ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​រោងចក្រ​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៧​ខែ​ជាប់​គ្នា

8 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​យោង​តាម​ការ​ស្ទង់​មតិ​ផ្លូវការ​មួយ​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ និង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា សកម្មភាព​រោងចក្រ​នៅ​ចិន​បាន​ធ្លាក់​ចុះ​អស់​រយៈពេល ៧…

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​យោង​តាម​ការ​ស្ទង់​មតិ​ផ្លូវការ​មួយ​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ និង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា សកម្មភាព​រោងចក្រ​នៅ​ចិន​បាន​ធ្លាក់​ចុះ​អស់​រយៈពេល ៧ ខែ​ជាប់​គ្នា នៅ​ក្នុង​ខែតុលា ដោយ​រក្សា​ការ​អំពាវនាវ​ឱ្យ​មានការ​ជំរុញ​បន្ថែម​ទៀត ដើម្បី​បង្កើន​តម្រូវការ​ក្នុងស្រុក​។

ការ​ស្ទង់​មតិ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន បាន​បង្ហាញ​ថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការ​បញ្ជា​ទិញ​ផ្លូវការ (PMI) បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៩​ពិន្ទុ​ក្នុង​ខែតុលា ពី ៤៩,៨​ពិន្ទុ​ក្នុង​ខែកញ្ញា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ៦​ខែ​។ រីឯ​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការ​បញ្ជា​ទិញ​មិនមែន​ផលិតកម្ម (PMI) ដែល​រួម​មាន សេវាកម្ម និង​សំណង់ បាន​កើន ៥០,១​ពិន្ទុ​ក្នុង​ខែតុលា ពី ៥០​ពិន្ទុ​ក្នុង​ខែកញ្ញា​។

លោក Zhang Zhiwei ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ Pinpoint Asset Management ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ បាន​ថ្លែង​ថា «​សន្ទុះ​សេដ្ឋកិច្ច​ចិន​បាន​ចុះ​ខ្សោយ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​នេះ​។ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​តែ​បន្ត​ដាក់​សម្ពាធ​លើ​តម្រូវការ​ក្នុងស្រុក​»​។

ការ​ធ្លាក់​ចុះ​ដ៏​យូរអង្វែង​នេះ​កើតឡើង ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​ផលិត​កំពុង​តស៊ូ​ដើម្បី​ងើបឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចាប់តាំងពី​កា​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​សង្គ្រាម​ពាណិជ្ជកម្ម​មាន​តម្លៃ​ថ្លៃ​មហាសាល​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​បង្ខំ​ឱ្យ​បណ្តា​ម្ចាស់​រោងចក្រ​ចិន​បោះបង់​ទីផ្សារ​អ្នក​ប្រើប្រាស់​កំពូល​របស់​ពិភពលោក​។ បណ្តា​ក្រុមហ៊ុន​ផលិត​ក៏​កំពុង​ជួប​ការ​លំបាក​នៅ​ក្នុង​ទីផ្សារ​ថ្មី​ផង​ដែរ ដោយ​អ្នក​នាំ​ចេញ​កំពុង​លក់​ខាតបង់​កាន់តែ​ខ្លាំង​ឡើង​នៅ​អឺរ៉ុប អា​មេ​រិ​កឡា​ទី​ន មជ្ឈិមបូព៌ា និង​អាហ្វ្រិក​។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤,៨% នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ​នេះ ដែល​ជា​ល្បឿន​យឺត​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​១​ឆ្នាំ​។ ទោះ​យ៉ាង​ក៏​ដោយ សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​ពិភពលោក​មួយ​នេះ នៅ​តែ​ស្ថិត​លើ​ផ្លូវត្រូវ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ប្រហែល ៥%​។

គណ​បក្សកុម្មុយនិស្ត​ដែល​កំពុង​តែ​កាន់​អំណាច​បាន​សន្យា​បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល ៤ ថ្ងៃ កាលពី​ស​ប្តា​ហ៍​មុន​ថា នឹង​ជំរុញ​ការ​ប្រើប្រាស់​ក្នុងស្រុក ដោយ​គូសបញ្ជាក់​ពី​គោលបំណង​សេដ្ឋកិច្ច និង​គោលនយោបាយ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាង​មុខ រួម​ទាំង​សង្កត់ធ្ងន់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​ប្រព័ន្ធ​ឧស្សាហកម្ម​ដ៏​ធំ​ទូលាយ​របស់​ខ្លួន​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ