វៀតណាម-កូរ៉េខាងត្បូង ប្តេជ្ញាធ្វើពាណិជ្ជកម្មឱ្យបាន ១៥០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីវៀតណាម លោក លឿង គឿង (Luong Cuong) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក…
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីវៀតណាម លោក លឿង គឿង (Luong Cuong) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក…
ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីវៀតណាម លោក លឿង គឿង (Luong Cuong) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង (Lee Jae Myung) បានព្រមព្រៀងគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងធនធានមនុស្ស ដោយចាត់ទុកថានេះគឺជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) កាលរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីវៀតណាម បានជួបពិភាក្សាជាមួប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងឱកាសលោកបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៥។
នៅទីនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ និងការផ្លាស់ប្តូរគ្រប់កម្រិតតាមរយៈបណ្តាញចម្រុះ សម្របសម្រួលការអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអនុវត្តជាក់ស្តែង នៃឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងសម្រេចបានអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) ទៅកាន់កូរ៉េខាងត្បូង កាលពីខែសីហា ឆ្នាំ២០២៥។
ប្រធានាធិបតីវៀតណាមបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នា ដើម្បីអនុវត្តវិធានការជាក់ស្តែង ដើម្បីសម្រេចគោលដៅនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១៥០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០ ប្រកបដោយតុល្យភាព និងចីរភាព ដោយបានបញ្ជាក់ថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងឱ្យមានអារម្មណ៍សុវត្ថិភាពក្នុងការវិនិយោគរយៈពេលវែងនៅវៀតណាម។
ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កូរ៉េនៅតែចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយបានបញ្ជាក់ថា ខ្លួននឹងបង្កើនកូតា ព្រមទាំងពង្រីកឧស្សាហកម្មដែលទទួលពលករវៀតណាម ក៏ដូចជាយល់ព្រមសហការក្នុងការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មគាំទ្រនៅវៀតណាម។ កូរ៉េខាងត្បូងក៏ចង់បន្តគាំទ្របណ្តាសហគ្រាសរបស់ខ្លួនឱ្យពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការសាងសង់ទីក្រុងថ្មីជាដើម។
ជាមួយគ្នានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងការសម្រេចបាននូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្សទៅជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរក៏បានយល់ព្រមពង្រឹងសកម្មភាពសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីបង្កើតទំនាក់ទំនង និងការយោគយល់គ្នាកាន់តែស៊ីជម្រៅ៕ ប្រភព ៖ Znews

ចែករំលែកព័តមាននេះ