ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ ណែនាំ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ប្រទេស​អូស្ត្រាលី ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែតុលា…

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៥​ មកនេះ បាន​ទទួល​ជួប​ក្រុម​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ប្រទេស​អូស្ត្រាលី (Australia Awards) ឆ្នាំ​សិក្សា​ ២០២៦-២០២៧ នៅ​ទីស្ដីការក្រសួង ដោយ​ជំនួប​នេះ​មាន​គោលបំណង​ស្នើ​សុំ​សម្ដែង​ការ​គួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ក្នុង​នាម​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, លោក​ជំទាវ រដ្ឋលេខាធិការ​ប្រចាំការ បាន​ស្វាគមន៍ និង​អបអរសាទរ​ដល់​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​សម្រាប់​ឆ្នាំ​សិក្សា ​២០២៦-២០២៧​នេះ​ ។ បន្ទាប់​មក​លោក​ជំទាវ បាន​ជម្រាប​ជូន​អំពី​តួនាទី និង​បេសកកម្ម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ផ្តោត​ទៅ​លើ​វិស័យ​៣​សំខាន់​ៗ រួម​មាន ​៖ វិស័យ​ការងារ​, វិស័យ​សន្តិសុខ​សង្គម និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​។

នៅ​ក្នុង​ឱកាស​នេះ លោក​ជំទាវ រដ្ឋលេខាធិការ​ប្រចាំការ បាន​ផ្ដាំផ្ញើ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់ សូម​បន្ត​រក្សា​ភាព​ជា​ខ្មែរ ដោយ​ត្រូវ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ សាមគ្គីភាព និង​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា ហើយ​ត្រូវធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា ដោយ​ត្រូវ​ហ៊ាន​ការពារ​កេរ្តិ៍ឈ្មោះ កិត្តិយស និង​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​។ ក្នុង​នោះ​ដែរ លោក​ជំទាវ ក៏​បាន​ជំរុញ​ឱ្យ​និស្សិត​ទាំងអស់ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​គោលបំណង និង​អនាគត​របស់​ខ្លួន ក៏​ដូច​ជា​យក​ចំណេះដឹង​មក​ជួយ​អភិវឌ្ឍន៍​ជាតិ ​។

តំណាង​និស្សិត​អាហារូបករណ៍ លោក ខេ​ង មក​រា បាន​ថ្លែងអំណរគុណ​ដល់​លោក​ជំទាវ រដ្ឋលេខាធិការ​ប្រចាំការ ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លា​ភី បាន​ជួប​សម្ដែង​ការ​គួរសម​នា​ពេល​នេះ ដោយ​ទទួល​បាន​នូវ​អនុសាសន៍ និង​បទ​ពិសោធ​ល្អ​ៗ សម្រាប់​ការ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នា​ពេល​ខាង​មុខ​ ។

គួរ​ឱ្យ​ដឹង​ថា អាហារូបករណ៍​ប្រទេស​អូស្ត្រាលី​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​មាន​បំណង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា និង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ។ និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ប្រទេស​អូស្ត្រាលី (Australia Awards) ឆ្នាំ​សិក្សា​ ២០២៦-២០២៧ មាន​ចំនួន ​៥៥​នាក់ ដោយ​ក្នុង​នោះ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ​៥៣​នាក់ និង​ថ្នាក់បណ្ឌិត​ចំនួន ​២​នាក់​ ៕ អត្ថបទសហការ