ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​ស៊ីឈ្នួល​ដក​មើមដំឡូង​មី ដើម្បី​បាន​ថវិកា​​ផ្គត់ផ្គង់​ជីវភាព

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នេះ ដើម្បី​ទទួល​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​នាំ​គ្នា​ស៊ីឈ្នួល​ដក​មើមដំឡូង​មី​ឱ្យ​ម្ចាស់​ចំការ ដែល​កំពុង​តែ​ប្រមូល​ផល​ដំឡូង​របស់​ខ្លួន…

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នេះ ដើម្បី​ទទួល​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​នាំ​គ្នា​ស៊ីឈ្នួល​ដក​មើមដំឡូង​មី​ឱ្យ​ម្ចាស់​ចំការ ដែល​កំពុង​តែ​ប្រមូល​ផល​ដំឡូង​របស់​ខ្លួន ដើម្បី​បាន​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ឈ្មោះ ហាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និងឈ្មោះ នឿ​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ រហូត​មក​ដល់​ចុងខែ​ធ្នូ​ នេះ ម្ចាស់​ចំការ​នីមួយ​ៗចាប់ផ្តើម​ប្រមូល​ផល​មើមដំឡូង​មីលក់​នៅ​តាម​ស្តង់​នីមួយ​ៗ ក្នុង​ក្រុងប៉ៃលិន ដើម្បី​យក​ថវិកា​សង​ជំពាក់​គេ និង​ភ្ជួរ​ដី ត្រៀម​ដាំ​ដំណាំ​សារ​ថ្មី​ឡើង​វិញ ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​ម្ចាស់​ចម្ការ​ខ្វះ​កម្លាំង​ក្នុង​ការ​ប្រមូល​ផល​មើមដំឡូង​មី ក៏​រក​ជួល​ពួក​គាត់​នៅ​រស់នៅ​តាម​ភូមិ ស្រប​ពេលដែល​គ្មាន​ការងារ​ធ្វើ ដើម្បី​ប្រមូល​ផល​ដំឡូង​មី​
ពួក​​គាត់​បញ្ជាក់​ទៀត​ថា ការ​ប្រមូល​ផល​មើមដំឡូង​មីនេះ ថៅកែ​គិត​ឱ្យ​ថ្លៃ​ឈ្នួល ចាប់តាំងពី​ដក​មើមដំឡូង​មី រហូត​ដល់​ជញ្ជូន​ដាក់​ក្នុង​រថយន្ត គឺ​១​តោន ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន​៣​ម៉ឺន​រៀល ដោយ​ពួក​គាត់​សហការ​គ្នា​ជាមួយ​អ្នក​ផ្សេង លុះដល់​ពេល​ល្ងាច ក្រោយ​ពេល​គិតគូរ​សរុប​ទម្ងន់​រួច ទើប​ទទួល​ថវិកា​ពី​ម្ចាស់​ចម្ការ ដើម្បី​ចែក​គ្នា​។ ការ​ធ្វើ​បែប​នេះ ក្នុង​១​ថ្ងៃ ម្នាក់​ៗ អាច​ទទួល​បាន​ប្រាក់​កម្រៃ​ចាប់ពី​៣​ទៅ​៤​ម៉ឺន​រៀល​។

ចំណែក​ម្ចាស់​ចំការ ឈ្មោះ នី ឈឿ​ន ភេទ​ប្រុស រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ៖ គាត់​ដាំ​មើមដំឡូង​មី​ជិត​១០​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន ក្បែរ​មាត់​អូរ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ដាំ​តាម​លក្ខណ​:​បច្ចេកទេស គឺ​ដាក់​ទុយោ​តាម​រងដំឡូង​មី​នីមួយ​ៗ រួច​បូមទឹក​ស្រោច ទោះបីជា​អាកាសធាតុ​រាំងភ្លៀង​ក្តៅ​ហួតហែង​យ៉ាងណា ក៏​ដំណាំ​របស់​គាត់​មិន​ងាប់​ដែរ​។ គាត់​បន្ត​ទៀត​ថា ការ​ប្រមូល​ផល​ដំឡូង​មីនា​ពេល​នេះ ឈ្មួញ​នៅ​តាម​ស្តង់​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​៣០០​រៀល ដែល​ជា​តម្លៃ​អាច​ទទួលយក​បាន​។

គាត់​បន្ត​ទៀត​ថា ក្រោយ​ពេល​ប្រមូល​ផល​រួច គាត់​ក៏​ចាប់ផ្តើម​ឱ្យ​ត្រាក់ទ័រ​ចូល​ទៅ​ភ្ជួរដីចម្ការ​ហាល ដើម្បី​យក​ដើម​ដំឡូង​មី​ដែល​ប្រមូល​ផល​រួច ទៅ​ដាំ​បន្ត​ទៀត តាម​របៀប​បូមទឹក​ស្រោច​។ ការ​ធ្វើ បែប​នេះ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ផល​ល្អ មិន​មានការ​ងាប់​ដើម​ដូច​ការ​ដាំ រង់ចាំ​ទឹកភ្លៀង​នោះ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ