ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ៖ កម្ពុជា​-​ថៃ​បន្ត​ដំណើរការ​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​ នៅ​បង្គោល​លេខ​៤២-៤៧

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី​ការ​វាស់វែង និង​បោះបង្គោល​បណ្ដោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី​ការ​វាស់វែង និង​បោះបង្គោល​បណ្ដោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ លេខ​៤២ ដល់ ៤៧ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ជម្រាប​ជូន​ជនរួមជាតិ និង​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ពាក់ព័ន្ធ​នឹង​ការងារ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ បង្គោល​ព្រំដែន​លេខ​៤២-៤៧ ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ឯកភាព​គ្នា ប​ញ្ជួ​ន​ក្រុម​វាស់វែង​ចម្រុះ ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​លើ​បញ្ហា​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្ថិត​ក្នុង ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ ក្នុង​ន័យ​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​ជម្រាប និង​បញ្ជាក់​ជូន​ជនរួមជាតិ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ៖

១-​ពាក់ព័ន្ធ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ បាន​ចាប់ផ្តើម​ចុះ​អនុវត្ត​ការងារ​នៅ​លើ​ដី​ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ដើម្បី​វាស់វែង​និង ស្វែង​រុករក​ទីតាំង​ពិតប្រាកដ នៃ​បង្គោល​ព្រំដែន​(​បេតុង​)​ចំនួន ៧៤​បង្គោល ដែល​បាន​បោះ​ដោយ គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម នៅ​ចន្លោះ​ឆ្នាំ​១៩១៩-១៩២០​។ ការងារ វាស់វែង និង​ស្វែង​រុករក​ទីតាំង​ពិតប្រាកដ នៃ​បង្គោល​ព្រំដែន​ទាំងនេះ ដែល​ក្នុង​នោះ​រួម​ទាំង​បង្គោល ព្រំដែន​លេខ​៤២ ដល់​៤៧ ផង​ដែរ គឺ​ធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ឯកសារ​គតិ​យុ​ត្ត​ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង ជា​ពិសេស​កំណត់ហេតុ (Procès Verbaux) បោះបង្គោល​របស់​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨-១៩០៩ និង​គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩១៩-១៩២០ ។

២-​កិច្ចការ ដែល​ក្រុម​វាស់វែង​ចម្រុះ​បាន​អនុវត្ត​នា​ពេល​កន្លង​មក ជា​ពិសេស​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២-៤៧ ភាគី​ទាំង​ពីរ​បាន​ត្រឹមតែ​ចុះ​អនុវត្ត​ការងារ​ស្វែង​រុករក​ទីតាំង​ពិតប្រាកដ នៃ​បង្គោល​ព្រំដែន​តែ​ប៉ុណ្ណោះ និង​មិន​ទាន់​បាន​អនុវត្ត​ការងារ​ខណ្ឌសីមា លើ​ដី​ជាក់ស្តែង​នៅឡើយ ។

៣-​ភាគី​ទាំង​ពីរ បាន​ឯកភាព​បញ្ជូន​ក្រុមការងារ​ចុះ​រៀបចំ​ផែនការ និង​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង​ចាប់ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​ចន្លោះ​បង្គោល​ព្រំដែន លេខ​៤២-៤៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ គឺជា​ការ​បន្ត​អនុវត្ត​ការងារ​ជា​ជំហាន​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្ដែង សម​តាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ឆ្នាំ​២០០០ ស្រប​តាម​បែបបទ​ការងារ (TOR) ឆ្នាំ​២០០៣ និង​ស្រប​តាម​ស្មារតី នៃ​កំណត់ហេតុ​កិច្ចប្រជុំ JBC នា​ពេល​កន្លង​មក ព្រមទាំង​អនុវត្ត​តាម​បែបបទ​ណែនាំ​បច្ចេកទេស (Technical Instruction) ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន ទាំងអស់​មេត្តា​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា ដែល​ជា​និច្ចកាល​តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ​ប្រកាន់ខ្ជាប់ នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ព្រំដែន​មិន​កែប្រែ និង​ខ្សែ​ព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​លើកទឹកចិត្ត​ឱ្យ​មានការ​ចែករំលែក និង​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលំទូលាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ