ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេ​ស៊ី​មាន​បំណង​វិនិ​យោគ​រយៈ​ពេល​វែង​លើ​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មាន​ការ​ណែ​នាំ​​ពី​លោក​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋ​មន្ត្រី​ប្រតិ​ភូ​​អម​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ នៅ​ទី​ស្នាក់​ការ​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​នា​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​​២០១០ លោក​សុន គន្ធរ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អគ្គ​នាយក​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រតិភូ​ក្រសួង​កសិ​កម្ម និង​កសិ-ឧស្សាហ​កម្ម​នៃ

រាជធានីភ្នំពេញ ៖ ដោយ​មាន​ការ​ណែ​នាំ​​ពី​លោក​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋ​មន្ត្រី​ប្រតិ​ភូ​​អម​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ នៅ​ទី​ស្នាក់​ការ​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​នា​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​​២០១០ លោក​សុន គន្ធរ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អគ្គ​នាយក​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រតិភូ​ក្រសួង​កសិ​កម្ម និង​កសិ-ឧស្សាហ​កម្ម​នៃ​ប្រទេស​ម៉ាឡេ​ស៊ី ដឹក​នាំ​ដោយ​លោក​ Raja Saifful Ridzuwan អនុ​ប្រធាន​បេសក​កម្ម​នៃ​ស្ថាន​ទូតម៉ាឡេ​ស៊ី ប្រចាំ​កម្ពុជា ។

ចូល​រួម​ក្នុង​ឱកាស​នោះ ខាង​កម្ពុជា​​មាន​លោក​ឧកញ៉ា ស៊ន សុខ​ណា ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ និង​ជា​អនុ​ប្រធាន​សភា​មុខ​របរ និង​មីក្រូ​សហ​គ្រាស​កម្ពុជា លោក​ឧកញ៉ា ហាន់ ឃៀង ​លោក​ឧកញ៉ា ភួ ពុយ ប្រធាន​ក្រុម​ហ៊ុន​បែ​តង​កម្ពុជា និង​មន្ត្រី​ធនា​គារ​អភិ​វឌ្ឍន៍​ជន​​បទ​​ជា​ច្រើន​រូប​ទៀត ។ ចំណែក​ខាងម៉ាឡេ​ស៊ី ​លោក Muez Abdul Aziz អនុ​លេខា​ធិការ​នៃ​ក្រសួង​កសិ​កម្ម និង​កសិ-ឧស្សាហ​កម្ម​ម៉ាឡេ​ស៊ី លោក Mohamed Aminuddin Abdul Rahman អនុ​លេខា​ធិការ​ក្រសួង​កសិ​កម្ម និង​កសិ​-ឧស្សាហ​កម្ម​ម៉ាឡេ​ស៊ី លោក​បណ្ឌិត Habibuddin Hashim អគ្គ​នាយ​ករង​នៃ​វិទ្យា​ស្ថាន​សំរាប់​ការ​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​​ម៉ាឡេ​ស៊ី និង​មន្ត្រី​ជំនាញ​ចំនួន​៤​រូប ។

លោក Raja Saifful Ridzuwan បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​​ការ​ប្រកាស​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អំពី​គោល​នយោ​បាយ​ជំរុញ​ផលិត​កម្ម​ស្រូវ និង​​ការ​នាំ​ចេញ​អង្ករ​ និង​ដោយ​មាន​ការ​ណែ​នាំ​ពី​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេ​ស៊ី ក្រសួង​កសិ​កម្ម និង​កសិ-ឧស្សាហ​កម្ម ម៉ាឡេ​ស៊ី បាន​​បញ្ជូន​ក្រុម​បច្ចេក​ទេស​មក​ប្រទេស​​កម្ពុជា នា​ពេល​នេះ ក្នុង​គោល​បំណង​ដើម្បី​​សិក្សា​លទ្ធ​ភាព​ក្នុង​ការ​នាំ​អង្ករ​ចេញ​ពី​​កម្ពុជា ទៅ​ប្រទេស​ម៉ាឡេ​ស៊ី និង​ការ​វិនិ​យោគ​​រយៈ​​ពេល​វែង​ក្នុង​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា ។

លោក​សុន គន្ធរ បាន​មាន​មតិ​ស្វាគមន៍ និង​សំដែង​នូវ​ទឹក​ចិត្ត​រីក​រាយ​ចំពោះ​​ភាគីម៉ាឡេ​ស៊ី ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំ​អង្ករ​ពី​កម្ពុជា ចេញ​ទៅ​ប្រទេស​ម៉ាឡេ​ស៊ី និង​មាន​បំណង​ចង់​វិនិ​យោគ​លើ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ខណៈ​ពេល​ដែល​ប្រទេស​​កម្ពុជា​ កំពុង​ត្រូវ​ការ​អ្នក​វិនិ​យោគ​ក៏​ដូច​ជា​ទុន​សំរាប់​អភិ​វឌ្ឍន៍​វិស័យ​នេះ ។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផ្តល់​ឥណ​ទាន​របស់​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​សំរាប់​គាំទ្រ​ដល់​វិស័យ​ស្រូវ​អង្ករ​នេះ លោក​សុន គន្ធរ បាន​បញ្ជាក់​ជំរាប​ដល់​ភាគី​ម៉ាឡេ​ស៊ី អំពីខ្សែ​សង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​សំរាប់​ផលិត​កម្ម​ស្រូវ​អង្ករ ដែល​ក្នុង​នោះ​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​បាន​ផ្តល់​ឥណ​ទាន​បី​ប្រភេទ​សំខាន់ៗ​គឺ ១-ឥណ​ទាន​រយៈ​​ពេល​​ខ្លី​សំរាប់​កសិ​ករ​ក្នុង​ការ​បង្ក​បង្កើន​ផល ២-ឥណ​ទាន​រយៈ​ពេល​ខ្លី​សំរាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ធ្វើ​ជា​ទុន​បង្វិល​ប្រមូល​ទិញ​ស្រូវ​ពី​កសិ​ករ ៣-ឥណ​ទាន​រយៈ​ពេល​មធ្យម​ និង​វែង​សំរាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ការ​វិនិ​យោគ​ធ្វើ​ទំនើប​​ភាវូប​នីយ​កម្ម​ម៉ាស៊ីន​កែ​ច្នៃ ដែល​នេះ​គឺ​​ជា​ផ្នែក​មួយ​នៃ​​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ក្រៅ​ប្រទេស​នា​រដូវ​ប្រមូល​ផល ។ កន្លង​មក​គឺ​ប្រើ​ប្រាស់​ហិរញ្ញ​​ប្ប​ទាន​​ពិសេស​របស់​រាជ​រដ្ឋា​ភិបាល​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ នេះ​ដោយ​ផ្អែក​លើ​គោល​ការណ៍​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន មាន​ធនា​គារ​ពាណិជ្ជ​​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ទុន​ផង​ដែរ ហើយ​​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ និង​ក្រសួង​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​ កំពុង​​ពិនិត្យ​លទ្ធ​​ភាព​បង្កើត​មូល​និ់ធិ​ធានា​​ឥណ​ទាន​៥០% សំរាប់​វិស័យ​ធនា​គារ​ពាណិជ្ជ​កម្ម​ឯក​ជន​ដែល​ចូល​រួម​ផ្តល់​ទុន​ឥណ​ទាន​ទ្រទ្រង់​វិស័យ​ស្រូវ​នេះ ។

ចូល​រួម​មាន​​មតិ​ក្នុង​ឱកាស​នោះ​ លោក​ឧកញ៉ា ភួ ពុយ ប្រធាន​ក្រុម​ហ៊ុន​បៃតង​ភី​អិល​ស៊ី បាន​មាន​ប្រសាសន៍​ជំរាប​ជូន​ដល់​ប្រតិភូម៉ាឡេ​ស៊ី អំពី​ផលិត​​កម្ម​ស្រូវ និង​ការ​កែ​ច្នៃ​អង្ករ​នៅ​កម្ពុជា​ថា កាល​ពី​ពេល​មុន​កម្ពុជា​​ពុំ​ទាន់​មានលទ្ធ​ភាព​នាំ​អង្ករ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ពោល​គឺ​មាន​តែ​ការ​នាំ​ចេញ​ស្រូវ​ មូល​ហេតុ​បណ្តាល​មក​ពី ការ​ខ្វះ​ខាត​ទុន​បង្វិល​សំរាប់​ទិញ​ស្រូវ​ស្តុក​ទុក និង​ទុន​វិនិ​យោគ​សំរាប់​បំពាក់​ម៉ាស៊ីន​ទំនើប​​​ធ្វើ​ការ​កែ​ច្នៃ​ស្រូវ ។ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ ​ដោយ​មាន​ការ​ផ្តល់​ហិរញ្ញ​​ប្ប​ទាន​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា តាម​រយៈ​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​ ក្រុម​​ហ៊ុន​មាន​លទ្ធ​ភាព​បំពាក់​ម៉ាស៊ីន​ទំនើប​សំរាប់​ធ្វើ​ការ​កែ​ច្នៃ​អង្ករ​ឱ្យ​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​សំរាប់​នាំ​ចេញ និង​ធានា​បាន​ទាំង​បរិមាណ​ និង​គុណ​ភាព ។ ក្នុង​ឆ្នាំ​២០១០ ​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​កែច្នៃ​អង្ករ និង​ធ្វើ​ការ​​នាំ​ចេញ​ជា​បណ្តើរៗ​ ហើយ​សំរាប់​ឆ្នាំ​២០១១ ខាង​មុខ​នេះ អាច​មាន​លទ្ធ​ភាព​នាំ​ចេញ​ពី​៣​សែន​ទៅ​៥​សែន​តោន ។

លោក​សុន គន្ធរ បាន​ជំរាប​ដល់​ប្រតិភូ​ម៉ាឡេ​ស៊ីថា ភាគី​កម្ពុជា​សូវ​ស្វាគមន៍​ចំពោះ​គោល​​​បំណង​​របស់ម៉ាឡេ​ស៊ី ក្នុង​ការ​វិនិ​យោគ​លើ​វិស័យ​ស្រូវ​អង្ករ និង​សំណូម​ពរ​ឱ្យ​ភាគីម៉ាឡេ​ស៊ី ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ជា​ជំនួយ​បច្ចេក​ទេស​ដល់​រោងម៉ាឡេ​ស៊ីកិន​ស្រូវ​កម្ពុជា ដើម្បី​បង្កើន​លទ្ធ​ភាព​ថែម​ទៀត ក្នុង​ការ​​កែ​ច្នៃ​អង្ករ​សំរាប់​ធ្វើ​ការ​នាំ​ចេញ ។ នៅ​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១០ ប្រតិភូ​ក្រសួង​កសិ​កម្ម និង​កសិ-​ឧស្សាហ​កម្ម​នៃ​ប្រទេស​ម៉ាឡេ​ស៊ី បាន​ចុះ​ទៅ​ស្វែង​យល់​សកម្ម​ភាព​រោង​ម៉ាស៊ីន​កិន​ស្រូវ​​មួយ​ចំនួន និង​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​បាត់​ដំបង​ផង​ដែរ ៕