ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ គណៈកម្មការរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីបង្កលក្ខណៈឲ្យម្ចាស់ដីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ដោយមានការចូលរួមពីលោកដែង កក្កដា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតំណាងលោក គឹម ពិសិដ្ឋប្រធានមន្ទីរលោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក ធឹងម៉េង ប្រធានភូមិបាលស្រុក ព្រមទាំងមានការចូលរួមពីលោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនកុះករ ។
ឯកសារនៃការវិនិច្ឆ័យ ដែក្បាលដីសរុបដែលត្រូវបិទផ្សាយ ១.៤៥២ ក្បាលដី នៅក្នុងភូមិចំនួន៣ ។ ដែលត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនាពេលនេះ រួមមាន៖ភូមិកណ្ដាល ៤១៦ ក្បាលដី ភូមិក្រោម ៤៧០ ក្បាលដី ភូមិក្រឡាពាស ៥៦៦ ក្បាលដី។

ការបិទផ្សាយជាសាធារណៈនេះ គឺជាដំណាក់កាលចុងក្រោយ នៃនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានគោលបំណងសំខាន់បំផុតគឺ៖ផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យ (ឈ្មោះ ទំហំដី ព្រំប្រទល់) របស់ខ្លួន ឲ្យបានត្រឹមត្រូវបំផុត។អនុញ្ញាតឲ្យម្ចាស់ក្បាលដី ប្តឹងតវ៉ា ឬជំទាស់ ទៅនឹងទិន្នន័យ ឬការកំណត់ព្រំប្រទល់ណាមួយ ដែលរកឃើញថាមានភាពមិនប្រក្រតី ឬខុសឆ្គង ក្នុងរយៈពេលនៃការបិទផ្សាយ។
អាជ្ញាធរ និងមន្ត្រីជំនាញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានក្បាលដីក្នុងភូមិទាំងបីខាងលើ សូមអញ្ជើញមកពិនិត្យ និងសហការជាមួយក្រុមការងារដែលនៅប្រចាំការឲ្យបានគ្រប់ៗគ្នា ដើម្បីធានានូវ ភាពសុក្រឹត្យ ត្រឹមត្រូវ និតម្លាភាព នៃឯកសារទាំងអស់ មុនពេលបោះពុម្ពជាប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនពួកគាត់។







 
                        
			         
				
ចែករំលែកព័តមាននេះ