ទីក្រុងហាណូយ៖ មនុស្សស្លាប់ដោយសារទឹកជំនន់ និងបាក់ដីនៅវៀតណាមកណ្ដាលកើនឡើងដល់៤៣នាក់ហើយ។ ក្រៅពីនេះមនុស្ស៩នាក់ទៀតនៅបន្តបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្ដាហ៍មុនបានបង្កការរំខានសម្រាប់ក្រុមបេសកកម្មស្វែងរក និងជួយសង្គ្រោះ។ រហូតមកដល់ពេលនេះ ផ្ទះរបស់អ្នកស្រុកជិត៧ម៉ឺនខ្នងនៅតែបន្តលិចទឹក, មនុស្សរាប់ពាន់នាក់ត្រូវតែបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់។ ផ្ទះខ្លះទឹកលិចល្មមៗ ម្ចាស់ចេះតែទ្រាំរស់នៅជាបន្តទៀត។ ប៉ុន្តែផ្ទះខ្លះត្រូវទឹកលិចខ្លាំងបំផុតដល់ថ្នាក់ម្ចាស់ឡើងទៅលើដំបូលផ្ទះ។

សត្វរាប់ម៉ឺនក្បាលក៏បានស្លាប់ដោយសារទឹកជំនន់ផងដែរ។ សារព័ត៌មានក្នុងស្រុកផ្សាយថាស្ថានភាពទឹកជំនន់លើកនេះមានលក្ខណៈធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ។ ទីតាំងដែលរងការលិចលង់ខ្លាំងបំផុតគឺទីក្រុងគុយញ៉ុន (Quy Nhon) ដែលជាទីក្រុងមានឆ្នេរសមុទ្រដ៏ពេញនិយមនៅខេត្តញ៉ាត្រាង (Nha Trang) រួមទាំងទីតាំងមួយចំនួនទៀតនៅវៀតណាមភាគកណ្ដាល។

ដងវិថីជាច្រើនត្រូវបានបិទខ្ទប់ដោយសារតែផ្ទាំងថ្ម និងដីបាក់សង្កត់ពីលើ ជាហេតុធ្វើឱ្យស្ទះចរាចរណ៍។ ផ្នែកឧតុនិយមព្យាករថាភ្លៀងនឹងបន្តធ្លាក់រហូតដល់ចុងសប្ដាហ៍នេះ។ កាលពីយប់ថ្ងៃអាទិត្យ មានករណីរថយន្តបឺស១គ្រឿងត្រូវដីបាក់សង្កត់ពីលើបណ្ដាលឱ្យកប់រថយន្តជិតឈឹង។ នៅក្នុងចំណោមអ្នកជិះនៅក្នុងរថយន្តនោះ ៦នាក់ស្លាប់ ខណៈដែល១៨នាក់រងរបួស។

វៀតណាមនៅរដូវវស្សាឆ្នាំនេះហាក់ដូចជារងគ្រោះមិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ។ កាលពីដើមខែវិច្ឆិកា មនុស្សរាប់សិបនាក់បានស្លាប់នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាគ្រោះទឹកជំនន់នៅវៀតណាមកណ្ដាល។ ទីក្រុងវ៉េ (Hue) និងខេត្តហយអាន (Hoi An) រងគ្រោះខ្លាំងជាងគេ។ តំបន់ទាំងនេះក៏ជាទីតាំងបេតិកភ័ណ្ឌពិភពលោកផងដែរ។ ទឹកស្រកបានតែបន្តិចប៉ុណ្ណោះ ស្រាប់តែប៉ុន្មានថ្ងៃមុននេះនៅពេលមានភ្លៀងធ្លាក់ខ្លាំង ហយអានក៏រងការលិចលង់ជាបន្តទៀត។

សារព័ត៌មានរបស់រដ្ឋផ្សាយថាក្រុមហ៊ុនអាយស្ម័យយានរបស់រដ្ឋត្រូវផ្អាកសេវាដឹកជញ្ជូនដែលតភ្ជាប់ទៅភាគខាងជើង និងភាគខាងត្បូង។ ប្រជាជនទាក់ទងតាមទូរស័ព្ទទៅអាជ្ញាធរដើម្បីស្នើសុំជំនួយជាបន្ទាន់ព្រោះភ្លៀងបន្តធ្លាក់ធ្វើឱ្យទឹកជំនន់ហក់ឡើងយ៉ាងឆាប់រហ័ស។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកហូកួកដុង (Ho Quoc Dung) ប្រាប់ឱ្យអភិបាលខេត្តចំនួនបីគឺខាញ់ហាវ (Khanh Hoa), ដាក់ឡាក់ (Dak Lak) និងយ៉ាឡាយ (Gia Lai) ត្រូវប្រញាប់ចល័តកងទ័ព នគរបាល និងកងកម្លាំងសន្តិសុខដទៃទៀតដើម្បីជម្លៀសមនុស្សទៅកាន់ទីកន្លែងសុវត្ថិភាព។ នេះបើតាមប្រភពពីឌីដាប់បលយូ (DW) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ