ្យពិត ។ ក៏បាននាំគ្នាយកបាយទឹក នំចំណី និងខ្លះទៀតទាំងថវិការ ដាក់បាត្រ ហើយលុតជង្គង់ថ្វាយបង្គំសំពះប្រណម្យដោយក្ដីគោរព ដែលពុំបានដឹងថាពួកនេះជាសង្ឃក្លែងក្លាយឡើយ រហូតដល់សមត្ថកិច្ចឃាត់ខ្លួនបានទើបដឹង និងភ្ញាក់ផ្អើលហួសចិត្តគ្រប់ៗគ្នា ។
ក្រោយពេលឃាត់ខ្លួន ជនក្លែងជាសង្ឃទាំង៩នាក់នោះ ត្រូវបាននាំទៅកាន់វត្តត្រពាំងឈូក ដើម្បីដោះស្បង់ចីវរចេញ បន្ទាប់មកបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


















ចែករំលែកព័តមាននេះ