ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ខេត្តមណ្ឌលគិរី​ដាំនិង​លក់​​ចេញ​​ប្រភេទ​​​ល្ហុង​​ឈ្មោះ«​ហូ​លេ​ន​»

9 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​ទូទៅ​នរណា​ក៏​ស្គាល់​ផ្លែ​ល្ហុង ដែល​ជា​បន្លែ​មួយ​ប្រភេទ​ងាយស្រួល​រក​ ឬ​ដាំ​ដុះ​តាម​ផ្ទះ ប៉ុន្តែ​ល្ហុង​ដែល​មានពួជ​ល្អ​ៗ​បានក្លាយជា​ទំនិញ​មាន​តម្រូវ​ និង​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សា​នា​ពេល​បច្ចុប្បន្ន ។ ជាក់​ស្តែង កសិករ​រស់នៅ​ខេត្តមណ្ឌលគិរីបាន​ដាំ…

ខេត្តមណ្ឌលគិរី ៖ ជា​ទូទៅ​នរណា​ក៏​ស្គាល់​ផ្លែ​ល្ហុង ដែល​ជា​បន្លែ​មួយ​ប្រភេទ​ងាយស្រួល​រក​ ឬ​ដាំ​ដុះ​តាម​ផ្ទះ ប៉ុន្តែ​ល្ហុង​ដែល​មានពួជ​ល្អ​ៗ​បានក្លាយជា​ទំនិញ​មាន​តម្រូវ​ និង​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សា​នា​ពេល​បច្ចុប្បន្ន ។ ជាក់​ស្តែង កសិករ​រស់នៅ​ខេត្តមណ្ឌលគិរីបាន​ដាំ ​និង​លក់​ចេញ​នូវ​ប្រភេទ​ល្ហុង​ឈ្មោះ «​ហូ​លេ​ន​» កំពុង​មាន​តម្រូវការ​បញ្ជា​ទិញ​ច្រើន ខណៈ​ដែល​ដំណាំ​ប្រភេទ​នេះ មាន​កសិករ​តិចតួច​នៅឡើយ បាន​ដាំ​ដុះ​និង​ប្រមូល​ផល​លក់​ចេញ​ទៅ​ទីផ្សារ​ខាងក្រៅ ។

កសិករ​គំរូ​ម្នាក់​ឈ្មោះ ម៉ុ​យ រ៉ា​ដូ មាន​ចំការ​មួយ​កន្លែង​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ថា ប​ច្ចុ​ប្ប​ន្ននេះ លោក​បាន​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​លោក​បាន​ផ្ដោត​ទៅ​លើ​ពូជ​ល្ហុង​ហូ​ឡេ​ន​ជា​ចម្បង ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ។ លោក​បាន​ដាំ​ដុះ​ល្ហុង​ហូ​ឡេ​ន​នេះ ៣​ឆ្នាំ​មក​ហើយ លើ​ផ្ទៃដី​ប្រមាណ​៤​ហិ​កតា ស្មើ​និង​៤៤០០​ដើម ។

លោក​បន្ត​ថា ដំណាំ​ល្ហុង​ហូ​ឡេ​ន​ជា​ប្រភេទ​ដំណាំ​ដែល​ពុំ​មាន​កសិករ​ណា​ម្នាក់​ដាំ​ដុះ​នោះ​ទេ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​លោក​បាន​សាកល្បង​យក​ពូជ​ដំណាំ​ល្ហុង​ហូ​ឡេ​ន មក​បង្កបង្កើន​ផល​រហូត​ទទួល​បាន​ជោគជ័យ ។ លោក ម៉ុ​យ រ៉ា​ដូ លើក​ឡើង​ទៀត​ថា លោក​ចូល​ចិត្ត​តាមដាន​ព័ត៌មាន​អំពី​កសិកម្ម​ណាស់ ហើយ​បាន​សម្គាល់​ឃើញ​ល្ហុង​ហូ​ឡេ​ន​មាន​ទីផ្សារ​ខ្ពស់ តែ​បែរជា​គ្មាន​អ្នក​ដាំ​ដុះ ដូចនេះ​លោក​ក៏​ជ្រើស​យក​ដំណាំ​មួយ​នេះ​មក​ដាំ ហើយ​នៅ​ពេល​បង្កបង្កើន​ផល​ដំបូង​ក៏​មាន​ក្រុមហ៊ុន​នានា​មក​សុំ​ចុះ​កុងត្រា​បញ្ជា​ទិញ​ផង​ដែរ តែ​លោក​មិន​បាន​ផ្គត់ផ្គង់​ជូន​ទេ ព្រោះ​លោក​មាន​ហាង​លក់​ដោយ​ខ្លួនឯង​នៅ​ភ្នំពេញ ដោយ​មាន​ច្រើន​សាខា​ផង​ដែរ ។

លោក រ៉ា​ដូ ចែករំលែក​បន្ត​ថា ការ​ដាំ​ដំណាំ​ល្ហុង​ហូ​ឡេ​ន​ក៏​ជួប​ផល​លំបាក​ច្រើន​ដែរ ដូច​ជា​បញ្ហា​អា​កាសធាតុ និង​ជំងឺ​របស់​វា ក៏​ប៉ុន្តែ​ដោយ​លោក​បាន​ស្រាវជ្រាវ​ឯកសារ​នានា​ពី​កសិកម្ម និង​មាន​គូរ​បច្ចេកទេស​ផ្នែក​កសិកម្ម​ពិ​ភាគ​ក្សា​ផង​នោះ ទើប​លោក​អាច​រក​វិធី​ទប់ទល់​ហានិភ័យ​ផ្សេង​ៗ​បាន និង​ឈាន​ដល់​ភាព​ជោគជ័យ​មួយ ក្នុង​ដាំ​ដុះ​ និង​នាំ​ចេញ​ទិន្នផល​ល្ហុង​ហូ​ឡេ​ន​ទៅ​ទីផ្សារ​ខាង
ក្រៅ ។

កសិករ​ដដែល​បាន​បន្ថែម​ថា ល្ហុង​ហូ​ឡេ​ន​ដែល​លោក​ដាំ បាន​ប្រើ​ជី​មួយ​ចំនួន​ដើម្បី​បំប៉ន​ផង​ដែរ ប៉ុន្តែ​លោក​សូម​ធានា​ថា មាន​សុវត្ថិភាព​ចំពោះ​ការ​បរិភោគ​១០០% ។ ហើយ​ល្ហុង​ប្រភេទ​នេះ គិត​ចាប់ពី​ថ្ងៃ​ដាំ​ដុះ​រហូត​ទទួល​បាន​ផល មាន​រយៈ​៨​ខែ ប្រ​សិន​ថែទាំ​ដិត​ដល់ និង​ប្រើ​ពេល​១០​ខែ​ក្នុង​ករណី​ថែទាំ​មិនសូវ​ដិត​ដល់ ។

ល្ហុង​ហូ​ឡេ​ន​លើ​ផ្ទៃដី​៤​ហិ​កតា ស្មើ​និង​៤៤០០​ដើម អាច​ប្រមូល​បាន​ប្រមាណ​១៥​ថ្ងៃ ក្នុង​១​ខែ ហើយ​ក្នុង​ការ​ប្រមូល​ម្ដង អាច​បាន​ផល​១​តោន ទៅ​១​តោន ២០០​គីឡូក្រាម ដោយ​ចំនួន​នេះ​នៅ​តួច​តួច​នៅឡើយ​ព្រោះ​ល្ហុង​ទើប​ទុំ​បាន​ខ្លះ​ៗ ប្រ​សិន​រង​ចាំ​ដល់​ល្ហុង​ទុំ​ស្រុះគ្នា អាច​ប្រមូល​ម្ដង​បាន​២​ទៅ​៣​តោន​ឯណោះ ។

លោក ម៉ុ​យ រ៉ា​ដូ បញ្ជាក់​ថា ល្ហុង​ហូ​ឡេ​ន របស់​លោក​លក់​បោះ​ដុំ ១​គីឡូក្រាម ២៥០០៛ ចំណែក​អ្នក​យក​លក់​បន្ត លក់រាយ ១​គីឡូក្រាម ៦០០០៛ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ